Grand News Asia Close

វិភាគអន្តរជាតិ៖ តើការវិលចូលស្រុកវិញរបស់លោក ថាក់ស៊ីន នឹងបង្កើនភាពតានតឹង ឬបំបែកភាពជាប់គាំងនៃនយោបាយថៃ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 170
វិភាគអន្តរជាតិ៖ តើការវិលចូលស្រុកវិញរបស់លោក ថាក់ស៊ីន នឹងបង្កើនភាពតានតឹង ឬបំបែកភាពជាប់គាំងនៃនយោបាយថៃ? វិភាគអន្តរជាតិ៖ តើការវិលចូលស្រុកវិញរបស់លោក ថាក់ស៊ីន នឹងបង្កើនភាពតានតឹង ឬបំបែកភាពជាប់គាំងនៃនយោបាយថៃ?

 

FN-(បាងកក)៖ ត្រឡប់ទៅកាលពីឆ្នាំ២០០៨ លើកចុងក្រោយដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ យកជើងជាន់ទឹកដីថៃ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះទទួលបានការគោរព ស្រឡាញ់យ៉ាងខ្លាំងពីប្រជាជនថៃមានជីវភាពក្រីក្រ និងមធ្យម។ ប៉ុន្តែ ទទួលរងការស្អប់ពីក្រុមអ្នកអភិរក្សនិយមមានភក្ដីភាពចំពោះរាជវង្សថៃ និងដែលគាំទ្រការធ្វើ រដ្ឋប្រហារទម្លាក់រូបលោកពីអំណាចកាលពីឆ្នាំ២០០៦។

នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ លោក ថាក់ស៊ីន បានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។ លោក ថាក់ស៊ីន បានទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែលបាន ចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះសម្រាប់ យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។

ការធ្វើមាតុភូមិនិវត្តរបស់លោក ថាក់ស៊ីន ធ្វើឡើងចំថ្ងៃតែមួយដែលសភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅរសៀលថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីគណបក្ស ភឿថៃ មានសម្ព័ន្ធភាពជាមួយរូបលោកបានរួមដៃគ្នា ជាមួយគណបក្សរបស់ក្រុមអ្នកអភិរក្សនិយម ដែលធ្លាប់ចូលរួមក្នុងរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា អតីតមេយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់ប្អូនស្រីបង្កើតលោក ថាក់ស៊ីន គឺលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ពីតំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤។

ក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃមាន ១១គណបក្ស មានលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រី ក្រោយចែកផ្លូវពីក្រុមចម្រុះ ដឹកនាំដោយគណបក្ស Move Forward។ ក្រុមអ្នកភិរក្សនិយមមានភក្ដីភាពជាមួយរាជវង្សថៃ ចង់ខ្ទប់កុំឱ្យគណបក្ស Move Forward ដែលចង់ធ្វើកំណែទម្រង់កាត់បន្ថយ តួនាទីយោធាក្នុងនយោបាយ និងធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា។ ចំណែក លោក ថាក់ស៊ីន ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយ​អតីតសត្រូវនយោបាយរបស់លោក ដើម្បីត្រឡប់ចូលស្រុកថៃវិញ។ ប៉ុន្តែតើការធ្វើមាតុភូមិវត្តរបស់លោក ថាក់ស៊ីន គឺជាដំណឹងល្អសម្រាប់ភឿថៃ ឬថាតើនឹងបង្កើនភាពតានតឹង ឬក៏នាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយសព្វថ្ងៃ?

* នយោបាយដ្រាម៉ា

ការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងក្លាយជានិមិត្តរូបមួយនៃការវិលត្រឡប់ទៅរក «នយោបាយដ្រាម៉ា» របស់ថៃដែលតែងតែបង្កឱ្យមានការព្រួយបារម្ភពីការធ្វើ រដ្ឋប្រហារយោធា និងបាតុកម្មតវ៉ានៅតាមដងផ្លូវ។ ប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយថៃ ក្រុមអ្នកវិនិយោគិនបរទេសបានដកទុនវិនិយោគ ប្រហែលជា ៣.៨ពាន់លានដុល្លារពីផ្សារភាគហ៊ុនថៃក្នុងឆ្នាំ២០២៣នេះ ដែលធ្វើឱ្យមានការធ្លាក់ចុះ៩ភាគរយនៃសូចនាករផ្សារភាគហ៊ុនថៃ។

ខណៈទាំងស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ ស្ថានភាពរបស់លោក ថាក់ស៊ីន វិញក៏មិនទាន់ច្បាស់នោះដែរ។ លោក ថាក់ស៊ីន ត្រូវបានប៉ូលិសឃាត់ខ្លួន និងនាំខ្លួនឡើងតុលាការកំពូលដែលបានផ្ដន្ទាទោសរូបលោកដាក់ពន្ធនាគារ ៨ឆ្នាំ ពីបទប្រព្រឹត្ត អំពើពុករលួយ និងរំលោភអំណាច។ កាលពីខែឧសភា លោក ថាក់ស៊ីនផ្ទាល់បាននិយាយថាលោកនឹងអនុវត្តតាមនីតិវិធីតុលាការ និងបានស្នើសុំការអនុញ្ញាតត្រឡប់ចូលស្រុកវិញ ដោយមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីនោះទេចំពោះសំណើរបស់លោក។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានអំណាចដើម្បីលើកលែងទោស ឱ្យគ្រប់ជនល្មើសទាំងឡាយ។

លោក ថាក់ស៊ីន ជាអតីតមហាសេដ្ឋីទូរគមនាគមន៍មួយរូបផងនោះ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជាលើកដំបូងនៅឆ្នាំ២០០១ ក្រោយសន្យាស្ដារកំណើនសេដ្ឋកិច្ចថៃ ឡើងវិញ អំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ី និងបានជួយដល់ប្រជាជនថែមានជីវភាពក្រីក្រឱ្យទទួលបានសេវាថែទាំសុខភាពដោយចំណាយប្រាក់តិចតួច និងបន្ធូរបន្ថយបំណុល។​ គណបក្សរបស់លោកទទួលបានសំឡេងគាំទ្រ ៧៥ភាគរយក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៥ តែរូបលោកត្រូវបានយោធាធ្វើរដ្ឋប្រហារពីអំណាចនៅឆ្នាំ២០០៦ ហើយ ឆ្នាំ២០០៨ ទើបលោកភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីគេចពីការផ្ដន្ទាទោសជាប់ពន្ធនាគារ ពីបទប្រព្រឹត្តិអំពើពុករលួយដែលលោកចាត់ទុកថាមានចេតនានយោបាយ។

* ការផ្លាស់ប្ដូរជំនាន់

លោក ថាក់ស៊ីន ត្រូវបានបណ្ដេញពីអំណាច ក្នុងការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ហើយចាប់តាំងពីពេលនោះមកដែរ ក្រុមអ្នកអភិរក្សនិយមស្មោះស្ម័គ្រនឹង រាជានិយមថៃដូចជាក្រុមឧត្តមសេនីយ៍ ចៅក្រម និងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងស្ថានប័នរដ្ឋ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់ ពីនយោបាយ។ ជាការពិតណាស់ ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់នៅតែមានក្នុងនយោបាយថៃ។ ប៉ុន្តែក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២៣នេះ​ បានបង្ហាញថាអ្នកនយោបាយដែល មានប្រជាប្រិយភាពខ្លាំងបំផុត មិនមែនជាមនុស្សមានសម្ព័ន្ធភាពជាមួយលោក ថាក់ស៊ីននោះទេ។ ពោលគឺគណបក្សភឿថៃមានសម្ព័ន្ធភាពជាមួយលោក ថាក់ស៊ីន ទទួលបាន សំឡេងគាំទ្រលំដាប់ទី២ តែប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ដែលនេះបានបង្ហាញពីការផ្លាស់ប្ដូរជំនាន់មួយ ក្នុងបរិបទដែលក្រុមយុវជនថៃកាន់តែច្រើនឡើង មានទំនោរប្រឆាំងនឹងអំណាចលើសលប់របស់ព្រះមហាក្សត្រថៃ និងក្រុមអ្នកអភិរក្សនិយម ដែលពួកគេចោទថាកំពុងបំផ្លាញប្រជាធិបតេយ្យ។

មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat មានអាយុ៤២ឆ្នាំ និងជានិស្សិតបញ្ចប់ការសិក្សាពីសាលវិទ្យាល័យ Harvard បានបង្ហាញគោលជំហរទាំង ប្រជាធិបតេយ្យ និងមនោគមន៍វិទ្យា ព្រមទាំងឆន្ទៈ ដើម្បីលើកទឹកចិត្តដល់ការហ៊ាន និយាយលើបញ្ហារសើបៗជាច្រើនក្នុងនោះមានទាំង បញ្ហាពាក់ព័ន្ធនឹងការរិះគន់លើ រាជានិយមថៃ ដែលរឿងនេះលោក ថាក់ស៊ីន តែងតែជំទាស់។

លោក Pita ត្រូវបានក្រុមអ្នកអភិរក្សនិយមរាំងខ្ទប់មិនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយប្រើប្រាស់អំណាចរបស់សមាជិកព្រឹទ្ធសភាដែលត្រូវបានយោធាតែងតាំង ក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។ បរាជ័យរបស់លោក Pita បានត្រួសត្រាយផ្លូវឱ្យគណបក្សភឿថៃសម្របសម្រួលកិច្ចព្រមព្រៀងមួយជាមួយយោធា ដើម្បីធានាការធ្វើមាតុភូមិនិវត្តរបស់លោក ថាក់ស៊ីន ខណៈក្រុមអភិរក្សនិយមងាកទៅចាត់ទុកគណបក្ស Move Forward ជាសត្រូវធំរបស់ពួកគេវិញ ដែលគំរាមកំហែងដល់រាជានិយមថៃ ខ្លាំងជាងភឿថៃទៅទៀត។

លោក Titipol Phakdeewanich ជាព្រឹទ្ធបុរសផ្នែកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Ubon Ratchathani University បានលើកឡើងថា ការបោះឆ្នោតរបស់ ថៃ បានផ្តោតទៅលើលោក ថាក់ស៊ីន តាំងតែពីពេលចាប់ផ្ដើមមកម្ល៉េះ។ បើតាមអ្នកវិភាគរូបនេះ ការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងកាន់តែជួយពង្រឹងអំណាចឡើងវិញ របស់ក្រុមអ្នកអភិរក្សនិយម ដែលធ្លាប់បានចុះខ្សោយរួចទៅហើយនៅក្នុងការបោះឆ្នោតសកល ព្រមទាំងនឹងពន្យារពេលដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ៕

អត្ថបទទាក់ទង