Grand News Asia Close

លិខិតតវ៉ា មិនមែនជាភាពអសកម្ម៖ អាវុធការទូតរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1014
លិខិតតវ៉ា មិនមែនជាភាពអសកម្ម៖ អាវុធការទូតរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព លិខិតតវ៉ា មិនមែនជាភាពអសកម្ម៖ អាវុធការទូតរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព

ថ្មីៗនេះ មានការចោទប្រកាន់ពីក្រុមប្រឆាំមួយចំនួនថា រដ្ឋាភិបាលមិនបានធ្វើអ្វីសោះដើម្បីការពារទឹកដី បានត្រឹមតែចេញលិខិតតវ៉ាដដែលៗ។ ដូចនេះ តើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ប្រឆាំងការរំលោភបំពានរបស់ថៃលើទឹកដីកម្ពុជាមានអត្ថន័យបែបណា? តើការតវ៉ានេះជាវិធីសាស្រ្តក្នុងការការពារទឹកដីដែរឬទេ?

ការបន្តតវ៉ាចំពោះការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា បានបង្ហាញពីវីធីសាស្រ្តឈ្លាសវៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ដោយមិនជ្រើសយកការប្រើកម្លាំងយោធា ព្រោះអាចបង្កសោកនាដកម្មកាន់តែធ្ងន់ធ្ងរដែលមិនអាចប៉ាន់ប្រមាណបាន។ ការជ្រើសរើសវិធីសាស្រ្តសន្តិវិធីនេះហើយ ទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការនូវគ្រប់ការរំលោភបំពានទាំងអស់របស់ថៃមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។

ការតវ៉ាតាមផ្លូវការទូត មិនមែនជាការធ្វើអ្វីមួយត្រឹមតែតាមពាក្យសម្ដីនោះទេ ប៉ុន្តែជាការបញ្ជាក់ជាផ្លូវការថា កម្ពុជាមិនទទួលស្គាល់ និងមិនយល់ព្រមចំពោះសកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។

ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការថ្មីមួយទៀត ប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្រយោធាថៃ ក្នុងជម្រៅ ៤០០ម៉ែត្រ ចូលក្នុងដែនអាកាសកម្ពុជា នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដោយកម្ពុជាចាត់ទុកសកម្មភាពនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ សកម្មភាពរំលោភបំពានខាងលើ បានផ្ទុយនឹងខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជានិងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចទី៦ ដែលចែងថា «ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលនាំឱ្យមានភាពតានតឹងដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាសនិងបូរណភាពទឹកដីឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់»។

មួយវិញទៀត ឯកសារតវ៉ាផ្លូវការគឺជាឯកសារចាំបាច់មិនអាចខ្វះបាន ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិបានបញ្ជាក់ថា ដរាបណាម្ចាស់ដែនដីនៅតែបន្តដាក់លិខិតតវ៉ាប្រឆាំង នោះភាគីដែលកំពុងកាន់កាប់ទឹកដីដោយខុសច្បាប់នឹងមិនអាចទទួលបានសិទ្ធិកាន់កាប់ជាស្ថាពរបានឡើយ។

ការតវ៉ាជាបន្តបន្ទាប់ ក៏ជាការរក្សាកំណត់ត្រាផ្លូវការមួយ ដើម្បីបង្ហាញពីជំហរម៉ឺងម៉ាត់របស់កម្ពុជា និងទប់ស្កាត់ការបកស្រាយថា កម្ពុជាបានស្ងៀមស្ងាត់ ឬទទួលយកស្ថានភាពដែលកំពុងកើតឡើង។

បន្ថែមពីលើនេះ ការតវ៉ារបស់កម្ពុជាចំពោះការរំលោភបំពានរបស់ថៃ គឺជាសំឡេងមួយដែលបង្ហាញការពិតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែលអាចធ្វើឱ្យលាន់លឺរំពងទៅដល់សហគមន៍អន្តរជាតិដែលស្រឡាញ់សន្តិភាពនិងច្បាប់អន្តរជាតិ។ សំឡេងតវ៉ារបស់កម្ពុជា នឹងធ្វើឱ្យពិភពលោកយកចិត្តទុកដាក់ដោយមិនអាចនៅស្ងៀមចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងក៏ដើម្បីជំរុញឱ្យថៃដោះស្រាយមូលហេតុនៃការតវ៉ានិងស្ថានភាពជាក់ស្តែងដែលថៃកំពុងបង្កឱ្យមានការព្រួយបារម្ភ ពោលគឺថៃត្រូវដកកងកម្លាំងរបស់ ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពផ្លាស់ប្តូរលើដីឬបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង និងអនុញ្ញាតឱ្យប្រជាជនកម្ពុជាភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបានដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរ ជាពិសេសជំរុញឱ្យភាគីថៃអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការពន្លឿនការចុះវាស់វែងខណ្ឌសីមាព្រំដែនរបស់ក្រុមការងារ JBC ផ្អែកលើផែនទី អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារផ្លូវការដែលភាគីទាំងពីរបានឯកភាពគ្នា។

សរុបមកវិញ ការចោទប្រកាន់របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះក្នុងការការពារទឹកដីបានត្រឹមតែស្រែកតវ៉ា គឺគ្រាន់តែជាការលើកឡើងដើម្បីកេងចំណេញនយោបាយនិងញុះញង់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ការការពារទឹកដីមិនអាចវាស់តម្លៃត្រឹមការប្រើកម្លាំងយោធាប៉ុណ្ណោះទេ។ កម្ពុជាក៏អាចការពារឧត្តមប្រយោជន៍ជាតិនិងប្រជាជនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានហើយក្នុងចំណោមមធ្យោបាយទាំងនោះ ការទូត ច្បាប់ ភស្តុតាង និងការគាំទ្រពីសហគមន៍អន្តរជាតិ ក៏ជាឧបករណ៍សំខាន់ក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិផងដែរ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង