វិភាគអន្តរជាតិ៖ ចិន និងសហរដ្ឋអាមេរិក ប្រជែងគ្នាបង្ហាញអំណាចនៅលើឆាកអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាលក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៉ីស៉ីស្ថាន ជាទីដែលមេដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់ក៏មានវត្តមានចូលរួមផងដែរ។ វត្តមានរបស់លោក ស៊ី ជីនពីង ក្នុងទីក្រុងប៊ីស្កេកត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាការបញ្ជូនសារមួយទៅកាន់ពិភពលោកថា៖ «ចិនមានមិត្ត មានឥទ្ធិពល និងបានត្រៀមលក្ខណៈជាស្រេចដើម្បីកំណត់ថាតើនឹងមានអ្វីកើតឡើងនៅពេលអនាគត»។
នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៊ីស្កេក លោក ស៊ី ជីនពីងបានបង្ហាញថាប៉េកាំងជាប្រភពនៃស្ថិរភាព និងជាអ្នកគាំទ្រសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូលប្រកបដោយសណ្ដាប់ធ្នាប់ដែលអាចនឹងជំនួសសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ ខណៈកិច្ចប្រជុំកំពូលក្នុងទីក្រុងប៊ីស្កេកត្រូវបានគេមើលឃើញថាធ្វើឡើងដើម្បីបង្ហាញពីសាមគ្គី កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ក្នុងទីក្រុង Asheville សហរដ្ឋអាមេរិក បែរជាបង្ហាញពីភាពប្រេះឆាគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឯងទៅវិញ។
ក្រុមមន្ត្រីអឺរ៉ុបដែលបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 បានសម្ដែងការខឹងសម្បារផង និងខកចិត្តផង ក្នុងសប្ដាហ៍នេះដែលរដ្ឋបាលលោក ត្រាំបានអញ្ជើញរុស្ស៉ីឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ បើទោះជាមូស្គូនៅតែបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនក៏ដោយ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ថែមទាំងដៀមដាមទៀតផងថាសេដ្ឋកិច្ចរបស់កាណាដាតូចពេកហើយមិនអាចតតាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានឡើយ។ លោក Ryan Hass ជាអ្នកជំនាញម្នាក់មកពី Brookings Institution បាននិយាយថាយុទ្ធសាស្ត្ររបស់ចិនដែលចង់កែប្រែសណ្ដាប់ធ្នាប់ពិភពលោកតាមអ្វីដែលខ្លួនចង់បាន នោះគឺប្រមូលការគាំទ្រពីបណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក ធ្វើបែបនេះដើម្បីអាចមានតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ។
*ឱកាសសម្រាប់ចិន
ចិនពិតជារីករាយក្នុងការចាប់យកឱកាសទាញយកប្រយោជន៍ ក្នុងពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានទំនាស់នឹងគ្នា។ លោក Wu Xinbo ជាអ្នកជំនាញម្នាក់សិក្សាពីសហរដ្ឋអាមេរិក មកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថាទីក្រុងប៉េកាំងមានគោលដៅចំនួន២ គឺកសាងក្របខណ្ឌកុងសង់ស៊ីសមួយឡើង ពីព្រោះការធ្វើដូច្នេះចង់រារាំងមិនឱ្យសហរដ្ឋអាមេរិកចាត់ចែងការងារពិភពលោកតែម្នាក់ឯង និងចង់បានតួនាទីកាន់ធំនៅក្នុងការចាត់ចែងសេដ្ឋកិច្ចពិភពលោក។ តាមអ្នកជំនាញរូបនេះ ក្នុងពេលបច្ចុប្បន្នដែលសេដ្ឋកិច្ចអាមេរិកហាក់ថមថយសន្ទុះ ឬរងផលប៉ះពាល់អវិជ្ជមាន ចិនដែលជាម៉ាស៊ីនសេដ្ឋកិច្ចមួយ ត្រូវតែបង្កើនការដើរតួនាទីឱ្យកាន់តែសកម្មដើម្បីជំរុញ និងដឹកនាំកំណើនសេដ្ឋកិច្ចពិភពលោក។
ចិនតែងតែនិយាយពីការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ តែតាមពិតទៅប្រទេសណាក៏ដូចជាប្រទេសណា រួមទាំងចិនសុទ្ធតែស្វែងរកចន្លោះការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ជាក់ស្ដែង នៅឯកិច្ចប្រជុំកំពូល G20 ដែលចិនមានវត្តមានចូលរួមដែរនោះ ប៉េកាំងបានប្រើប្រាស់វត្តមានរបស់ខ្លួនដើម្បីជំរុញរបៀបវារៈរបស់ខ្លួនឯង។ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក Bessent បាននិយាយថា G20 មិនអាចឈានដល់ការព្រមព្រៀងគ្នាលើការចេញសេចក្ដីថ្លែងការណ៍រួមមួយនោះទេ ក៏ព្រោះតែមានការជំទាស់ពីចិនដែលប្រឆាំងនឹងការបញ្ចូលភាសារិះគន់លើយុទ្ធសាស្ត្រនាំចេញរបស់ប៉េកាំង។
កិច្ចប្រជុំក្នុងទីក្រុងប៊ីស្កេកជាដំណើរទស្សនកិច្ចមួយនៅក្រោមយុទ្ធនាការទូតរបស់លោក ស៊ី ជីនពីង ដើម្បីធ្វើការទាំងជាមួយលោកខាងលិច និងជាមួយបណ្ដាប្រទេសដែលមិនសូវត្រូវគ្នា ឬជាសត្រូវរបស់លោកខាងលិច។ លោក ស៊ី ជីនពីងបានជួបមេដឹកនាំលោកខាងលិចជាច្រើននាក់ ក្នុងនោះរួមមានទាំងមេដឹកនាំអាល្លឺម៉ង់ ព្រីតថែន និងកាណាដានៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០២៦នេះ។ នៅថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំចិនបានធ្វើដំណើរទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប ហើយក៏ត្រូវបានគេរំពឹងដែរថានឹងត្រូវចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា នាខែកញ្ញានេះ។
ខណៈចិនព្យាយាមបង្ហាញថា BRICS គឺជាកម្លាំងតុល្យភាពមួយប្រកបដោយសាមគ្គីភាពទប់ទល់នឹងលោកខាងលិច ការខ្វែងគំនិតគ្នា និងភាពតានតឹងក៏មានច្រើនផងដែរក្នុងចំណោមប្រទេសជាសមាជិក។ ក្នុងនោះទីក្រុងប៉េកាំង និងទីក្រុងញូវដែលីតែងតែមានការខ្វែងគំនិតគ្នានៅក្នុង BRICS ជុំវិញរបៀបប្រជែងជាមួយសហរដ្ឋអាមេរិក ដោយឥណ្ឌាមិនចង់ និងកំពុងព្យាយាមទប់ស្កាត់កុំឱ្យ BRICS ក្លាយជាប្លុកប្រឆាំងនឹងលោកខាងលិច។ ជាសញ្ញាមួយផ្សេងទៀតនៃស្នាមប្រេះក្នុងទំនាក់ទំនង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជំរុញលោក ពូទីន អំឡុងកិច្ចពិភាក្សាទ្វេភាគីមួយ នាឱកាសចូលរួមកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសកៀហ្ស៉ីស៉ីស្ថាន ឱ្យបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដើម្បីបុព្វហេតុមនុស្សជាតិ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក ពូទីន បានប្រាប់លោក Modi វិញថារុស្ស៉ីកំពុងធ្វើដំណើរក្នុងទិសដៅនេះ។ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO មិនមែនជាបក្សសម្ព័ន្ធយោធានោះទេ។ ចិនអាចផ្ដល់ការគាំទ្រតាមការទូត តែមិនមានឆន្ទៈចំពោះការប្ដេជ្ញាចិត្តប្រើប្រាស់កម្លាំងយោធាដើម្បីជួយរុស្ស៉ី ឬអ៉ីរ៉ង់ឡើយ។
«ប៉ុន្តែនេះហើយជាអ្វីដែលចិនចង់បាន»។ នេះបើតាមលោក Zhou Bo ជាអ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ លោកបាននិយាយថាដោយសារតែ SCO មិនមែនជាបក្សសម្ព័ន្ធយោធា ដូច្នេះ SCO ត្រូវបានគេមើលឃើញថាក៏មិនមានជាអង្គការមួយចរិតបង្ករឿងនោះដែរ។ នេះជាហេតុផលមួយដែលបណ្ដាប្រទេសដទៃអាចចូលរួម ឬធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដោយមិនចាំបាច់បារម្ភ ឬមានអារម្មណ៍ថាពួកគេកំពុងប្រឆាំងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ឬក៏លោកខាងលិចឡើយ។ តាមអ្នកជំនាញរូបនេះ ខណៈវ៉ាស៊ីនតោននៅក្រោមអាណត្តិរបស់លោក ត្រាំ គិតតែពីប្រយោជន៍សហរដ្ឋអាមេរិក ហើយពិភពលោកកាន់តែមានប៉ូលច្រើន បណ្ដាប្រទេសផ្សងទៀតអាចនឹងជ្រើសរើសចូលរួមជាមួយអង្គការ ឬស្ថាប័នណាមួយដែលមានលក្ខណៈប្រាកដនិយម និងមិនមានភ្ជាប់ជាមួយលក្ខខណ្ឌតឹងរ៉ឹង ក្នុងបរិបទដែលប្រទេសនានាកំពុងព្យាយាមរក្សាជម្រើសរបស់ខ្លួនឱ្យកាន់តែច្រើនកាន់តែល្អ ដើម្បីការពារប្រយោជន៍ជាតិរៀងៗខ្លួន ដោយមិនចង់ពឹងផ្អែកខ្លាំងពេកលើមហាអំណាចណាមួយឡើយ។
* ពង្រឹងអំណាចនៅឯតុចរចា មុនកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ
យុទ្ធនាការការទូតរបស់ចិនដើម្បីបង្ហាញពីអំណាច ក៏បានឆ្លុះបញ្ចាំងផងដែរថាលោក ស៊ី ជីនពីង ត្រូវការបង្កើនជម្រើសរបស់លោកឱ្យបានច្រើន មុននឹងរូបលោកត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែកញ្ញានេះ។ បើទោះជាបានឈានដល់បទឈប់បាញ់មួយក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិនក៏ពិតមែន ក៏រដ្ឋបាលលោក ត្រាំ នៅតែបន្តដាក់សម្ពាធតាមរយៈការហាមឃាត់ការនាំចូលរ៉ូបូតរបស់ចិន និងពង្រីក ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនដែលនាំទិញប្រេងពីអ៉ីរ៉ង់។ ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ ក៏កំពុងព្យាយាមបង្អាក់ភាពរីកច្រើនរបស់ចិនក្នុងបច្ចេកវិទ្យា AI ផងដែរ ជាមួយការគំរាមរឹតត្បិតបច្ចេកវិទ្យា AI របស់ចិន ហើយត្រូវបានរំពឹងថានឹងព្រមានបណ្ដាប្រទេសជាច្រើនកុំឱ្យចូលរួមក្នុងគំនិតផ្ដួចផ្ដើម ឬកម្មវិធីអភិវឌ្ឍ AI របស់ចិន។
សព្វថ្ងៃ ចិនក៏កំពុងប្រឈមមុខនឹងលទ្ធភាពនៃការរឹតត្បិតពាណិជ្ជកម្មពីអឺរ៉ុបដែរ។ ក្រុមតំណាងរាស្ត្រអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយលំហូរចូលនូវផលិតផលចិន ក្នុងនោះរួមមានរថយន្ដអគ្គិសនី ផ្ទាំងសូឡា និងគីមីឧស្សាហកម្ម ចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ក្រៅពីនេះ ចិនកំពុងប្រឈមមុខនឹងបញ្ហាក្នុងស្រុកមួយចំនួន។ បញ្ហាទាំងនោះរួមមានគ្រោះមហន្តរាយទឹកជំនន់ដែលបានវាយប្រហារលើព្រំដែននេប៉ាល់ និងតំបន់ទីបេ ដែលបាន និងកំពុងបង្កឱ្យមានការចោទសួរពីការត្រៀមលក្ខណៈរបស់ចិនក្នុងការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិកើតឡើងភ្លាមៗ។ បញ្ហាក្នុងស្រុកផ្សេងទៀត នោះគឺវិបត្តិអចលនាទ្រព្យដែលកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចចិន និងបង្ខំឱ្យប៉េកាំងត្រូវពឹងផ្អែកលើការនាំចេញកាន់តែខ្លាំងដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ តែការបង្កើនការនាំចេញនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មមួយចំនួនរបស់ចិន។
សម្រាប់លោកស្រី Yun Sun ជានាយកកម្មវិធីចិនមកពីមជ្ឈមណ្ឌល Stimson ក្នុងទីក្រុងវ៉ាស៊ីនតោន ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែកំពុងប្រឈមនឹងបញ្ហាប្រឈមដូចតែគ្នា។ ដោយសារតែបែបនេះ ទើបចិនចាំបាច់ត្រូវរក្សាតុល្យភាព ដោយម្ខាងចង់ប្រមូលការគាំទ្រពីបណ្ដាប្រទេសដទៃតាមរយៈអង្គការ SCO និងម្ខាងទៀត មិនចង់បង្កការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ឬធ្វើឱ្យលោក ត្រាំខឹងសម្បារទេ៕
-Fresh News-






