Grand News Asia Close

តើថៃបានអនុវត្តពេញលេញតាមសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឬនៅ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1019
តើថៃបានអនុវត្តពេញលេញតាមសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឬនៅ? តើថៃបានអនុវត្តពេញលេញតាមសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឬនៅ?

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាឯកសារដ៏មានសារៈសំខាន់ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនា ការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ។ ដូចនេះ តើចំណុចណាខ្លះដែលបញ្ជាក់ថា ថៃមិនទាន់បានគោរពតាមសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពេញលេញ?

ជាក់ស្តែង ចំណុចទី៣ នៃសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បញ្ជាក់ថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត។ ចំណុចនេះមិនទាន់ត្រូវបានអនុវត្តតាមគោលដៅដែលបានព្រមព្រៀងគ្នា បើទោះបីជាកម្ពុជាបានដាក់លិខិតស្នើសុំរៀបចំកិច្ចប្រជុំ JBC ជាបន្តបន្ទាប់ក៏ដោយ។ ការចាប់ផ្តើមការងារនៃយន្តការនេះមានភាពចាំបាច់ ដើម្បីដោះស្រាយដើមហេតុនៃជម្លោះបច្ចុប្បន្ន ដែលជាជម្លោះព្រំដែនគោក ក្នុងការទទួលស្គាល់អធិបតេយ្យនៃប្រទេសនីមួយៗ និងការបង្កើតខ្សែបន្ទាត់ព្រំដែនច្បាស់លាស់មួយជារៀងរហូត។

លើសពីនេះ ភាគីថៃក៏មិនទាន់បានអនុវត្តពេញលេញក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ពីការអនុញ្ញាតឱ្យជនស៊ីវិលនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែងវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាក់ស្តែង យោធាថៃបន្តរារាំងដោយដាក់បន្លារលួស និងកុងតឺន័រនៅជុំវិញភូមិនានារបស់កម្ពុជាដែលត្រូវបានកាន់កាប់ ដែលជាឧបសគ្គដល់ជនស៊ីវិលកម្ពុជាជិត២ម៉ឺននាក់ទៀត មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបាននៅឡើយ។
 
ត្រង់ចំណុចនេះក៏គួរមើលទៅលើចំណុចទី៧ នៃ GBC ផងដែរ ដែលភាគីទាំងពីរបានឯកភាពមិនប្រើ​កម្លាំង​​ប្រឆាំង​នឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ បើប្រជាពលរដ្ឋមួយចំនួននៅតែមិនអាច​ត្រឡប់​ទៅផ្ទះរបស់ខ្លួនបាន ដោយសារមានរបាំង ឬការរារាំងនៅតំបន់ព្រំដែន នោះវាមិនមែនជារឿងដែល​អាចមើលរំលងបានទេ។ ចំណុចសំខាន់គឺ តើស្ថានភាពដែលកំពុងកើតមាននៅលើដីពិត​ជាស្របតាមការ​ព្រមព្រៀងរបស់ភាគីទាំងពីរ និងគោលការណ៍ការពារជនស៊ីវិលដែលមានចែងក្នុង GBC ឬយ៉ាងណា។

ចំណុចជាក់ស្តែងមួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺនៅត្រង់ចំណុចទី៦ ដែលបានឯកភាពមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលនាំឱ្យមានភាពតានតឹង ជាពិសេសការមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ។ ប៉ុន្តែជាក់ស្តែង ស្ថានភាពថ្មីៗចុងក្រោយនេះ កាលពីថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជាដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃមកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ផងដែរ។
 
សកម្មភាពទាំងនេះក៏ត្រូវសំដៅទៅលើចំណុចទី២ និងចំណុចទី៥ នៃ GBC ផងដែរ។ តាមការ​ព្រមព្រៀង ភាគីទាំងពីរត្រូវរក្សាការដាក់ពង្រាយកងទ័ពតាមស្ថានភាពដែលមាននៅពេលឈប់បាញ់ និងមិនត្រូវ​បង្កើន​កម្លាំងនៅតាមបណ្តោយព្រំដែនឡើយ។ ដូច្នេះ ប្រសិនបើមានការផ្លាស់ទីកងកម្លាំង ការរៀបចំ​ទី​តាំងការពារថ្មី ឬការពង្រឹងសមត្ថភាពយោធានៅតំបន់ដែលកំពុងមានវិវាទ នោះសំណួរដែល​ត្រូវ​សួរគឺ តើសកម្មភាពទាំងនោះស្របតាមកិច្ចព្រមព្រៀង GBC និងគោលបំណងបន្ធូរបន្ថយភាពតាន​តឹងនៅតាម​ព្រំដែនដែរឬទេ?

សរុបជារួមមក ភាគីថៃមិនទាន់បានគោរព និងអនុវត្តពេញលេញនូវសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅឡើយ។ ក្រោមហេតុផលនេះដែរ ទើបនៅគ្រប់វេទិកានានា កម្ពុជាតែងតែអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ ដោយស្មោះត្រង់ និងគោរពតាមខ្លឹមសារទាំងស្រុង។

បន្ថែមពីនោះ កម្ពុជាក៏តែងតែបង្ហាញគោលជំហរច្បាស់លាស់ជាគោលការណ៍ជាក់លាក់របស់ខ្លួន គឺព្រំដែនអន្តរជាតិមិនអាចត្រូវបានផ្លាស់ប្តូរ ឬកំណត់តាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីនោះទេ ពីព្រោះកម្ពុជាយល់ថា «កម្លាំងអាចផ្លាស់ប្តូរកាលៈទេសៈនៅនឹងកន្លែង ប៉ុន្តែវាមិនអាចបង្កើតភាពស្របច្បាប់ ឬសន្តិភាពយូរអង្វែងឡើយ។ សន្តិភាពយូរអង្វែងតម្រូវឱ្យមានការសន្ទនា យុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ»៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង