Grand News Asia Close

កម្ពុជាតវ៉ាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅអានសេះ ថាជាការប៉ុនប៉ងធ្វើឱ្យការកាន់កាប់ខុសច្បាប់មានភាពស្របច្បាប់

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:20 pm ព័ត៌មានជាតិ 1083
កម្ពុជាតវ៉ាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅអានសេះ ថាជាការប៉ុនប៉ងធ្វើឱ្យការកាន់កាប់ខុសច្បាប់មានភាពស្របច្បាប់ A Thai national flag flies over the An Seh area as Prime Minister Anutin Charnvirakul addresses Thai troops during his August 23 visit. Cambodia protested the visit as unauthorised, maintaining that the site lies within Choam Ksan district, Preah Vihear province. Supplied

ភ្នំពេញ៖ កម្ពុជាបានធ្វើការតវ៉ា «យ៉ាងខ្លាំងបំផុត» ចំពោះដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយចោទថា ទីក្រុងបាងកកកំពុងព្យាយាមធ្វើឱ្យការអះអាងទឹកដីរបស់ខ្លួនលើតំបន់ដែល​កងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន ក្លាយជារឿងស្របច្បាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែសីហា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា លោក អនុទីន បានទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ដោយគ្មានការអនុញ្ញាតពីកម្ពុជា។

ក្រសួងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចេតនាប៉ុនប៉ងដើម្បីអះអាងការទាមទារដោយខុសច្បាប់មកលើទឹកដីអធិបតេយ្យរបស់កម្ពុជា ខណៈភាពតានតឹង និងការលើកឡើងផ្ទុយគ្នាអំពីស្ថានភាពតាមព្រំដែនរួមរបស់ប្រទេសទាំងពីរនៅតែបន្ត។

ក្រសួងបានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារដោយខុសច្បាប់លើទឹកដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន»។

ក្រសួងបានអះអាងថា សិទ្ធិស្របច្បាប់ណាមួយមិនអាចកើតចេញពីសកម្មភាពដែលកម្ពុជាចាត់ទុកថាខុសច្បាប់បានឡើយ។

ក្រសួងបន្ថែមថា៖ «គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីអំពើខុសច្បាប់បានទេ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើទឹកដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃបានឡើយ»។

កម្ពុជាប្រកាន់ជំហរថា តំបន់អានសេះស្ថិតនៅក្នុងទឹកដីរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០ ០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។

ជាប្រវត្តិសាស្ត្រ ថៃធ្លាប់ជំទាស់នឹងការយោងរបស់កម្ពុជាទៅលើផែនទីនេះ នៅតាមផ្នែកមួយចំនួននៃព្រំដែនដែលមានការខ្វែងគំនិតគ្នា ដោយប្រើការបកស្រាយខុសគ្នាអំពីខ្សែចែកទឹក និងខ្សែព្រំដែន។ ជំហរផ្ទុយគ្នាទាំងនេះបានបង្កភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរជាបន្តបន្ទាប់។

ក្រសួងបានលើកឡើងថា ទាំងផែនទីដែលគូសឡើងដោយឯកតោភាគីពីសំណាក់ថៃ និងដំណើរទស្សនកិច្ចជាន់ខ្ពស់ណាមួយដែលផ្អែកលើផែនទីបែបនេះ សុទ្ធតែមិនអាចផ្លាស់ប្ដូរព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបានឡើយ។

ក្រសួងបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលត្រូវបានអះអាងដោយឯកតោភាគីពីសំណាក់ថៃនោះទេ»។

ក្រសួងបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក អនុទីន នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលក៏បានចោទប្រកាន់មេដឹកនាំថៃថា បានរំលោភលើចំណុចទី១ នៃសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានអនុម័តកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមក្រសួង​ការបរទេស​កម្ពុជា​ បទប្បញ្ញត្តិនេះហាមឃាត់សកម្មភាពបង្កហេតុដែលអាចធ្វើឱ្យភាពតានតឹងនៅតាមព្រំដែនកើនឡើង។

កិច្ចព្រមព្រៀងកាលពីខែធ្នូបានបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលបានផ្ទុះឡើងជាថ្មី និងបានដាក់ចេញនូវការប្ដេជ្ញាចិត្តនានា ដើម្បីរក្សាស្ថិរភាពតាមតំបន់ព្រំដែន។

ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ ដោយចាត់ទុកថា វាមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពតាមព្រំដែន ព្រមទាំងបានគាំទ្រតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការតាមដានការអនុវត្តបទឈប់បាញ់។

ទោះបីជាមានបទឈប់បាញ់ក៏ដោយ កម្ពុជាបានចោទប្រកាន់ជាបន្តបន្ទាប់ថា កងកម្លាំងថៃនៅតែឈរជើងក្នុងតំបន់ជាច្រើននៅខាងទឹកដីកម្ពុជានៃខ្សែព្រំដែន ហើយបានដាក់របាំង ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងៗ ដែលរារាំងប្រជាពលរដ្ឋភៀសសឹកមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។

ទីក្រុងភ្នំពេញបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅតំបន់អានសេះ ក៏ដូចជានៅតំបន់ដទៃទៀតដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន។

កម្ពុជាបានបញ្ជាក់ថា ការបញ្ឈប់សកម្មភាពទាំងនេះគឺចាំបាច់សម្រាប់ការបន្ធូរបន្ថយស្ថានការណ៍ ការកសាងទំនុកចិត្តឡើងវិញ ការសម្រួលដល់ការដោះស្រាយវិវាទដោយសន្តិវិធី និងការស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមព្រំដែនកម្ពុជា-ថៃ។

ក្រសួងបានបញ្ជាក់ថា៖ «កម្ពុជានៅតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ ដោយមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់»។

ទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឡើយ។

ការតវ៉ាតាមផ្លូវការទូតនេះធ្វើឡើង ខណៈរដ្ឋាភិបាលទាំងពីរបន្តប្រើប្រាស់យន្តការទ្វេភាគីជាច្រើន ដើម្បីគ្រប់គ្រងសន្តិសុខតាមព្រំដែន និងដោះស្រាយបញ្ហាខណ្ឌសីមាដែលមិនទាន់ដោះស្រាយរួច ក្នុងនោះមានគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC)។

ភាពចម្រូងចម្រាសចុងក្រោយនេះមានលក្ខណៈដាច់ដោយឡែកពីវិវាទផ្លូវច្បាប់ដែលបានអូសបន្លាយរាប់ទសវត្សរ៍ជុំវិញប្រាសាទព្រះវិហារ បើទោះបីជាបញ្ហាទាំងពីរពាក់ព័ន្ធនឹងតំបន់ព្រំដែនក្នុងខេត្តព្រះវិហារក៏ដោយ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចកាលពីឆ្នាំ១៩៦២ ថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជា។

ក្នុងការបកស្រាយសាលក្រមកាលពីឆ្នាំ២០១៣ តុលាការបានសន្និដ្ឋានថា កម្ពុជាមានអធិបតេយ្យភាពលើតំបន់ជ្រោយភ្នំព្រះវិហារទាំងមូល ហើយថៃត្រូវដកកងកម្លាំងដែលឈរជើងនៅទីនោះចេញ។

ការប្រយុទ្ធគ្នាតាមព្រំដែនដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានការជម្លៀសប្រជាពលរដ្ឋយ៉ាងច្រើន និងបណ្ដាលឱ្យខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព អគារសាសនា និងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្តជាប់ព្រំដែនរបស់កម្ពុជា៕

-Post Khmer-

អត្ថបទទាក់ទង