Grand News Asia Close

រឿងខ្លីចិនបកប្រែដោយ AI កំពុងក្លាយជាទំនោរកម្សាន្ត និងបង្កើត «ភាសាកំប្លែង» ថ្មីក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1025
រឿងខ្លីចិនបកប្រែដោយ AI កំពុងក្លាយជាទំនោរកម្សាន្ត និងបង្កើត «ភាសាកំប្លែង» ថ្មីក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម រឿងខ្លីចិនបកប្រែដោយ AI កំពុងក្លាយជាទំនោរកម្សាន្ត និងបង្កើត «ភាសាកំប្លែង» ថ្មីក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម

ភ្នំពេញ៖ រឿងភាគខ្លីៗមានប្រភពភាគច្រើនពីប្រទេសចិន ដែលត្រូវបានបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងទាក់ទាញអ្នកទស្សនាកម្ពុជាកាន់តែច្រើន ខណៈកំហុសបកប្រែ និងសំឡេងរ៉ូបូតដែលស្ដាប់ទៅមិនធម្មជាតិ បែរជាក្លាយជាផ្នែកមួយនៃភាពកំប្លែង រហូតពាក្យខុសមួយចំនួនត្រូវបានអ្នកមើលយកទៅនិយាយលេងក្នុងជីវិតប្រចាំថ្ងៃ។

វីដេអូទាំងនេះភាគច្រើនមានសាច់រឿងរហ័ស បង្កប់ដោយស្នេហា ការសងសឹក ជម្លោះ ការប្រជែងអំណាច និងតួឯកដែលមានសមត្ថភាពខ្លាំង។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកមើលខ្មែរមួយចំនួនចាប់អារម្មណ៍ មិនមែនមានតែសាច់រឿងនោះទេ គឺការបកប្រែ និងការបញ្ចូលសំឡេង AI ដែលពេលខ្លះខុសពីរបៀបប្រើប្រាស់ភាសាខ្មែរធម្មតា។

ក្នុងចំណោមឧទាហរណ៍ដែលលេចឡើងក្នុងរឿងទាំងនេះ មានការប្រើពាក្យ «ត្រសក់សមុទ្រ» ជំនួស «ឈ្លើងសមុទ្រ» «សត្វចក» ជំនួស «សត្វចចក» និង «ក្ដាមស្ដេច» ជំនួស «ស្ដេចក្ដាម»។ ឃ្លាខ្លះទៀតដូចជា «គូប្រជែងល្បិចកល់ដាក់» ក៏ស្ដាប់ទៅពិបាកយល់ ជំនួសឱ្យឃ្លាដែលមានន័យពេញលេញថា «គូប្រជែងត្រូវបានប្រើល្បិចកល់ដាក់»។

សំឡេងសើច «ហា ហា ហា» ដែល AI អានចេញត្រង់ៗ និងរឹងៗ ក៏កំពុងក្លាយជាចំណុចដែលអ្នកមើលចងចាំ។ រឿងខ្លះប្រើសំឡេងបុរសសម្រាប់តួអង្គជាច្រើន ទោះជាតួអង្គនោះជាបុរស ឬស្ត្រីក៏ដោយ ដែលធ្វើឱ្យឈុតមនោសញ្ចេតនា ឬឈុតតានតឹង បែរជាមានភាពកំប្លែងដោយមិនបានគ្រោងទុក។

លោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការស្ដាប់សំឡេង និងភាសាដែលបង្កើតដោយ AI ញឹកញាប់ អាចមានឥទ្ធិពលខ្លះទៅលើសោភ័ណភាព និងការប្រើប្រាស់ភាសា ព្រោះសំឡេងមនុស្សមានលក្ខណៈដែលម៉ាស៊ីននៅមិនទាន់អាចជំនួសបានពេញលេញ។

លោកបាននិយាយថា៖ «ភាសាខ្មែរជាភាសាដែលមានទម្ងន់សំឡេង មានលើកដាក់ មានមនោសញ្ចេតនា និងមានភាពបត់បែន។ […] ការជំនួសដោយសំឡេង AI រ៉ូបូតដែលមានលក្ខណៈស្មើៗគ្នា ធ្វើឱ្យបាត់បង់សិល្បៈនៃការអាន ការបញ្ចេញសំឡេង និងការលើកដាក់សំឡេង»។

លោកបន្តថា សំឡេង AI មួយចំនួននៅមានលក្ខណៈ «រឹងស្តូក» និងខ្វះទឹកដមនិងមនោសញ្ចេតនា ខណៈការបកប្រែ និងការអានក៏អាចមានកំហុស ដោយសារម៉ាស៊ីនមិនអាចយល់បរិបទបានដូចមនុស្ស។

ការព្រួយបារម្ភមួយទៀត គឺនៅពេលអ្នកមើលស្ដាប់ភាសាបែបនេះជាបន្តបន្ទាប់ ហើយចាប់ផ្ដើមយកសំឡេង ឬរបៀបនិយាយរបស់ AI ទៅត្រាប់តាម។ លោក ប៊ុនថង យល់ថា កុមារ និងយុវជនអាចងាយទទួលយកការប្រើប្រាស់ទាំងនេះជាងក្រុមអាយុផ្សេងទៀត ជាពិសេសកុមារតូចៗ។

លោកបានបញ្ជាក់ថា៖ «ពេលដែលស្តាប់អ៊ីចឹងយូរៗទៅ ក៏យកតាម AI ហ្នឹងដែរ។ ហើយជាពិសេសកុមារតូច គឺងាយណាស់»។

ទោះជាយ៉ាងណា លោកមិនចាត់ទុកបាតុភូតនេះថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់ភាសាខ្មែរនោះទេ។ លោកវាយតម្លៃថា ផលប៉ះពាល់បច្ចុប្បន្នស្ថិតក្នុងកម្រិតស្រាល និងអាចជាបាតុភូតបណ្ដោះអាសន្ន ដែលកើតឡើងស្របពេល AI កំពុងក្លាយជា Trend ក្នុងចំណោមអ្នកប្រើប្រាស់បច្ចេកវិទ្យា។

លោកថា៖ «វាមានផលប៉ះពាល់ដល់សោភ័ណភាពនៅក្នុងភាសា ប៉ុន្តែនៅក្នុងកម្រិតស្រាលនៅឡើយទេ វាមិនធ្ងន់ធ្ងរទេ ហើយវាមានលក្ខណៈបណ្ដោះអាសន្ន»។

លោកយល់ថា នៅពេលភាពពេញនិយមនេះថមថយ មនុស្សភាគច្រើននឹងវិលត្រឡប់ទៅរកការប្រើប្រាស់ភាសាធម្មជាតិវិញ។

ខុសទើបកំប្លែង

ពីទស្សនៈផ្នែកចិត្តវិទ្យា និងទស្សនវិជ្ជា លោក ប៊ុនថង ពន្យល់ថា មូលហេតុមួយដែលការបកប្រែ និងសំឡេង AI ខុសៗគ្នាបែរជាធ្វើឱ្យមនុស្សចូលចិត្តមើល គឺទាក់ទងនឹង «ទ្រឹស្ដីមិនស៊ីចង្វាក់គ្នានៃសំណើច» (incongruity theory of humour)។

តាមទ្រឹស្ដីនេះ មនុស្សអាចសើចនៅពេលអ្វីមួយកើតឡើងផ្ទុយពីអ្វីដែលខួរក្បាលរំពឹងទុក។ ឧទាហរណ៍ ឈុតក្នុងរឿងគួរតែមានភាពក្តុកក្តួល ឬតានតឹង ប៉ុន្តែ AI បែរជាបញ្ចេញសំឡេងស្ងួត គ្មានអារម្មណ៍ ឬបកប្រែចេញជាពាក្យចម្លែក។

លោកថា៖ «សាច់រឿងដ្រាម៉ាដែលគួរតែមានអារម្មណ៍ក្តុកក្តួល មានភាពតានតឹង ប៉ុន្តែ AI បែរជាបញ្ចេញសំឡេងបែបស្ងួត សំឡេងដែលគ្មានអារម្មណ៍ ឬក៏បកប្រែខុសបែបចម្លែកៗ។ ជួនកាលធ្វើឱ្យខួរក្បាលមនុស្សមើលឃើញថា វាជារឿងចម្លែក គួរឱ្យអស់សំណើច»។

បាតុភូតនេះអាចពន្យល់បានថា ហេតុអ្វីកំហុសដែលជាធម្មតាគួរតែធ្វើឱ្យអ្នកមើលបោះបង់វីដេអូ បែរជាក្លាយជាហេតុផលឱ្យពួកគេចង់មើលបន្ត។ អ្នកមើលខ្លះថែមទាំងយកពាក្យ ឬសំឡេងខុសៗនោះទៅនិយាយលេងជាមួយមិត្តភក្ដិ ដែលធ្វើឱ្យ «ភាសា AI» មួយចំនួនបន្តចេញពីក្នុងរឿងចូលមកក្នុងការសន្ទនាប្រចាំថ្ងៃ។

លោក ប៊ុនថង ក៏យល់ថា ភាពពេញនិយមនេះត្រូវមើលក្នុងបរិបទជីវិតឌីជីថល ដែលមនុស្សប្រឈមនឹងសម្ពាធការងារ ការប្រកួតប្រជែង និងតម្រូវការកម្សាន្តដែលងាយស្រួលទទួលយក។

រឿងខ្លីៗបែបនេះមិនទាមទារឱ្យអ្នកមើលផ្ដោតអារម្មណ៍យូរ ឬពិចារណាស៊ីជម្រៅទេ ហើយភាពប្លែក កំប្លែង និងសាច់រឿងដែលខុសពីជីវិតពិត អាចជួយឱ្យពួកគេបន្ធូរអារម្មណ៍មួយរយៈ។

ការរីកចម្រើននេះមិនមានតែនៅកម្ពុជាទេ។ រឿងភាគខ្លីរបស់ចិនកំពុងពង្រីកខ្លួនយ៉ាងលឿនទៅទីផ្សារក្រៅប្រទេស ជាពិសេសអាស៊ីអាគ្នេយ៍។ ទិន្នន័យដែល Caixin Global ដកស្រង់ពី Sensor Tower បង្ហាញថា ការទាញយកកម្មវិធីរឿងខ្លីទូទាំងពិភពលោកបានលើស ៨៥០ លានដងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង ១៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយអាស៊ីអាគ្នេយ៍មានចំណែក ៣២ភាគរយនៃការទាញយកសរុប។

បច្ចេកវិទ្យា AI ក៏កំពុងចូលរួមកាន់តែជ្រៅក្នុងខ្សែចង្វាក់ផលិតកម្មរឿងខ្លីចិន ចាប់ពីការអភិវឌ្ឍសាច់រឿង ការបកប្រែ កាត់ត រហូតដល់ប្រព័ន្ធណែនាំមាតិកា ដែលជួយកាត់បន្ថយថ្លៃដើម និងពេលវេលាផលិត។

ការផ្ដោតលើទីផ្សារអាស៊ានក៏កាន់តែច្បាស់។ កាលពីខែកក្កដា ឆ្នាំ២០២៦ វេទិការឿងខ្លីដែលជំរុញដោយ AI មួយត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងណាននីង តំបន់ក្វាងស៊ី ដោយមានគោលដៅជំរុញការនាំចេញរឿងខ្លីចិន និងបង្កើតបណ្ដាញសហការជាមួយទីផ្សារអាស៊ាន។ ប្រព័ន្ធនេះរួមបញ្ចូលទាំងការកែសម្រួលសាច់រឿង ការផលិតវីដេអូឆ្លាតវៃ និងការបកប្រែពហុភាសា។

កាលពីខែមេសា ឆ្នាំនេះ សារព័ត៌មានចិនក៏បានរាយការណ៍ពីក្រុមហ៊ុនមួយនៅក្វាងស៊ី ដែលប្រើ AI ដើម្បីបកប្រែ និងធ្វើមូលដ្ឋានីយកម្មមាតិកាសម្រាប់ទីផ្សារក្រៅប្រទេស ហើយបានលើកឡើងជាក់លាក់ពីការដាក់ដំណើរការវេទិកាឌីជីថលមួយនៅកម្ពុជា ដែលប្រើរូបរាង AI របស់តារាចម្រៀង និងតារាបង្ហាញម៉ូដក្នុងស្រុក។

លោក ប៊ុនថង យល់ថា កំហុសដែលអ្នកប្រើប្រាស់កំពុងមើលឃើញ មិនគួរត្រូវបានចាត់ទុកថាជាចំណុចខ្សោយអចិន្ត្រៃយ៍របស់បច្ចេកវិទ្យានោះទេ។ ប្រតិកម្មពីអ្នកប្រើប្រាស់ចំពោះការអានខុស បកប្រែខុស ឬសំឡេងដែលមិនស៊ីគ្នានឹងបរិបទ អាចក្លាយជាព័ត៌មានត្រឡប់សម្រាប់អ្នកអភិវឌ្ឍបច្ចេកវិទ្យាកែលម្អប្រព័ន្ធ។

លោកនិយាយថា៖ «នៅពេលដែលមានប្រតិកម្មពីអ្នកប្រើប្រាស់ថា វាអានមិនត្រូវ វាអានខុស វាសើចខុសរឿង អ្នកជំនាញពាក់ព័ន្ធអាចនឹងកែលម្អ។ ថ្ងៃក្រោយទៅ វាអាចអានពីរោះជាងនេះ និងបកប្រែត្រូវច្រើនជាងនេះ»។

សម្រាប់ភាសាខ្មែរ បញ្ហាប្រឈមដូច្នេះមិនមែនត្រឹមតែធ្វើឱ្យ AI អាចបញ្ចេញសំឡេងជាភាសាខ្មែរបាននោះទេ ប៉ុន្តែធ្វើយ៉ាងណាឱ្យការបកប្រែយល់ពីបរិបទ ប្រើពាក្យត្រឹមត្រូវ និងបញ្ចេញសំឡេងដែលមានទឹកដមស្របទៅនឹងតួអង្គ និងអារម្មណ៍នៃសាច់រឿង។

ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសុំការអត្ថាធិប្បាយលើនិន្នាការ និងផលប៉ះពាល់នៃរឿងបរទេសដែលបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរដោយ AI បានទេ គិតត្រឹមពេលចុះផ្សាយ។

-Post Khmer-

អត្ថបទទាក់ទង