Grand News Asia Close

លោក នេត្រ ភក្ត្រា៖ កងទ័ព បន្លាលួស និងកុងតឺន័រថៃ មិនអាចបង្កើតអធិបតេយ្យភាពលើទឹកដីកម្ពុជាបានទេ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1019
លោក នេត្រ ភក្ត្រា៖ កងទ័ព បន្លាលួស និងកុងតឺន័រថៃ មិនអាចបង្កើតអធិបតេយ្យភាពលើទឹកដីកម្ពុជាបានទេ លោក នេត្រ ភក្ត្រា៖ កងទ័ព បន្លាលួស និងកុងតឺន័រថៃ មិនអាចបង្កើតអធិបតេយ្យភាពលើទឹកដីកម្ពុជាបានទេ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ថៃមិនអាចប្រែក្លាយការគ្រប់គ្រងទឹកដីកម្ពុជាដោយកម្លាំង ទៅជាអធិបតេយ្យភាពស្របច្បាប់ តាមរយៈការដាក់កងទ័ព បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន ឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានឡើយ ដោយសង្កត់ធ្ងន់ថា ព្រំដែនត្រូវកំណត់ដោយច្បាប់ មិនមែនដោយការបង្កើត «ស្ថានភាពជាក់ស្តែងថ្មី» លើដីនោះទេ។

ក្នុងសារមួយ លោក ភក្ត្រា បានបែងចែកឱ្យដាច់រវាង «ការគ្រប់គ្រងទឹកដីជាក់ស្តែង» និង «អធិបតេយ្យភាពស្របច្បាប់» ខណៈកម្ពុជាបន្តចោទថា កងកម្លាំងថៃនៅតែរក្សាទីតាំង និងរបាំងនៅតំបន់មួយចំនួនដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងទឹកដីរបស់ខ្លួន ក្រោយការប្រយុទ្ធតាមព្រំដែន។

លោកបានថ្លែងថា កងកម្លាំងប្រដាប់អាវុធអាចចូលកាន់កាប់ទីតាំងមួយ ដាក់បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ ឬរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ពួកគេ ប៉ុន្តែសកម្មភាពទាំងនេះមិនអាចបង្កើតប័ណ្ណកម្មសិទ្ធិលើទឹកដីបានឡើយ។

លោកថា៖ «ការប្រើកម្លាំងអាចផ្លាស់ប្តូរអ្នកដែលកំពុងឈរជើងលើដី ប៉ុន្តែមិនអាចផ្លាស់ប្តូរអ្នកដែលមានសិទ្ធិស្របច្បាប់លើដីនោះបានទេ»។

ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ចំពោះការដាក់បន្លាលួស កុងតឺន័រ និងវត្តមានយោធាថៃនៅតំបន់ព្រំដែនមួយចំនួន រួមមានភូមិជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ ហើយទាមទារឱ្យប្រជាពលរដ្ឋដែលភៀសខ្លួនអាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេដោយសុវត្ថិភាព។

ភាគីថៃបានបដិសេធការចោទប្រកាន់ថា ខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយអះអាងថា កងកម្លាំងរបស់ខ្លួនស្ថិតក្នុងទឹកដីថៃ ឬតំបន់ដែលការកំណត់ព្រំដែននៅមានការខ្វែងគំនិតគ្នា។

A Thai razor wire barricade on what Phnom Penh insists is sovereign Cambodian territory. Supplied

បន្លាលួសមិនមែនជាខ្សែព្រំដែន

លោក ភក្ត្រា បានព្រមានជាពិសេសចំពោះការប្រើកម្លាំងដើម្បីបង្កើត faits accomplis ឬស្ថានភាពជាក់ស្តែងថ្មីនៅលើដី ហើយក្រោយមកយកស្ថានភាពដែលបង្កើតឡើងនោះទៅធ្វើជាមូលដ្ឋានសម្រាប់ការទាមទារផ្នែកនយោបាយ ឬទឹកដី។

លោកថា ប្រសិនបើមានការខ្វែងគំនិតគ្នាអំពីទីតាំងព្រំដែនកម្ពុជា-ថៃ ដំណោះស្រាយត្រូវផ្អែកលើច្បាប់ សន្ធិសញ្ញា ផែនទី ឯកសារកំណត់ព្រំដែន យន្តការដែលភាគីទាំងពីរបានព្រមព្រៀង និងមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី។

លោកបានថ្លែងថា៖ «បន្លាលួសមិនមែនជាខ្សែព្រំដែន។ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លេណដ្ឋានមិនមែនជាសន្ធិសញ្ញា។ ហើយវត្តមានកងទ័ពមិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដីឡើយ»។

លោកបានយោងទៅមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមរដ្ឋមិនឱ្យគំរាមកំហែង ឬប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋដទៃ។

លោកក៏បានយោងសេចក្តីប្រកាសរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ 2625 ឆ្នាំ១៩៧០ ដែលកំណត់ថា ការទទួលបានទឹកដីតាមរយៈការគំរាមកំហែង ឬការប្រើកម្លាំង មិនត្រូវទទួលស្គាល់ថាជាការទទួលបានទឹកដីស្របច្បាប់ឡើយ។

លោកថា ការដែលកងទ័ពអាចគ្រប់គ្រងទីតាំងណាមួយបាន គ្រាន់តែបង្ហាញថាអ្នកណាកំពុងកាន់កាប់ទីតាំងនោះជាក់ស្តែង ប៉ុន្តែមិនអាចកំណត់ថា ប្រទេសណាមានអធិបតេយ្យភាពស្របច្បាប់លើទីតាំងនោះទេ។

លោកបានបញ្ជាក់ថា៖ «កងទ័ពអាចបង្កើតការគ្រប់គ្រងដោយកម្លាំង ប៉ុន្តែកងទ័ពមិនអាចបង្កើតប័ណ្ណកម្មសិទ្ធិលើទឹកដីបានទេ»។

លើកយកសាលក្រមប្រាសាទព្រះវិហារ

លោក ភក្ត្រា ក៏បានលើកយកសាលក្រមប្រាសាទព្រះវិហាររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមេរៀនផ្លូវច្បាប់ដែលបង្ហាញថា វត្តមានកងទ័ពនៅលើដីមិនអាចយកឈ្នះលើអធិបតេយ្យភាពដែលកំណត់ដោយច្បាប់បានឡើយ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ICJ បានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយថៃមានកាតព្វកិច្ចដកកងកម្លាំងយោធា ប៉ូលិស អ្នកយាម ឬអ្នកថែរក្សារបស់ខ្លួន ដែលឈរជើងនៅប្រាសាទ ឬតំបន់ជុំវិញដែលស្ថិតក្នុងទឹកដីកម្ពុជា។

នៅខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានបកស្រាយសាលក្រមឆ្នាំ១៩៦២ និងសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើតំបន់ខ្ពង់រាបប្រាសាទព្រះវិហារទាំងមូល ក្នុងវិសាលភាពដែលតុលាការបានកំណត់ ហើយថៃមានកាតព្វកិច្ចដកកងកម្លាំងពាក់ព័ន្ធចេញពីតំបន់នោះ។

ទោះជាយ៉ាងណា សាលក្រមទាំងនេះមិនបានដោះស្រាយគ្រប់ផ្នែកនៃព្រំដែនកម្ពុជា-ថៃនោះទេ។ លោក ភក្ត្រា បានលើកឡើងថា មេរៀនសំខាន់គឺ វត្តមានរបស់កងកម្លាំងនៅទីតាំងណាមួយមិនអាចលុបបំបាត់សិទ្ធិអធិបតេយ្យភាពដែលកំណត់ដោយច្បាប់បាន។

លោកថា៖ «សំណួរស្នូលមិនមែនថា ‘អ្នកណាកំពុងឈរជើងនៅទីនោះ?’ ទេ។ សំណួរគឺ៖ ‘អ្នកណាមានសិទ្ធិស្របច្បាប់លើទឹកដីនោះ?’»។

លោកបានបន្ថែមថា ការអះអាងអធិបតេយ្យភាពត្រូវមានមូលដ្ឋានលើសន្ធិសញ្ញា ផែនទី ឯកសារកំណត់ព្រំដែន និងភស្តុតាងផ្លូវច្បាប់ មិនមែនត្រឹមវត្តមានកងទ័ព។

លោកថា៖ «ប្រសិនបើចម្លើយត្រូវបានជំនួសដោយការបង្ហាញវត្តមានកងទ័ព នោះវាមិនមែនជាការបង្ហាញប័ណ្ណកម្មសិទ្ធិទេ។ វាគ្រាន់តែជាការបង្ហាញអំណាច»។

 

ព្រំដែនត្រូវកំណត់ដោយច្បាប់ មិនមែនកាំភ្លើង

លោក ភក្ត្រា បាននិយាយថា ការគ្រប់គ្រងទីតាំងមួយដោយកម្លាំងក៏មិនអាចក្លាយជាស្របច្បាប់ដោយស្វ័យប្រវត្តិ ដោយសារតែវាបន្តអស់រយៈពេលយូរនោះដែរ។

ការដាក់កងទ័ពបន្ថែម ការសាងសង់ផ្លូវ ប៉ុស្តិ៍ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អាចពង្រឹងការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពដោយខ្លួនឯងបានឡើយ។

លោកថា បញ្ហាព្រំដែនកម្ពុជា-ថៃមិនគួរក្លាយជាការប្រកួតប្រជែងថា ភាគីណាអាចដាក់កម្លាំងបានច្រើនជាង រាយបន្លាលួសបានឆ្ងាយជាង ឬបង្កើតស្ថានភាពថ្មីនៅលើដីបានលឿនជាងនោះទេ។

ភាគីថៃបានប្រកាន់ជំហរថា បញ្ហាព្រំដែនគួរត្រូវបានដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់ ហើយបានបដិសេធការចោទប្រកាន់របស់កម្ពុជាថា កងកម្លាំងរបស់ខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

ប្រទេសទាំងពីរមានយន្តការទ្វេភាគី រួមមានគណៈកម្មការចម្រុះព្រំដែន (JBC) សម្រាប់ដោះស្រាយបញ្ហាព្រំដែនគោក។

លោក ភក្ត្រា បានសង្កត់ធ្ងន់ថា ដំណោះស្រាយត្រូវឈរលើច្បាប់ និងភស្តុតាង មិនមែនទទួលយកស្ថានភាពដែលបង្កើតឡើងដោយកម្លាំងយោធាឱ្យក្លាយជាការពិតថ្មីឡើយ។

លោកថា៖ «ប្រវត្តិសាស្ត្រអាចកត់ត្រាថា កងទ័ពណាមួយធ្លាប់ឈរនៅទីណា។ ប៉ុន្តែច្បាប់ជាអ្នកកំណត់ថា ទឹកដីនោះស្ថិតក្រោមអធិបតេយ្យភាពរបស់អ្នកណា»។

លោកបន្ថែមថា៖ «បន្លាលួសអាចរារាំងមនុស្ស ប៉ុន្តែមិនអាចរារាំងច្បាប់បាន។ កុងតឺន័រអាចបិទផ្លូវ ប៉ុន្តែមិនអាចបង្កើតព្រំដែនបាន»៕

-Post Khmer-

អត្ថបទទាក់ទង