Grand News Asia Close

មន្ត្រី​កម្ពុជា​ប្រាប់ទៅថៃ​កុំឲ្យ​ដោះមីន​ក្នុង​ដីកម្ពុជា ហើយ​កុំ​យក​រឿង​ជាន់​មីន​មក​ភ្ជាប់​ជាមួយ​កម្ពុជា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1017
មន្ត្រី​កម្ពុជា​ប្រាប់ទៅថៃ​កុំឲ្យ​ដោះមីន​ក្នុង​ដីកម្ពុជា ហើយ​កុំ​យក​រឿង​ជាន់​មីន​មក​ភ្ជាប់​ជាមួយ​កម្ពុជា Thai Army spokesperson Winthai Suvaree has commented on a landmine explosion which took place on occupied Cambodian territory. Khaosod English

មន្ត្រីក្រសួងការពារជាតិ​ម្នាក់​បានថ្លែងថា ការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ មិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជា ឬតំបន់ដែលមិនទាន់បានវាស់វែងនិងខណ្ឌសីមា នោះ​ឡើយ ហើយ​កុំ​យក​រឿង​ជាន់មីន​មក​ពាក់​ព័ន្ធ​នឹង​កម្ពុជា។

ការ​លើក​ឡើង​របស់មន្ត្រី​​ក្រសួង​ការពារ​ជាតិ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ថៃ បាន​ចុះផ្សាយ​ថា ទាហាន​ថៃ បាន​ជាន់​មីន​នៅ​ម្ដុំ​ច្រក​អានសេះ​នៅ​ថ្ងៃទី១៧ ខែ​សីហានេះ។​

មន្ត្រី​​ក្រសួង​ការពារ​ជាតិដដែល​បាន​ថ្លែង​ថា៖ «ភាគីថៃមិនត្រូវប៉ុនប៉ងភ្ជាប់ឧបទ្ទវហេតុដែលទាហានថៃដើរជាន់មីនក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួន មកទាក់ទងនឹងកម្ពុជាឡើយ។ ប្រតិបត្តិការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ មិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជា ឬតំបន់ដែលមិនទាន់បានវាស់វែងនិងខណ្ឌសីមា ឬតំបន់ទឹកដីកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ»។

មន្ត្រីដដែល​បានថ្លែង​ថា៖ «ការដោះមីនមិនអាចប្រើជាលេសដើម្បីពង្រីកវត្តមានយោធា បង្កើតការពិតថ្មីនៅលើដី ឬធ្វើឱ្យការកាន់កាប់ដោយខុសច្បាប់ក្លាយជាស្របច្បាប់បានឡើយ។ ការដោះមីនមិនបង្កើតអធិបតេយ្យភាព»។

កាសែត​ថៃ បាន​ចុះផ្សាយ​ថា ទាហាន​ថៃ​ម្នាក់​បាន​ជាន់​មីន​ផ្ទុះ​របួស​ជើង នៅ​ពេល​កំពុង​បោស​សម្អាត​ទីតាំងនៅ​ក្បែរ​ច្រក​អានសេះ ដែល​ពួក​គេ​កំពុង​​គ្រប់គ្រង។

អ្នក​នាំពាក្យ​កងទ័ព​ជើងគោកថៃ Winthai Suvaree បាន​ចេញ​មក​ប្រកាស​ថា ពួក​គេ​បាន​ឈូស​បំផ្លាញ​មូលដ្ឋាន​យោធាកម្ពុជានៅ​ក្បែរទីនេះ ក្រោយ​ពេល​ពួក​គេ​បាន​វាយ​រុញ​ច្រាន​ទាហាន​កម្ពុជា​ចេញ​ពីទី​នេះ ហើយ​បាន​ចាប់​ផ្ដើម​បោស​សម្អាត​មីន៕

Post Khmer

អត្ថបទទាក់ទង