ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការបែងចែកដីធ្លីរបស់អាជ្ញាធរថៃនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពបែងចែកដីធ្លីដល់ពលរដ្ឋថៃ នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាសកម្មភាពរដ្ឋបាលដែលមិនអាចទទួលយកបាន និងជាការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅតំបន់ព្រំដែន ដែលអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងដំណើរការកំណត់ខណ្ឌសីមាព្រំដែនរបស់ប្រទេសទាំងពីរ។
សំណួរទី២៖ តើសកម្មភាពនេះស្របនឹងកិច្ចព្រមព្រៀង និងយន្តការព្រំដែនដែលមានស្រាប់ដែរឬទេ?
ចម្លើយ៖ សកម្មភាពនេះផ្ទុយនឹងមាត្រា៥ នៃ MOU ស្តីពីការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ឆ្នាំ២០០០ ព្រមទាំងកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ JBC ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងវិធានការកាត់បន្ថយភាពតានតឹងក្នុងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង។ កម្ពុជាយល់ថា សកម្មភាពឯកតោភាគីបែបនេះអាចរំខានដល់ការងាររបស់ JBC ដែលជាយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយបញ្ហាព្រំដែន។
សំណួរទី៣៖ តើកម្ពុជាទាមទារឱ្យភាគីថៃអនុវត្តអ្វីខ្លះ ហើយកម្ពុជានៅតែប្រកាន់ជំហរយ៉ាងដូចម្តេចចំពោះបញ្ហាព្រំដែន?
ចម្លើយ៖ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីនៅតំបន់នេះ និងតំបន់ផ្សេងទៀតដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ដោយខុសច្បាប់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើតទំនុកចិត្តសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាបញ្ជាក់ថា សកម្មភាពឯកតោភាគីរបស់ថៃមិនអាចកែប្រែសិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិបានឡើយ ហើយកម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំង និងបន្តដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕





