សម្តេចធិបតី មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន “ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់”
សម្តេចធិបតី មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន “ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់”
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។







