Grand News Asia Close

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1017
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

 

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិពីការតវ៉ាយ៉ាងខ្លាំងរបស់កម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងថៃ និងជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី ស្របតាមការចង់បានរបស់សហគមន៍អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីឆ្នាំ២០២៥ មក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែន។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីថា ជម្រើសក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការសន្ទនាការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ត្រឹមត្រូវ និងល្អបំផុត ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលត្រូវបានកំណត់ច្បាស់លាស់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម ដោយមានផែនទីកំណត់ច្បាស់លាស់និងទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះ គ្មានភាគីណាមួយអាចកែប្រែខ្សែព្រំដែនអន្តរជាតិដោយឯកតោភាគីទាំងបំពានច្បាប់អន្តរជាតិ និងបំពានគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) បានឡើយ ហើយការប្រើកម្លាំងយោធាក៏មិនអាចដំណោះស្រាយបញ្ហាព្រំដែនបានដែរ។ រីឯការតវ៉ាផ្លូវការ គឺជាឯកសារគតិយុត្តដ៏សំខាន់ដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងការកាន់កាប់ខុសច្បាប់។

ទាំងនេះ គឺជាទឡ្ហីករណ៍ដ៏រឹងមាំដែលរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាត្រូវប្រកាន់យកជម្រើសដោះស្រាយតាមការទូតដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងខិតខំចៀសវាងជម្លោះប្រដាប់អាវុធ ហើយមិនដែលធ្វេសប្រហែសក្នុងការតវ៉ា។ ជម្រើសនេះ ក៏ស្របទៅនឹងជំហររបស់សហគមន៍អន្តរជាតិដែលកំពុងជំរុញឱ្យមានដំណោះស្រាយតាមផ្លូវដែលកម្ពុជាចង់បាននេះដែរ។ ដើម្បីឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ខណៈដែលសហគមន៍អន្តរជាតិ សារព័ត៌មានបរទេសធំៗ ក៏ដូចជាអ្នកស្រឡាញ់សន្តិភាពនិងយុត្តិធម៌នៅលើពិភពលោក បានចេញមុខជាបន្តបន្ទាប់និយាយការពិតពីអំពើឈ្លានពាន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការរំលោភបំពានសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសថៃ។ និន្នាការនេះ កំពុងជំរុញឱ្យមានដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខនេះ៕

សូមអរគុណ!

អត្ថបទទាក់ទង