ទាក់ទងនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋភៀសសឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋភៀសសឹក
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ ដើម្បីធានាសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន?
ចម្លើយ៖ រាជរដ្ឋាភិបាលបានបន្តសម្របសម្រួលការវិលត្រឡប់របស់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌសុវត្ថិភាព និងបានរៀបចំជម្រកបណ្តោះអាសន្នសមរម្យសម្រាប់អ្នកដែលមិនទាន់អាចត្រឡប់ទៅវិញបានដោយសារការរារាំងពីកងកម្លាំងថៃ។ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានបានបន្តដោះស្រាយបញ្ហាប្រឈមនានា និងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ រហូតដល់ពួកគេអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។
សំណួរទី២៖ តើកម្ពុជាកំពុងជំរុញដំណោះស្រាយអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះអាចវិលត្រឡប់ទៅផ្ទះវិញបានដោយសុវត្ថិភាព?
ចម្លើយ៖ កម្ពុជាកំពុងជំរុញឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ និងចាប់ផ្តើមការងាររបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឡើងវិញឱ្យបានឆាប់បំផុត ជាពិសេសការវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់។ ការងារនេះមានគោលបំណងមិនត្រឹមតែដោះស្រាយបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីបង្កើតលក្ខខណ្ឌច្បាស់លាស់ និងសុវត្ថិភាពសម្រាប់ការវិលត្រឡប់របស់ប្រជាពលរដ្ឋផងដែរ។
សំណួរទី៣៖ តើការដោះស្រាយបញ្ហាព្រំដែនតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) មានសារៈសំខាន់យ៉ាងដូចម្តេច ចំពោះការវិលត្រឡប់របស់ជនភៀសសឹក?
ចម្លើយ៖ ការបន្តការងាររបស់ JBC មានសារៈសំខាន់ក្នុងការបង្កើតលក្ខខណ្ឌច្បាស់លាស់ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន។ តាមរយៈការវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់ដែលរងផលប៉ះពាល់ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ នឹងជួយកាត់បន្ថយភាពមិនច្បាស់លាស់ និងបង្កើតមូលដ្ឋានសម្រាប់ឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតបានដោយសុវត្ថិភាព និងគ្មានការរារាំង។ ដូច្នេះ ការចាប់ផ្តើមការងារ JBC ឡើងវិញ គឺជាជំហានសំខាន់មួយសម្រាប់ដោះស្រាយទាំងបញ្ហាព្រំដែន និងបញ្ហាជនភៀសសឹកប្រកបដោយសន្តិវិធី និងធានាសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕





