លោក នេត្រ ភក្ត្រា៖ ថ្ងៃទី២៤ កក្កដា ជាថ្ងៃដែលកម្ពុជាចងចាំការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ
Information minister Neth Pheaktra has declared July 24 the anniversary of Thai military aggression against Cambodia. Supplied
ភ្នំពេញ: ខណៈឈានចូលគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃទី២៤ ខែកក្កដា គឺជាកាលបរិច្ឆេទដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលត្រូវបានចងចាំថា ជាថ្ងៃយោធាថៃបានចាប់ផ្តើមការឈ្លានពានយ៉ាងឃោរឃៅមកលើទឹកដីកម្ពុជា។
តាមរយៈសារជាបន្តបន្ទាប់ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមមុនគម្រប់ខួបមួយឆ្នាំ លោក នេត្រ ភក្ត្រា បានរៀបរាប់ពីព្រឹត្តិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា បាននាំទៅដល់ការផ្ទុះជម្លោះ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទុកការពិតក្នុងប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ «មិនមែនជាកាលបរិច្ឆេទធម្មតាមួយឡើយ» ប៉ុន្តែជាថ្ងៃដែលយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ មុនពេលការប៉ះទង្គិចរីករាលដាលទៅកាន់តំបន់ផ្សេងទៀតតាមបណ្តោយព្រំដែន។
តាមការរៀបរាប់របស់លោក ជម្លោះនេះបានកើតឡើងក្រោយពីមានភាពតានតឹងជាច្រើនសប្ដាហ៍ ដោយលោកបានរំលឹកដល់ហេតុការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលតាមការអះអាងរបស់រាជរដ្ឋាភិបាលកម្ពុជា យោធាថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាឈរជើង និងបានបាញ់សម្លាប់យោធិនកម្ពុជា លោក សួន រោន។
លោកបានចាត់ទុកហេតុការណ៍នោះថា ជាការបង្ហាញពីការបង្កហេតុ និងការរំលោភអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ដែលទីបំផុតបានឈានទៅដល់ការផ្ទុះការប៉ះទង្គិចប្រដាប់អាវុធ។
លោកបានសរសេរថា៖ «កម្ពុជាមិនបានបង្កសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ»។
លោកបានបន្តថា ថ្ងៃទី២៤ ខែកក្កដា គួរត្រូវបានចងចាំ មិនត្រឹមតែជាថ្ងៃដែលការប៉ះទង្គិចបានចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្ងៃដែលរំឭកដល់ការលះបង់របស់កងកម្លាំងប្រដាប់អាវុធ នគរបាលការពារព្រំដែន និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការរក្សាការពិតនៃប្រវត្តិសាស្ត្រ។
លោកបានអះអាងថា កម្លាំងយោធា យន្តហោះចម្បាំង គ្រាប់បែក របាំងលួសបន្លា និងការប៉ុនប៉ងបង្កើត «ស្ថានភាពជាក់ស្ដែងលើដី» មិនអាចផ្លាស់ប្តូរព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ឬលុបបំបាត់ការពិតនៃជម្លោះបានឡើយ។
ភស្តុតាងនៃជម្លោះ
លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីគ្រាប់បែក MK-84 មួយគ្រាប់ដែលមិនទាន់ផ្ទុះ និងត្រូវបានអះអាងថា ទម្លាក់ដោយកងទ័ពអាកាសថៃលើផ្ទះប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ថាជាភស្តុតាងរូបវន្តមួយនៃជម្លោះ។
លោកបានសរសេរថា គ្រាប់បែកនេះមិនមែនគ្រាន់តែជាសំណល់នៃការវាយប្រហារនោះទេ ប៉ុន្តែជា «សាក្សីស្ងៀមស្ងាត់» នៃអំពើឈ្លានពាន និងជាភស្តុតាងនៃការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លោកក៏បានលើកឡើងពីវត្តតាមាន់សែនជ័យ ក្នុងខេត្តឧត្តរមានជ័យ ថាជាទីកន្លែងមួយទៀតដែលបង្ហាញពីវិនាសកម្មនៃជម្លោះ។ លោកបានឱ្យដឹងថា វត្តដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទខ្មែរ ត្រូវបានរងការវាយប្រហារដោយគ្រាប់បែកប្រភេទ MK-82។
លោកបានបញ្ជាក់ថា ការវាយប្រហារលើទីតាំងសាសនា និងតំបន់ស៊ីវិល បានបំផ្លាញអគារ ហេដ្ឋារចនាសម្ព័ន្ធ និងទីសក្ការៈបូជា ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានចាត់ទុកវិនាសកម្មនៅវត្តតាមាន់សែនជ័យថា ជាស្នាមរបួសមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាភស្តុតាងនៃអ្វីដែលលោកពិពណ៌នាថា ជាការឈ្លានពាន ការរំលោភអធិបតេយ្យភាព និងការមិនគោរពច្បាប់អន្តរជាតិ។
ភាពតានតឹងនៅបន្ត
មួយឆ្នាំបន្ទាប់ពីការផ្ទុះជម្លោះ កម្ពុជានៅតែអះអាងថា កងកម្លាំងថៃបន្តកាន់កាប់ទីតាំងនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ ដែលកម្ពុជាចាត់ទុកថា ស្ថិតក្នុងទឹកដីរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានចោទថា កងកម្លាំងថៃបានសាងសង់បន្ទាយ ដាក់កុងតឺន័រ របាំងលួសបន្លា និងធ្វើសកម្មភាពវិស្វកម្មយោធានៅតំបន់ទាំងនោះ ខណៈកម្ពុជាបានបន្តដាក់កំណត់ហេតុតវ៉ាតាមផ្លូវការទូត ដោយចាត់ទុកថា សកម្មភាពទាំងនេះរំលោភលើអធិបតេយ្យភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់ខែធ្នូ ឆ្នាំ២០២៥។
ទោះបីភាពតានតឹងនៅតែបន្តក៏ដោយ កម្ពុជាបានបញ្ជាក់ថា ខ្លួននៅតែបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ។
បញ្ចប់សាររបស់ខ្លួន លោក នេត្រ ភក្ត្រា បានសរសេរថា៖ «កម្ពុជាចងចាំ! ប្រជាជនកម្ពុជាចងចាំ! ហើយប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនូវរាល់សកម្មភាពឈ្លានពាន រាល់គ្រាប់បែកដែលបានទម្លាក់ និងរាល់វិនាសកម្មដែលបានបង្កឡើងមកលើទឹកដីកម្ពុជា»។
-Phnom Penh Post-





