Grand News Asia Close

កម្ពុជាអំពាវនាវឱ្យអាស៊ានគាំទ្រប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1019
កម្ពុជាអំពាវនាវឱ្យអាស៊ានគាំទ្រប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ កម្ពុជាអំពាវនាវឱ្យអាស៊ានគាំទ្រប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ

សេចក្តីសង្ខេប៖ ទីក្រុងភ្នំពេញបានអំពាវនាវឱ្យអាស៊ានគាំទ្រការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាង ២០,០០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនជាមួយថៃ ខណៈបានបដិសេធការអះអាងរបស់ថៃថា ការសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានរារាំងការចរចាព្រំដែនគោករវាងប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះព្រំដែន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្រសួងការបរទេសកម្ពុជាក៏បានច្រានចោលការអះអាងរបស់ថៃដែលថា ការសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS របស់កម្ពុជា បាន «បិទទ្វារ» ចំពោះការចរចាព្រំដែនគោក។

ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) នៅថ្ងៃទី២០ ខែកក្កដា លោក ប្រាក់ សុខុន បានជម្រាបដល់សមភាគីអាស៊ានថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែបន្តស្នាក់នៅតាមជម្រកបណ្តោះអាសន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា កុមារជាច្រើនដែលត្រូវបានផ្លាស់ទីលំនៅ នៅមិនទាន់អាចត្រឡប់ទៅសាលារៀនវិញបាន ខណៈមនុស្សចាស់ និងក្រុមជនងាយរងគ្រោះផ្សេងទៀត ក៏នៅតែជួបការលំបាកក្នុងការទទួលបានសេវាសំខាន់ៗ បើទោះបីជារដ្ឋាភិបាលបានផ្តល់ជំនួយក៏ដោយ។

លោកបានអំពាវនាវដល់បណ្តាប្រទេសសមាជិកអាស៊ាន ឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព ភាពថ្លៃថ្នូរ និងអាចបន្តជីវភាពរស់នៅធម្មតាវិញបាន។

ក្នុងអំឡុងកិច្ចប្រជុំ លោក ប្រាក់ សុខុន ក៏បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma Theresa Lazaro ដោយភាគីទាំងពីរបានស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ អប់រំ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ចំពោះការគាំទ្រប្រកបដោយស្ថាបនាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន និងចំពោះតួនាទីដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងនាមជាប្រធានអាស៊ាន។

ទន្ទឹមនឹងនេះ ថ្លែងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបន្តយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បានធ្វើឱ្យទំនុកចិត្តរវាងប្រទេសទាំងពីរធ្លាក់ចុះ និងធ្វើឱ្យការពិភាក្សាព្រំដែនគោកកាន់តែមានការលំបាក។

លោកបានថ្លែងថា «នៅពេលនេះ វាបានបិទទ្វារចំពោះការពិភាក្សាអំពីព្រំដែនគោកទៅហើយ។ វាធ្វើឱ្យអ្វីៗកាន់តែពិបាក។»
លោកបានបន្ថែមថា កម្ពុជាមិនគួរប្តូរទៅប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មុនពេលការចរចាទ្វេភាគីត្រូវបានអនុវត្តអស់លទ្ធភាពនោះទេ ហើយបានបញ្ជាក់ថា បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយដោយការចរចាផ្ទាល់រវាងប្រទេសជិតខាងទាំងពីរ។

លោកបានបន្តថា «យើងសូមអគុណចំពោះសុច្ឆន្ទៈរបស់ប្រទេសចិន ប៉ុន្តែនេះជាបញ្ហាដែលថៃ និងកម្ពុជាត្រូវពិភាក្សាដោះស្រាយដោយផ្ទាល់រវាងគ្នា»។

នៅថ្ងៃទី២០ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានច្រានចោលការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសថៃ ដោយបញ្ជាក់ថា នីតិវិធីក្រោម UNCLOS ពាក់ព័ន្ធតែការកំណត់ព្រំដែនសមុទ្រប៉ុណ្ណោះ ហើយមិនមានឥទ្ធិពលលើដំណើរការកំណត់ព្រំដែនគោកដែលកំពុងបន្តនោះទេ ព្រោះដំណើរការទាំងពីរត្រូវបានគ្រប់គ្រងដោយក្របខណ្ឌច្បាប់ និងយន្តការទ្វេភាគីដាច់ដោយឡែកពីគ្នា។

យោងតាមក្រសួង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅតែជាយន្តការដែលភាគីទាំងពីរបានឯកភាពគ្នាសម្រាប់ដោះស្រាយបញ្ហាព្រំដែនគោក ស្របតាមអនុស្សរណៈយោគយល់ ឆ្នាំ២០០០ និងត្រូវបានបញ្ជាក់សារជាថ្មីនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។

ក្រសួងបានបញ្ជាក់ថា UNCLOS គឺជាយន្តការអន្តរជាតិដែលទទួលស្គាល់សម្រាប់ដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ហើយមិនគួរត្រូវបានយកមកធ្វើជាលេស ដើម្បីផ្អាកការងារខណ្ឌសីមាព្រំដែននោះឡើយ។

ប្រភពដដែលក៏បានលើកឡើងថា ប្រទេសថៃបានដកខ្លួនចេញពីក្របខណ្ឌចរចាទ្វេភាគីស្តីពីព្រំដែនសមុទ្រ ដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នា បើទោះបីជាកម្ពុជាបានស្នើសុំមិនឱ្យធ្វើដូច្នេះក៏ដោយ។ ក្រសួងបានកត់សម្គាល់ថា កន្លងមក ថៃធ្លាប់បង្ហាញចេតនារបស់ខ្លួនក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអំពាវនាវឱ្យប្រទេសថៃវិលត្រឡប់មកបន្តដំណើរការកំណត់ខណ្ឌសីមាដែលបានឯកភាពរួចហើយ។

លោកបានមានប្រសាសន៍ថា« កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបន្តថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ បើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។

លោកក៏បានបន្ថែមថា ថៃធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ខ្លួនមានបំណងពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ ប៉ុន្តែពេលនេះវិញ បែរជាជំទាស់នឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការដោះស្រាយវិវាទដូចគ្នានេះ។

លោកបានសង្កត់ធ្ងន់ថា UNCLOS គឺជាមធ្យោបាយសន្តិវិធីដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់យន្តការនេះគួរតែត្រូវបានចាត់ទុកថា ជាការធានានូវទំនុកចិត្តជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ។

លោកបានបញ្ជាក់ថា ដំណើរការកំណត់ខ័ណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការអនុវត្តជាក់ស្តែង ដែលត្រូវផ្អាកការងារកំណត់ខណ្ឌសីមា ខណៈដែលបញ្ហាព្រំដែនសមុទ្រកំពុងដំណើរការដាច់ដោយឡែកក្រោម UNCLOS នោះឡើយ។

ក្រសួងក៏បានលើកឡើងពីការកើនឡើងនៃការគាំទ្រពីសហគមន៍អន្តរជាតិចំពោះជំហររបស់កម្ពុជា ដោយបញ្ជាក់ថា សភានៃប្រទេសនិយាយភាសាបារាំង (Parliamentary Assembly of the Francophonie) បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់នូវការគាំទ្រអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា និងបង្ហាញការគាំទ្រដល់ដំណើរការខ័ណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀត។

ជាមួយគ្នានេះ សហគមន៍អន្តរជាតិបានអំពាវនាវឱ្យប្រទេសថៃគោរពសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០។

ក្រសួងបានបញ្ជាក់ថា ការពន្យារពេលដំណើរការខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ក្នុងគោលបំណងកាត់យកទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ នឹងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

-Khmer Times-

អត្ថបទទាក់ទង