Grand News Asia Close

អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញដោយសុច្ឆន្ទៈ

ដោយ៖ Morm Sokun ​​ | 10 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1037
អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញដោយសុច្ឆន្ទៈ អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញដោយសុច្ឆន្ទៈ

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីភាពសកម្មនៃការទូតសេដ្ឋកិច្ច និងការទូតដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖

ទី១. កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការអំពាវនាវនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ជាការឆ្លើយតបទៅនឹងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃដែលអះអាងថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាពាក់ព័ន្ធព្រំដែនគោក។

កម្ពុជាសូមបញ្ជាក់ថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ បើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ កន្លងទៅនេះ ប្រទេសថៃខ្លួនឯងក៏បានបង្ហាញពីចេតនារបស់ខ្លួនម្តងហើយម្តងទៀតក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រដែរ ប៉ុន្តែពេលនេះថៃបែរជាតវ៉ាប្រឆាំងនឹងកម្ពុជាដែលបានចាប់ផ្តើមដំណើរយន្តការដោះស្រាយវិវាទក្រោម UNCLOS ទៅវិញ។

កម្ពុជាសូមបញ្ជាក់ជូនថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ គឺជាមធ្យោបាយសន្តិវិធីដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់យន្តការនេះគួរតែត្រូវបានចាត់ទុកថា ជាការធានានូវទំនុកចិត្តជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ ពីព្រោះនេះជាការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិ។ រីឯការកំណត់ខ័ណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនដែរថា សភានៃប្រទេសនិយាយភាសាបារាំង (APF) បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់នូវការគាំទ្រអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា និងបង្ហាញការគាំទ្រដល់ដំណើរការខ័ណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀត ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រម ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។

ការពន្យារពេលដំណើរការងារខ័ណ្ឌសីមាព្រំដែនដោយគ្មានកំណត់ដើម្បីកាត់យកនិងកាន់កាប់ជាអចិន្ត្រៃយ៍នូវទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលទង្វើបែបនេះមិនអាចត្រូវបានអនុញ្ញាតឱ្យបន្តធ្វើតទៅទៀតបានឡើយ។

ទី២. ការទូតសេដ្ឋកិច្ចរបស់សម្តេចធិបតីបន្តទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់កូរ៉េ៖ ក្នុងឱកាសជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦ គណៈប្រតិភូវិនិយោគិនកូរ៉េមួយក្រុមបានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

គណៈប្រតិភូវិនិយោគិនកូរ៉េទាំងនោះ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែមក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងចំណោមក្រុមហ៊ុនទាំង១៥ មានក្រុមហ៊ុនចំនួន៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុន៦ផ្សេងទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម តែមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានាក្នុងការលើកទឹកចិត្តដល់វិនិយោគិន ការកែទម្រង់ស្ថាប័ន ការធ្វើសាមញ្ញកម្មនីតិវិធីនានា និងការអនុគ្រោះពន្ធជាដើម។

ក្នុងឱកាស អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរយៈពេល៣ថ្ងៃកាលពីថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន១៩ បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាបន្តបន្ទាប់។ ក្រុមហ៊ុនចិនធំៗទាំងនោះសុទ្ធតែបានសម្តែងការចាប់អារម្មណ៍លើសក្តានុពលប្រទេសកម្ពុជា និងអះអាងពីការស្វែងរកឱកាសដើម្បីវិនិយោគនៅកម្ពុជា ឬពង្រីកបន្ថែមការវិនិយោគដែលមានស្រាប់៕

សូមអរគុណ!

អត្ថបទទាក់ទង