កម្ពុជា ជម្រាជូនមហាសន្និបាត អ.ស.ប. អំពីការវាយ ប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
កម្ពុជា ជម្រាជូនមហាសន្និបាត អ.ស.ប. អំពីការវាយ ប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេស ដែលទទួលទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញនូបក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹង ដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នេះយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ បានគូសរំលេចថា កម្ពុជា បានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនជូនមហាសន្និបាត អំពីការវាយ ប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទ ប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព៕ ដោយ៖ កន ចំណាន









