ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្គំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្គំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី ១៖ តើការលើកឡើងរបស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានតែប្រកាសអំពីការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ប៉ុន្តែគ្មានសកម្មភាព ជាក់ស្តែង គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនមែនជាការពិតនោះទេ។ ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ សមុទ្រ (UNCLOS) កំពុងបន្តទៅមុខស្របតាមនីតិវិធីអន្តរជាតិ។ ជាក់ស្តែង អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូបបានស្នើសុំ ពេលវេលាបន្ថែម ដើម្បីពិចារណាការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ហើយទាំងកម្ពុជា និងថៃបានយល់ព្រមតាម សំណើនេះ។ នេះបង្ហាញថា ដំណើរការមិនបានផ្អាក ឬបញ្ឈប់នោះទេ ប៉ុន្តែ កំពុងអនុវត្តទៅតាមនីតិវិធីដែលកំណត់ដោយ UNCLOS ហើយក្រុមអ្នកផ្សះផ្សាដែលសុទ្ធសឹងជាអ្នកជំនាញឈានមុខខាងច្បាប់អន្តរជាតិកំពុងធ្វើការងាររបស់ខ្លួន យ៉ាងសកម្ម។
សំណួរទី ២៖ តើការស្នើសុំពេលវេលាបន្ថែម ដើម្បីតែងតាំងប្រធានគណៈកម្មការផ្សះផ្សា មានន័យថា ដំណើរការ UNCLOS ត្រូវបានពន្យារពេល ឬបរាជ័យដែរឬទេ?
ចម្លើយ៖ មិនមែនទេ។ ការស្នើសុំពេលវេលាបន្ថែម គឺជាសំណើរបស់អ្នកផ្សះផ្សាឯករាជ្យ ដើម្បីឱ្យមានពេលវេលា គ្រប់គ្រាន់ក្នុងការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាដែលសមស្រប និងមានភាពអព្យាក្រឹត។ ស្របតាមការបញ្ជាក់ របស់ក្រសួងការបរទេស ការស្នើសុំនេះមិនប៉ះពាល់ដល់ថេរវេលា ឬនីតិវិធីណាមួយក្រោម UNCLOS នោះឡើយ ហើយ ជាផ្នែកមួយនៃដំណើរការច្បាប់អន្តរជាតិធម្មតា។
សំណួរទី ៣៖ តើកម្ពុជាផ្លាស់ប្តូរជំហរចំពោះការដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ តាមរយៈ UNCLOS ដែរឬទេ?
ចម្លើយ៖ មិនមានការផ្លាស់ប្តូរនោះទេ។ កម្ពុជានៅតែបន្តមានជំនឿទុកចិត្តលើដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS និងប្តេជ្ញាជំរុញការដោះស្រាយវិវាទដែនសមុទ្រជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ ការបន្តគោរព នីតិវិធីអន្តរជាតិ និងការសហការជាមួយអ្នកផ្សះផ្សាឯករាជ្យ បង្ហាញថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយដែលមាននិរន្តរភាព និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិ មិនមែនដោយការប្រើប្រាស់ការប្រឈមមុខ ឬកម្លាំងនោះឡើយ។ កម្ពុជាចាត់ទុក ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រគឺជាជម្រើសល្អបំផុត ដើម្បី ដោះស្រាយវិវាទដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ៕






