Grand News Asia Close

បទ​យកការណ៍៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០ ម៉ឺន​នាក់ ​បាន​ជួបជុំ​ដើរ​ក្បួន​បង្ហាញ​ស្មារតី​រួមគ្នា ជា​ខឿន​ការពារជាតិ​ប្រជាជន​ដ៏​រឹងមាំ ​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ បទយកការណ៍ ព័ត៌មានជាតិ 573
បទ​យកការណ៍៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០ ម៉ឺន​នាក់ ​បាន​ជួបជុំ​ដើរ​ក្បួន​បង្ហាញ​ស្មារតី​រួមគ្នា ជា​ខឿន​ការពារជាតិ​ប្រជាជន​ដ៏​រឹងមាំ ​ បទ​យកការណ៍៖ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០ ម៉ឺន​នាក់ ​បាន​ជួបជុំ​ដើរ​ក្បួន​បង្ហាញ​ស្មារតី​រួមគ្នា ជា​ខឿន​ការពារជាតិ​ប្រជាជន​ដ៏​រឹងមាំ ​

AKP | ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥–ចាប់តាំងពី​ម៉ោង​៥ទៀបភ្លឺ ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ គេ​សង្កេតឃើញ​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​វ័យ​ គ្រប់​និន្នាការ​នយោបាយ បាន​ជួបជុំគ្នា​ជា​បន្តបន្ទាប់ ហើយរលក​នៃ​ចំនួន​អ្នក​ចូលរួមបានប្រមូលផ្តុំ​ច្រើនឡើងៗ​បង្កើតជា​ផ្ទាំងទស្សនីយភាព​មួយ​ដ៏​រស់​រវើក ខណៈ​ទង់ជាតិ​ខ្មែរ​គ្រវី​ឡើង អមដោយ​​ព្រះ​បរមឆាយា​លក្ខណ៍​របស់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះ​បរម​រតន​កោ​ដ្ឋ និង​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន​ សម្តេច​បវរ​ធិបតី ជាមួយ​សម្លេង​ស្រែក​ដ៏​រន្ទឺ «ជយោ​ព្រះរាជាណាចក្រ​កម្ពុជា មោទនភាព​ជាតិខ្មែរ ​គាំទ្រ​រាជរដ្ឋាភិបាល និង​កម្លាំង​ជួរមុខ​របស់​កម្ពុជា»។

 

ព្រឹត្តិការណ៍​នៃ​ការជួបជុំ​នេះ​គឺ​ដើម្បី​បង្ហាញ​នូវមោទនភាព​ជាតិ និង​បង្ហាញ​ពី​ឆន្ទៈ​ស្នេហា​ជាតិ ទឹកដី និង​គាំទ្រចំណាត់ការរបស់​រាជរដ្ឋាភិបាលក្នុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ តាម​យន្តការ​ការទូត​ និងច្បាប់​អន្តរជាតិ​ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ​អធិបតេ​យ្យ​ជាតិ​កម្ពុជា។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែលបង្ហាញ​អំពី​ស្មារតី​រួមគ្នា​របស់​ប្រជាជាតិ​មួយ ដែលជា​ប្រទេស​តូច មាន​ប្រជាជន​តិច ប៉ុន្តែ​ប្រជាជនមាន​ស្មារតី​សាមគ្គី ​ឯកភាព​ជាតិដ៏​រឹងមាំ ពិសេស​គឺ​ខឿន​ការពារជាតិ​ប្រជាជន​។​

 

​នៅមុន​ការចាប់ផ្តើមដំណើរថ្មើរជើង «Solidarity March» ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ថ្លែង​នូវ​មោទនភាព​ចំពោះ​ការចូលរួម​ដ៏​ច្រើន​កុះករ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់ទិសទី ពី​គ្រប់​គណបក្សនយោបាយ​ ពី​គ្រប់​មជ្ឈដ្ឋាន ​រួមទាំង​មាន​វត្តមាន​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​ផងដែរ។ ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដំណើរថ្មើរជើងនៅថ្ងៃនេះ​ មិនមែនជា​កម្មវិធី​របស់ ស​.​ស​.​យ​.​ក​.​ទៀតឡើយ ប៉ុន្តែ​ជា​កម្មវិធី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

 

​ឯកឧត្តម​បាន​បន្តថា​៖ «​ការជួប​ជុំគ្នា​នៅថ្ងៃនេះ​របស់​មហា​គ្រួសារ​ខ្មែរ មិនមែន​ដើម្បី​បង្ហាញ​កម្លាំង ឬក៏​ការគំរាមកំហែង​ទៅ​អ្នកណា​ទេ តែ​ជាការ​ជួបជុំ​ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​រួបរួមគ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ និងស្មារតី​គាំទ្រ ​និង​ជឿជាក់​លើ​ប្រមុខ​ដឹកនាំ​ប្រទេស​ ក៏ដូចជា​កម្លាំង​ជួរមុខ​របស់​កម្ពុជា​។ ការជួបជុំ​នេះ​បង្ហាញ​ពី​ឈាមជ័រ​ជា​ខ្មែរ មហា​គ្រួសារ​ខ្មែរ ដួងព្រលឹង​ជាតិខ្មែរ ទឹកចិត្ត​ឆន្ទៈ ​និង​ក្តី​ស្រឡាញ់​»​។

​ឯកឧត្តម​ប្រធាន ស​.​ស​.​យ​.​ក មានប្រសាសន៍ថា​៖ «​កម្មវិធី​នេះ​គឺ​សបញ្ជាក់​ពីទឹកចិត្ត​ម្នាក់ៗ​ដែលជា​កូន​ខ្មែរ ដែលមាន​ការគិតគូរ​យល់​ពី​សុខទុក្ខ មានការ​រួមចំណែក​ ហើយ​ចង់បង្ហាញ​ពីឆន្ទៈ និង​មោទនភាព ​ចង់បង្ហាញពីក្តី​ស្រឡាញ់ ចង់​បង្ហា​ញពីការគាំទ្រ ចង់បង្ហាញពី​ការជឿជាក់​ដល់​កម្ពុជា ជឿជាក់​ទៅលើ​ព្រះមហាក្សត្រ ជឿជាក់​ទៅលើ​សម្តេច​យាយ ជឿជាក់​ទៅលើ​សម្តេច​តេជោ ជឿជាក់​ទៅលើ​សម្តេច​មហា​បរ​វ​ធិបតី​ នាយករដ្ឋមន្ត្រី​កម្ពុជា​​»​។​

​ស្មារតី សកម្មភាព កាយវិការ និង​សម្លេង​នៃ​ការគាំទ្រ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅពេលនេះ​គឺជា​កម្លាំងចិត្ត និង​ថាមពល​សម្រាប់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរមុខ​របស់​កម្ពុជា ​ដែល​កំពុង​ការពារ​បូរ​ណ​ភាព​ទឹកដី និង​អធិបតេយ្យជាតិ។ ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ធំ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ មានឱកាស​ក្នុងការ​បង្ហាញ​នូវ​ការគាំទ្រ និង​បង្ហាញ​ឆ​ន្ទៈគាំទ្រទៅលើ​វិធានការ​របស់​រាជរដ្ឋាភិបាល ​ក៏ដូចជា​ការពារ​ទឹកដី ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់។ ដំណើរថ្មើរជើងនេះធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ដែលជា​សសរ​ស្តម្ភ​របស់​ជាតិ ក្នុង​ឆ​ន្ទៈមោះមុត ​ការពារជាតិ មាតុភូមិ និងការស្រឡាញ់​សន្តិភាព​។

​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ លោក យ៉ាន់ ភក្តី ជា​យុវជន​មួយរូប​នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូលរួម​ក្នុងដំណើរថ្មើរជើង «Solidarity March»បានបង្ហាញ​ពី​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​បង្ហាញ​ការ​គាំទ្រ​ជំហ​របស់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរមុខ ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយបាន​ថ្លែង​ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយរូប​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់​ក្នុងនាម​ខ្ញុំ​ជា​យុវជន​មួយរូប ហើយ​ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​នាំយក​បញ្ហា​ព្រំដែន នៅ​ប្រាសាទតាមាន់ធំ តា​មាន់​តូច តា​ក្របី និង​តំបន់​មុំ​បី ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​កាត់ក្តី​រក​យុ​ត្តិ​ធម៌​ឱ្យ​ខ្មែរ ។ ហើយ​ខ្ញុំ​សង្ឃឹមថា​ខ្មែរ​យើង​នឹង​ឈ្នះក្តី ខ្ញុំ​សង្ឃឹមថា​ថៃ​នឹង​ទទួលយក​សាលក្រម​នេះ​ដោយ​សុទ្ធចិត្ត ។ គោរព​ច្បាប់​អន្តរជាតិ មានន័យថា ស្រឡាញ់​សន្តិភាព។ ខ្ញុំ​គិតថា​យន្តការ​តុលាការ​អន្តរជាតិ គឺ​យន្តការ​ដ៏​ត្រឹមត្រូវ​បង្ហាញថា មេដឹកនាំ​ខ្មែរ ស្រឡាញ់​សន្តិភាព»​។​

​ចំណែក​យុវជន រតនៈ វិទូ បាន​លើកឡើងថា​៖ ខ្ញុំ​គោរព​ចំពោះ​ភាព​វ័យឆ្លាត​របស់​សម្តេច​ប​វរ​ធិបតី ​ដែល​បាន​សម្រេចចិត្ត​ប្តឹងទៅ​តុលាការ​ទីក្រុង​ឡាអេ ព្រោះ​ទំនាស់​ព្រំដែន​ជាមួយ​ថៃ​នេះ​ពិតជា​មិនអាចដោះស្រាយ​ដោយ​ទ្វេភាគី​បានទេ ព្រោះ​ថៃ​តែង​បង្ហាញ​ចេតនា​រំលោភបំពាន​ដែនដី​របស់​កម្ពុជា បើទោះបីជា​ប្រទេស​ទាំងពីរ​ធ្លាប់មាន​គោលការណ៍​អន្តរជាតិ​រវាង​គ្នា​និង​គ្នា​យ៉ាងណាក្ដី ​ជាក់ស្ដែង​ក្រុម​ទាហាន​ថៃ​តែង​ចូល​ឈ្លានពាន​តំបន់​ទាំង ៤ របស់​កម្ពុជា ​ដូចជា តំបន់​មុំ​៣​ឬ​ចុង​បូក ប្រាសាទតាមាន់ធំ តា​មាន់​តូច និង​ប្រាសាទ​តា​ក្របី​ ជាដើម​។ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ ​បើទោះបី​ភាគី​ថៃ​មិន​ឯកភាព​ជាមួយ​កម្ពុជា​ក្នុង​ការយក​បញ្ហា​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ​ក៏ដោយ ខ្ញុំ​ជឿជាក់​លើ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​វែងឆ្ងាយ​របស់ សម្តេច​បវរ​ធិបតី ដែល​បង្ហាញ​ពី​ភាពចាស់ទុំ និង​ភាព​ស៊ីវី​ល័យរបស់​ប្រទេសជាតិ​យើង ឱ្យ​អន្តរជាតិ​បានឃើញ​ថា ខ្មែរ​ជា​ប្រជាជាតិ​មួយ​គោរព​ច្បាប់​អន្តរជាតិ ស្រឡាញ់​សន្តិភាព។​

«​ខ្ញុំ​គិតថា​ ​បើសិនជា​ប្រទេស​ថៃ​មាន​សុច្ឆន្ទៈ​ចង់បាន​សន្តិភាព មិត្តភាព សម្រាប់​ប្រទេសជិតខាង​គ្នា​មែន គួរតែ​ឯកភាព​នាំយក​បញ្ហា​ទំនាស់​នេះ​ទៅកាន់​តុលាការអន្តរជាតិ​ឡាអេជួយ​កាត់សេចក្តី​ឱ្យ ​ដើម្បីបញ្ចប់​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​នេះ។ ហើយ​នៅពេល​សាលក្រម​ចេញ​ហើយ​គឺ​សុខ​ស្រួល​គ្នា​បំផុត តែ​បើសិនជា​អ្នកនយោបាយ​ថៃ​យក​បញ្ហា​តំបន់​ទាំង ៤ ជា​រឿង​នយោបាយ​វិញ ​ខ្ញុំ​យល់ថា​នឹងមាន​រឿង​មិន​ប្រក្រតី​តទៅទៀត​មិន​ចប់ មិន​ហើយ​ឡើយ»​។​

​វា​មិនមែនជា​លើក​ទី​១ ទេ​ដែល​ថៃ​មាន​ចេតនា​ឈ្លានពាន​លើ​កម្ពុជា ក៏ដូចជា​ប្រទេស​ក្បែរ​ខាង​ខ្លួន​តាមរយៈ​ក្រុម យោធា​ជ្រុលនិយម​មួយចំនួន​ ដែល​គិតថា​ប្រទេស​ទាំងនោះ​ខ្សោយ​ជាង​ខ្លួន។ អ្នកជំនាញប្រវត្តិសាស្ត្រ​កម្ពុជា​បាន​លើកឡើងថា ​ការឈ្លានពាន​របស់​ថៃ​មកលើ​កម្ពុជា គឺជា​ទង្វើ​របស់​ក្រុម​ជ្រុលនិយម​ថៃ​មួយចំនួន ​ដែលមាន​បំណង​ចង់បង្ហាញ​ពី​ស្មារតី​ជាតិនិយម ហើយ​យក​កម្ពុជា​ធ្វើជា​ឧបករណ៍ ក្នុង​កិច្ចការ​នយោបាយ​របស់​ពួកគេ​។​

​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើកឡើងថា ​ប្រទេស​ថៃ​មាន​ចេតនា​ឈ្លានពាន​លើ​កម្ពុ​ជាជាង ​១០០​ឆ្នាំ​មកហើយ ​ពោលគឺ​តាំងពី​ឆ្នាំ១៩០៤ មកម៉្លេះ ​ទោះបីជា​ភាគីទាំងពីរ​ធ្លាប់​ឆ្លងកាត់​ការប៉ះទង្គិច​គ្នា និង​ធ្លាប់បាន​ចុះសន្ធិសញ្ញា​ជាមួយគ្នា​ជាច្រើន​យ៉ាងណាក្ដី។ ជាការ​កត់សម្គាល់ ​លោក​បណ្ឌិត យង់ ពៅ ការណ៍​ដែល​ថៃ​តែង​បង្ហាញ​ភាព​គឃ្លើន​រំលោភបំពាន និង​មិនគោរព​គោលការណ៍​អន្តរជាតិ​ជាមួយ​កម្ពុជា​គឺ​ដោយសារ​ថៃ​គិតថា​កម្ពុជា​ខ្សោយ​ជាង​ខ្លួន ហើយ​ក្រុម​ជ្រុលនិយម​របស់​ថៃ​ក៏បាន​ធ្វើ​ទង្វើ​នេះ​ដាក់​ប្រទេស​ក្បែរ​របស់ខ្លួន​ផ្សេងទៀត​ផងដែរ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ​ក៏បាន​ផ្ញើសារ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ដំណើរថ្មើរជើង «Solidarity March» នេះ ​ដោយបាន​បង្ហាញ​ដោយ​មោទនភាព​ថា​ ​ការដើរ​ក្បួន​ថ្មើរជើង​នៅពេលនេះ​គឺ​ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​បានផ្តល់​កម្លាំងចិត្ត​គាំទ្រ​យ៉ាងសំខាន់​ដល់​រាជរដ្ឋាភិបាល និង​ជាពិសេស​កងកម្លាំង​ជួរមុខ​ក្នុង​ការបន្ត​បំពេញបេសកកម្ម​ការពា​រ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្បួនថ្មើរជើង​នេះ​បានបង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ទឹកដី របស់​ប្រជា​ជាតិខ្មែរ។

​ស​ម្តេច​បវរ​ធិបតី​បាន​អរ​ព្រះ​គុណថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី អតីត​ព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​នៃ​នយោបាយ​ឈ្នះ ឈ្នះ​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​សុខសន្តិភាព និងការ​អភិវឌ្ឍ។ ​សម្តេច​ក៏បាន​អរគុណ​ចំពោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​គាំទ្រ ​និង​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារ ថ​វិ​កា ស្បៀងអាហារ ​និង​បាន​ចូលរួមយ៉ាង​ផុសផុល​តាម​គ្រប់​រូបភាព ​ក្នុងការ​លើកទឹកចិត្ត​កងកម្លាំង​របស់​យើង ក្នុងនាម​ប្រជាជាតិ​ខ្មែរ​តែមួយ ដែល​បញ្ជាក់​ឱ្យឃើញ​ពី​ភាពរឹងមាំ​នៃ​ខឿន​ការពារជាតិ​របស់​ប្រជាជន ដើម្បី​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល ​និង​កម្លាំង​ជួរមុខ នៅក្នុង​បុ​ព្ធ​ហេតុ ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​ស្របពេល​ស្ថានភាព​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ វិ​វត្ត​កាន់តែ​ស្មុគស្មាញ ​និង​ក្នុង​ស្មារតី​គាំទ្រ​ដល់​កងកម្លាំង​ជួរមុខ​កម្ពុជា ​ដែលជា​ខឿន​ការពារជាតិ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ប្រកា​សរៀបចំ ដំណើរ​ថ្មើរជើង ​«Solidarity March» ​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែមិថុនា ​ឆ្នាំ​២០២៥ ​ក្នុង​ស្មារតី​បង្ហាញ​ការរួម​គ្នា​ជា​ធ្លុង​មួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ​និង​កងកម្លាំង​ជួរមុខ​កម្ពុជា។ដំណើរថ្មើរជើងនេះ ​ធ្វើឡើង​ស្ថិតក្នុង​ស្មា​តី​ធំ​ចំនួន​៣​រួមមាន​៖ ១.​បង្ហាញ​ការគាំទ្រ​សុចរិត​ភាព និង​ភាពស្របច្បាប់​របស់​កម្ពុ​ជា ផ្អែកលើ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ (​កម្ពុជា​មិនមាន​បំណង​ចង់បាន​ទឹកដី​របស់​ប្រទេសណាមួយ​សូម្បី​តែមួយ​មី​លី​ម៉ែត្រ ប៉ុន្តែ​កម្ពុជា​ក៏​មិនឱ្យ​នរណា​យក​ដី​សូម្បី​តែមួយ​មី​លី​ម៉ែ​ត្រដែរ​)​។ ​២.​បង្ហាញ​ការគាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល​ទាំង​ផ្នែក​ការទូត ផ្នែក​ការពារជាតិ ផ្នែក​ច្បាប់ ​និង​ខឿនការពារជាតិ​ប្រជាជន។ ៣.​បង្ហាញ​ការគាំទ្រ​ក្នុងការ​សម្រេចចិត្ត​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​រៀបចំ​ឯកសារ​ដើម្បី​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ដោយ​ផ្អែកលើ​ស្មារតី​ត្រូវ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង ។​

​ពិតណាស់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដជា​គ្មាន​អ្នកណាម្នាក់​ភ្លេច​នៅឡើយ​ទេ​នូវ​រូបភាព​នៃ​វិនាសកម្ម​សង្គ្រាម ​ដែល​ខ្លួន​បាន​ហែល​ឆ្លងកាត់​អស់​រយៈពេល​ជិត ៣​ទសវត្សរ៍​។ បច្ចុប្បន្ន ​ថ្វីបើ​ប្រទេសជាតិ​ស្គាល់​សុខសន្តិភាព​ឆ្លង​ផុតពី​សង្គ្រាមស៊ីវិល​ក៏ពិតមែន ​ប៉ុន្តែ​ប្រទេស​កម្ពុជា​កំពុង​ពើបប្រទះ​នឹង​សង្គ្រាម​ថ្មី​មួយទៀត​នៅក្នុង​សតវត្ស​ទី ២១​នេះនោះ​គឺ​សង្គ្រាម ​«​ឈ្លានពាន​» ទឹកដី​ពី​សំណាក់​ប្រទេសជិតខាង​។ ជាការពិត ​សង្គ្រាម​ដណ្តើម​ទឹកដី​ មិនមែនជា​រឿង​ថ្មី​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា​ ជាមួយ​ថៃដែលមាន​ប្រវត្តិ​ដណ្តើម​ទឹកដី​កម្ពុជា​តាំងពី​យូរលង់​ មុន​សម័យ​បារាំង​ចូល​ស្រុក​ទៅទៀត​។ ប៉ុន្តែ​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​នោះ គឺ​រឿងរ៉ាវ​ដែល​បាន​កប់​ជ្រៅ​ទៅក្នុង​អតីតកាល​ទៅហើយនោះ​នៅតែ​ផ្ទុះឡើង​ជាថ្មី​ក្នុង​យុគសម័យ​ដែល​ពិភពលោក​កំពុង​ធ្វើ​នយោបាយ​សកលភាវូបនីយកម្ម បើកចំហ​ជើងមេឃ ស្ទើរតែ​គ្មាន​ព្រំដែន​ទៅហើយនោះ។ ការបង្ក​រឿង​របស់​ថៃ​មកលើ​បូរណភាព​ទឹកដី​កម្ពុជា​ ម្តង​ហើយ​ម្តងទៀតបែបនេះ​បង្ហាញ​កម្ពុជា​ថា​ ការពង្រឹង​វិស័យ​យោធា គឺជា​កិច្ចការ​ចម្បង​មួយ​ដែល​មិនអាច​មើលរំលង​បានឡើយ ​បើទោះបីជា​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​សន្តិភាព​ក៏ដោយ ​មានន័យថា ប្រទេស​កម្ពុជា​ត្រូវការ​វិស័យ​ការពារជាតិ​ខ្លាំង មិនមែន​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ទេ ប៉ុន្តែ​គឺ​ត្រៀម​ការពារ​ទឹកដី​របស់ខ្លួន​ ពីព្រោះថា ការទន្ទឹងរង់ចាំ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ​មិនមែន​ងាយស្រួល​ និង​ទាន់​ចិត្ត ​ដូចដែល​យើង​ចង់បាន​នោះឡើយ ។ ការ​ចូលមក​បាញ់សម្លាប់​កងទ័ព​កម្ពុ​ជា​ចុង​ក្រោយនេះ ​បង្ហាញ​ប្រាប់​យើង​យ៉ាងច្បាស់​ថា សៀម​ទោះបី​បាន​ប្តូរ​ឈ្មោះ​ជា​ថៃ​វិញ​តាំងពី​ឆ្នាំ១៩៣៩ ក៏ដោយ​ តែ​ជនជាតិ​នេះ​មួយចំនួន​មិនបាន​ផ្លាស់ប្តូរ​មហិច្ឆតា​ឈ្លានពាន​ទឹកដី​កម្ពុជា​ឡើយ៕

ដោយ បាន ច័ន្ទ​តារា​រិ​ទ្ធ​

 

អត្ថបទទាក់ទង