ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនSCG បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសចិន និងនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ព្រមទាំងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុមហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាងផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បច្ចុប្បន្ន, ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ០២ ខ្សែបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ,លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម ដល់ពលរដ្ឋកម្ពុជា។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕






