Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក បញ្ជូនកងទ័ព ៣,០០០នាក់ ទៅកាន់ឈូងសមុទ្រពែក្ស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 182
វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក បញ្ជូនកងទ័ព ៣,០០០នាក់ ទៅកាន់ឈូងសមុទ្រពែក្ស? វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក បញ្ជូនកងទ័ព ៣,០០០នាក់ ទៅកាន់ឈូងសមុទ្រពែក្ស?

 

FN (វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក និងកងម៉ារីនជាង ៣,០០០នាក់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់តំបន់សមុទ្រក្រហមហើយ កាលពីទី៦ ខែសីហាកន្លងទៅនេះ នៅចំពេលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងថ្លឹងថ្លែងពីជម្រើសដើម្បីកំញើញទប់ស្កាត់អ៉ីរ៉ង់ពីការរឹបអូសកប៉ាល់ដឹកប្រេង នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។

បើតាមកងទ័ពជើងទឹកអាមេរិក កងអង្គភាពម៉ារីនទី២៦ (The 26th Marine Expeditionary Unit) ការចូលរួមពីកងទ័ពជើងទឹក និងកងម៉ារីនជិះនៅលើ នាវាចម្បាំង USS Bataan និង USS Carter Hall នឹងផ្ដល់ភាពបត់បែន និងសមត្ថភាពសមុទ្រដ៏អស្ចារ្យដល់កងនាវាអាមេរិកទី៥ ដែលកំពុងឈរជើងនៅ ក្នុងប្រទេសបារ៉ែន។ ក៏ប៉ុន្តែ ហេតុអ្វីសហរដ្ឋអាមេរិកងាកមកបង្កើនវត្តមានយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាទៅវិញ?

អ៉ីរ៉ង់ ត្រូវបានគេរាយការណ៍ថាបានបង្កើនសកម្មភាពរឹបអូសកប៉ាល់ដឹកប្រេងជាបន្តបន្ទាប់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស នារយៈពេលពេលប៉ុន្មានខែ ចុងក្រោយនេះ ពោលគឺបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក ចេញបញ្ជាឱ្យរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដោតទង់ជាតិនៃប្រទេសដែនកោះ Marshall Islands ឈ្មោះ Suez Rajan ដែលដឹកប្រេងអ៉ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសចិនកាលពីខែមេសាកន្លងទៅ។ ទំនងជាការសងសឹក កាលពីខែកក្កដាកន្លងទៅនេះ នាវាមួយគ្រឿងរបស់កងទ័ពជើងទឹកអ៉ីរ៉ង់បានបើកការបាញ់ប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿងគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Chevron នៅក្នុង ដែនទឹកអន្តរជាតិ ក្រោយកប៉ាល់ស៊ីវិលនេះមិនព្រមឈប់តាមបញ្ជា។ កងនាវាអាមេរិកទី៥ បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ កងទ័ពជើងទឹក អ៉ីរ៉ង់បានធ្វើសកម្មភាពឈ្លានពាន ឬរឹបអូសលើកប៉ាល់ពាណិជ្ជកម្មយ៉ាងហោច ២០គ្រឿងនៅក្នុងតំបន់។

រដ្ឋបាលលោក ចូ បៃដិន បានអះអាងថាការគំរាមកំហែងរបស់អ៉ីរ៉ង់ ដល់ការធ្វើចរាចរណ៍របស់កប៉ាល់ដឹកប្រេងនៅក្នុងតំបន់ គឺជាហេតុផលនៃការដាក់ពង្រាយ កងទ័ពជើងទឹក និងកងកម្លាំងម៉ារីនអាមេរិកបន្ថែម ដែលនឹងត្រូវធ្វើកិច្ចសហការជាមួយកងកម្លាំងយន្ដហោះចម្បាំង F-35 F-16 និង A-10 រាប់សិបគ្រឿង រួមទាំងនាវាពិឃាដប្រដាប់ដោយមីស៊ីលដែលកំពុងធ្វើប្រតិបត្តិការល្បាតស្រាប់ នៅក្នុង និងនៅជុំវិញតំបន់ច្រកសមុទ្រ Hormuz។

ប៉ុន្តែ បើតាមក្រុមអ្នកវិភាគ ក្រៅតែពីហេតុផលនេះ កត្តាដែលចូលរួមចំណែកក្នុងការសម្រេចចិត្តរបស់លោក ចូ បៃដិន នោះគឺដោយសារតែការកើនឡើង ឥទ្ធិពលរបស់ចិន ក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានស្ដែងឡើងកាន់តែច្បាស់ នៅបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់យល់ព្រមភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា ឡើងវិញ ក្រោមការសម្របសម្រួលពីទីក្រុងប៉េកាំង។ ណាមួយ សហរដ្ឋអាមេរិកក៏អាចប្រើប្រាស់ការដាក់ពង្រាយកងទ័ពនេះ ដើម្បីដោះស្រាយក្ដីកង្វល់នៃ បណ្ដាប្រទេសជាដៃគូដទៃទៀតក្នុងតំបន់ដែលកំពុងព្រួយបារម្ភពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសចំពេលដែលរដ្ឋបាលោក បៃដិន កំពុងរំអុក ឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតី។ លើសពីនេះទៅទៀត សកម្មភាពរបស់អ៉ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្សអាចបង្កផល ប៉ះពាល់ដល់តម្លៃប្រេងនៅលើទីផ្សារសកល។

សម្រាប់លោកប្រធានាធិបតី ចូ បៃដិន ការរក្សាតម្លៃប្រេងឱ្យនៅកម្រិតទាប បានក្លាយជាអាទិភាពដ៏សំខាន់ ហើយដើម្បីសម្រេចគោលដៅនេះ លោក ចូ បៃដិន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីរដូវក្ដៅឆ្នាំ២០២២ ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បង្កើន ការផលិតប្រេង ដើម្បីបញ្ចុះតម្លៃប្រេងដែលហក់ឡើងខ្ពស់ដោយមួយផ្នែកបង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមកដែរ រដ្ឋបាលលោក បៃដិន បានព្យាយាមផ្ដល់ការធានាឡើងវិញដល់ប្រទេសជាដៃគូ ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមពីការប្ដេជ្ញាចិត្តរបស់អាមេរិក ចំពោះតំបន់មជ្ឈិមបូព៌ា បើទោះជាអារ៉ាប៊ីសាអូឌីតនៅតែបន្តបដិសេធការបង្កើនការផលិតប្រេងក៏ដោយ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ការបង្កើនវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវជម្រើសជាច្រើន ដែលអាចនឹងធ្វើ ឱ្យអ៉ីរ៉ង់ត្រូវគិត ២ ទៅ៣ដងដែរ មុននឹងហ៊ានប្រើហិង្សាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន។ តែថ្វីបើការបង្កើនវត្តមានកងទ័ពអាមេរិកនេះអាចនឹង កំញើញអ៉ីរ៉ង់បានក៏ពិតមែន ប៉ុន្តែ វានឹងមិនអាចដោះស្រាយភាពតានតឹងដ៏ស៊ីជម្រៅជាមួយអ៉ីរ៉ង់បាននោះទេ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើការនាំចេញប្រេងរបស់អ៉ីរ៉ង់ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ តែទោះជាបែបនេះក្ដី ការនាំចេញប្រេងរបស់អ៉ីរ៉ង់បានកើនឡើងទ្វេដងកាលពីឆ្នាំ២០២២ ដោយមានទំហំ ១.៥លានបារ៉ែលក្នុងមួយថ្ងៃ ហើយក្នុងចំណោមប្រេងទាំងនេះមានមួយផ្នែកធំ គឺនាំចេញទៅចិន។

ដោយមើលឃើញថាប្រេងរបស់អ៉ីរ៉ង់កំពុងហូរចូលទីផ្សារសកល សហរដ្ឋអាមេរិកបានចាត់វិធានការឆ្លើយតបតាមរយៈការរឹបអូសប្រេងរបស់អ៉ីរ៉ង់។ គេមិនទាន់ អាចដឹងថាតើការដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា មានន័យថាទីក្រុងវ៉ាស៊ីនតោនចង់រឹតបន្តឹងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងអ៉ីរ៉ង់ដែរ ឬក៏ យ៉ាងនោះទេ? ពីព្រោះលំហូរចូលនៃប្រេងអ៉ីរ៉ង់ទៅក្នុងទីផ្សារ ក៏បានផ្ដល់ផលចំណេញខ្លះៗដល់សហរដ្ឋអាមេរិកផងដែរ នោះគឺវាធ្វើឱ្យតម្លៃប្រេងចុះថ្លៃ នាពេលកន្លងមក តាមការចង់បានរបស់សហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង