Grand News Asia Close

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1017
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤ លាននាក់ នៅជុំវិញពិភពលោក។ បន្ថែមពីនេះ, លោកអនុប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យនៃបណ្តាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍ចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យ ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តទាំងនោះ ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕

អត្ថបទទាក់ទង