Grand News Asia Close

Fresh Exclusive៖ តើថៃកំពុងលេងល្បិចអ្វី ទើបបដិសេធសំណើដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ?

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ទស្សនៈ-Opinion ព័ត៌មានជាតិ 1091
Fresh Exclusive៖ តើថៃកំពុងលេងល្បិចអ្វី ទើបបដិសេធសំណើដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ? Fresh Exclusive៖ តើថៃកំពុងលេងល្បិចអ្វី ទើបបដិសេធសំណើដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ?

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បានបដិសេធសំណើរបស់ប្រធានអាស៊ាន ក្នុងការដាក់ពង្រាយ ក្រុមសង្កេតការណ៍អាស៊ាន ចូលក្នុងតំបន់ជម្លោះ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទាំងស្រុង។ ហេតុអ្វីបានជា ថៃបដិសេធគន្លឹះសន្តិភាព ខណៈដែលថ្លែងថា ខ្លួនចង់បានសន្តិភាពនោះ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ដើម្បីដឹងថាតើ ថៃកំពុងលេងល្បិចអ្វី និងតើយុទ្ធសាស្ត្រណា ដែលកម្ពុជាត្រូវប្រើដើម្បីការពារអធិបតេយ្យភាព និងទទួលបានសន្តិភាពក្នុងតំបន់?

ក្នុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងស្ថានភាពកាន់តែ «ផុយស្រួយ» បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន បានដាក់សំណើរកការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ក៏ដូចជាការពង្រឹងដំណើរការចំពោះក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (Interim Observation Team) ដោយសារក្រុមទាំងពីរនេះ គឺជាយន្តការសំខាន់បំផុតសម្រាប់ តាមដាន និងត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងមានភាពស្មោះត្រង់។ ប៉ុន្តែខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទាំងស្រុងតាមសំណើនោះនាយករដ្ឋមន្ត្រីស្តីទីថៃ បែរជានិយាយខ្ទាស់សំណើមិនឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍បរទេសនោះទៅវិញ។ អ្វីដែលថៃកំពុងបដិសេធនេះ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតថា អ្វីដែលថៃអះអាងចង់ស្វែងរកសន្តិភាពពិតប្រាកដនោះ គឺជាសម្តីក្លែងក្លាយតែប៉ុណ្ណោះ។

ការបញ្ជួនក្រុម ASEAN Observation Team ចូលទៅត្រួតពិនិត្យក្នុងតំបន់ជម្លោះ គឺជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់អំពើបំពានឈប់បាញ់គ្នា និងជាជំហានឈានទៅរកការបញ្ចប់ជម្លោះ រវាងប្រទេសទាំង២ ជាពិសេស បើថៃពិតប្រាកដចង់បានសន្តិភាពមែននោះ ប៉ុន្តែការផ្តល់ចម្លើយបដិសេធរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai បាននាំឱ្យសំណួរ លេចឡើងមួយដ៏សំខាន់៖ «តើអ្វីជាមូលហេតុពិត ដែលស្ថិតនៅពីក្រោយសេចក្តីបដិសេធរបស់ថៃនោះ»? អ្វីទាំងនេះ ទំនងជាប់ពាក់ព័ន្ធទាំងផ្នែកយោធា, នយោបាយក្នុងស្រុក, និងយុទ្ធសាស្ត្រការទូតនៃថៃ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

* ASEAN Observation Team គន្លឹះសន្តិភាព ដែលថៃមិនចង់ឃើញ
ក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) គឺជាកម្លាំងពិសេសរបស់អាស៊ាន ដែលមានភារកិច្ចក្នុងកាតព្វកិច្ចដូចតទៅនេះ៖
១. ត្រួតពិនិត្យស្ថានភាពក្នុងតំបន់ជម្លោះ
២. កត់ត្រាបំពានបទឈប់បាញ់ពីភាគីទាំងពីរ
៣. រាយការណ៍ដោយឯករាជ្យទៅកាន់ប្រធានអាស៊ាន និងស្ថាប័នអន្តរជាតិ

ប្រសិនបើក្រុមនេះត្រូវបានដាក់ពង្រាយ សេចក្តីស្នើរបស់ថៃ និងកម្ពុជា ដែលចង់បានការពិតនិងតម្លាភាព ថាតើភាគីណាជាអ្នករំលោភបំពាននោះ នឹងត្រូវបានគេដឹងយ៉ាងច្បាស់ដោយពិតប្រាកដ។ នេះមានន័យថា ថៃមិនអាចប្រើទ្រឹស្តីបញ្ចេញព័ត៌មានបោលបញ្ឆោត ឬកុហក ដូចជារឿងផ្ទុះមីន ឬក៏អាចប្រើល្បិចកល «លួចបន្តិចម្តង» Salami Slicing Tactic នោះទៀតបានឡើយ។

* ហេតុផលដែលថៃបដិសេធសំណើប្រធានអាស៊ាន
១. ការភ័យខ្លាចបាត់ការគ្រប់គ្រងសកម្មភាពយោធា៖ ថៃចង់រក្សាអំណាចរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ដោយមិនចង់ឱ្យមានភាគីទីបីចូលត្រួតពិនិត្យសកម្មភាពរបស់កងទ័ពថៃឡើយ។ បើសិនជាមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ចូលទៅក្នុងតំបន់ជម្លោះនោះគឺថៃ នឹងអស់មានលេសធ្វើព័ត៌មានកុហកក្លែងក្លាយ និងពួកគេ មិនអាចប្រើប្រាស់ល្បិចកល Salami Slicing tactic ដែលលួចយកទឹកដីខ្មែរបន្តិចម្តងៗនោះទៀតបានហើយ។ វាក៏នឹងបង្ហាញជាភស្តុតាងច្បាស់ថា ថៃគឺជាភាគីដែលរំលោភបទឈប់បាញ់គ្នាមិនអាចបិទបាំងទៀតបានឡើយ។

២. ថៃចង់កុហកពិភពលោកថា ខ្លួនគឺជាប្រទេស «សន្តិភាព» ប៉ុន្តែមិនមែនទេ៖ ថៃពេលនេះ កំពុងប្រើយុទ្ធសាស្ត្រ និយាយយ៉ាងនេះ ប៉ុន្តែបែរជាធ្វើផ្សេង។ នៅលើឆាកអន្តរជាតិ ថៃបានអះអាងថា ថៃចង់ស្វែងរកសន្តិភាពណាស់ ប៉ុន្តែថៃបានបដិសេធមិនឱ្យមានក្រុម សង្កេតការណ៍អាស៊ាន ដែលជាគន្លឹះនៃសន្តិភាពពិតប្រាកដឡើយ។ សេចក្តីបដិសេធមិនឱ្យមានក្រុមសង្កេតការណ៍អាស៊ានចូលទៅក្នុងតំបន់ជម្លោះ កំពុងបង្ហាញថា ថៃចង់រក្សាអំណាចក្នុងការរៀបចំនិងគ្រប់គ្រងព័ត៌មានក្លែងក្លាយរបស់ខ្លួន ដើម្បីបោកបញ្ឆោតសាធារណមតិជាតិនិងអន្តរជាតិ។

៣. ឥទ្ធិពលកម្លាំងយោធាខាងក្នុងដែលជាក្រុមមានអំណាច៖ មានសញ្ញាបង្ហាញថា កងទ័ពថៃ គឺជាក្រុមដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលភិបាលថៃ។ អ្វីៗទាំងអស់ គឺកងទ័ពថៃដែលទទួលបានការយល់ព្រមនិងគាំទ្រទាំងស្រុងពីព្រះរាជវាំងថៃ ដែលជាក្រុមមានអំណាចសម្រេចជួសលើរាជរដ្ឋាភិបាលថៃ ដែលមានតែឈ្មោះតែប៉ុណ្ណោះ។ ដូច្នេះការបញ្ជូនក្រុមសង្កេតការណ៍អាស៊ានចូលទៅក្នុងតំបន់ជម្លោះ នឹងអាចប៉ះពាល់ដល់ «អំណាច» របស់កងទ័ព ក្នុងតំបន់ប្រតិបត្តិការរបស់គេនៅលើទឹកដីសម្បត្តិវប្បធម៌បុរាណខ្មែរ នៅក្បែរប្រាសាទតាមាន់ និងតាក្របី ជាដើម។

* តួនាទីសហរដ្ឋអាមេរិក និងចិន ក្នុងការជំរុញឱ្យកិច្ចព្រមព្រៀងឈប់បាញ់ អនុវត្តបានប្រសិទ្ធភាព
ពិភពលោកបានឃើញច្បាស់ហើយថា ប្រសិនបើចង់បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យបានពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាព គន្លឹះសំខាន់គឺត្រូវជំរុញអាស៊ាន ឱ្យបញ្ជូនក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ចូលត្រួតពិនិត្យតំបន់ជម្លោះ។ ការចូលរួមសកម្មរបស់អាស៊ាន នឹងធ្វើឱ្យមានតម្លាភាពលើកិច្ចព្រមព្រៀងឈប់បាញ់ និងជួយទប់ស្កាត់ការចោទប្រកាន់បំពានពីភាគីទាំងពីរ។

បច្ចុប្បន្ននេះ ថៃកំពុងព្យាយាមទប់ស្កាត់ មិនឱ្យមានការបញ្ជួនក្រុមសង្កេតការណ៍អាស៊ានចូលត្រួតពិនិត្យតំបន់ជម្លោះ ប៉ុន្តែ ប្រសិនបើអាស៊ានសម្រេចចិត្តចូលរួមសកម្មសហរដ្ឋអាមេរិក ដែលជាដៃគូពិភាក្សាអាស៊ាន (ASEAN Dialogue Partner) វានឹងមិនអាចស្ងៀមស្ងាត់បានទេ។ ដូច្នេះទោះបីជាសហរដ្ឋអាមេរិក មានសម្ព័ន្ធភាពយោធាជិតស្និទ្ធជាមួយថៃក៏ដោយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែអាចប្រើ សម្ពាធយោធា និងសម្ពាធសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញថៃឱ្យសហការជាមួយអាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយគ្មានអំពើរំលោភបំពាន។ នេះជាជំហានដ៏សំខាន់ក្នុងការនាំទៅរកសន្តិភាពដ៏ច្បាស់លាស់ និងអាចរក្សាបានយូរអង្វែង។

ម្យ៉ាងទៀតសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេមើលឃើញដែរថា ក៏ជា ដៃគូយុទ្ធសាស្ត្រសំខាន់បំផុតរបស់កម្ពុជា។ ចិនអាចប្រើឥទ្ធិពលសេដ្ឋកិច្ច និងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជំរុញថៃ ឱ្យទទួលយកក្រុមសង្កេតការណ៍អាស៊ានដូចគ្នា។ ការចូលរួមសកម្មរបស់ចិន អាចក្លាយជាមធ្យោបាយសំខាន់ក្នុងការបង្កើនសម្ពាធលើថៃ ឱ្យគោរពតាមសេចក្តីសម្រេចរបស់អាស៊ាន និងសហការជាមួយអន្តរជាតិ។

ដូច្នេះទោះបីជាថៃបដិសេធការបញ្ជួនក្រុមសង្កេតការណ៍អាស៊ានក៏ដោយ ប៉ុន្តែបើសហរដ្ឋអាមេរិក និងចិន ចូលរួមសកម្មនិងប្រើឥទ្ធិពលពេញទំហឹងតម្លាភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានធានា។ ប្រសិនបើថៃ ពិតប្រាកដចង់បានសន្តិភាពតាមដែលថៃនិយាយនោះ មេដឹកនាំថៃ នឹងមិនអាចបដិសេធសំណើនេះបានឡើយ។

ក្នុងសេចក្តីសន្និដ្ឋានជារួម៖ បើថៃពិតប្រាកដចង់បានសន្តិភាព ថៃមិនគួរបដិសេធ សំណើដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឡើយ។ ការបដិសេធនេះ បង្ហាញថា ថៃនៅចង់រក្សាអំណាចលើការធ្វើព័ត៌មានក្លែងក្លាយរបស់ខ្លួន និងការគ្រប់គ្រងលើសកម្មភាពយោធាក្នុងកលល្បិច «លួចបន្តិចម្តង» Salami Slicing Tactic។ សម្រាប់កម្ពុជា គន្លឹះដ៏សំខាន់គឺត្រូវបង្កើនសម្ពាធអាស៊ាន និងរកកិច្ចសហការជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងចិន ជាមធ្យោបាយចម្បង ដើម្បីជំរុញថៃឱ្យទទួលស្គាល់តួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ានដាក់ពង្រាយក្នុងតំបន់ជម្លោះតាមបណ្តោយព្រំដែនក្នុងពេលនេះ៕

Fresh News

អត្ថបទទាក់ទង