ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាឆ្លើយតបដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា សកម្មភាពរបស់ខ្លួននៅតាមព្រំដែន ស្របតាមសេចក្តីប្រកាសរួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?
ចម្លើយ៖ កម្ពុជាបដិសេធចំពោះការអះអាងនេះ ដោយបញ្ជាក់ថា ថៃកំពុងបកស្រាយខុសពីខ្លឹមសារ និងគោលបំណងដើមនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះមិនបានអនុញ្ញាតឱ្យភាគីណាមួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា រាយបន្លាលួស ដាក់ទូរកុងតឺន័រ ឬធ្វើសកម្មភាពឯកតោភាគី ដើម្បីពង្រឹងការកាន់កាប់ទឹកដីរបស់ប្រទេសមួយផ្សេងទៀតដូចដែលថៃបាននិងកំពុងធ្វើនោះឡើយ។ ផ្ទុយទៅវិញ សេចក្តីប្រកាសរួមបានបញ្ជាក់ពីភាពចាំបាច់នៃការវាស់វែងព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានលឿនបំផុត និងផ្តល់អាទិភាពដល់ទីតាំងដែលរងផលប៉ះពាល់ហើយដែលមានជនស៊ីវិលរស់នៅ។ ដូច្នេះ ការអះអាងរបស់ថៃដែលថាសកម្មភាពទាំងនេះស្របតាម GBC គឺជាការបកស្រាយផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារដើម ដែលកម្ពុជាមិនអាចទទួលយកបាននោះទេ។
សំណួរទី២៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការអំពាវនាវរបស់ថៃដែលថា ភាគីទាំងពីរគួរប្រើប្រាស់យន្តការទ្វេភាគីក្នុងការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ កម្ពុជាសូមស្វាគមន៍ចំពោះការអំពាវនាវនេះ ប៉ុន្តែ នៅលើភាពជាក់ស្តែង ការអំពាវនាវរបស់ថៃអំពីការប្រើប្រាស់យន្តការទ្វេភាគី មិនស្របគ្នាជាមួយនឹងទង្វើជាក់ស្តែងរបស់ខ្លួនឡើយ ព្រោះថៃខ្លួនឯងនៅតែពន្យារពេល និងធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងបន្តអនុវត្តសកម្មភាពឯកតោភាគីនៅតាមព្រំដែន។ គណៈកម្មការ JBC ភាគីកម្ពុជា បានដាក់កំណត់ទូតផ្លូវការ ៩លើកហើយ គិតចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមាន ដោយស្នើបើកកិច្ចប្រជុំពិសេស JBC និងចាត់បញ្ជូនក្រុមការងារបច្ចេកទេសចុះវាស់វែងនៅលើដីជាក់ស្តែងដូចដែលធ្លាប់បានធ្វើកន្លងមក។ ប៉ុន្តែ ភាគីថៃមិនព្រមធ្វើរឿងនេះឡើយ។
ដូច្នេះ កម្ពុជាចាត់ទុកថា ការលើកឡើងអំពីការគោរពយន្តការទ្វេភាគី នឹងមានអត្ថន័យ លុះត្រាតែមានការអនុវត្តជាក់ស្តែងដោយស្មោះត្រង់ ស្របតាមពាក្យសម្តីនិយាយ និងស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។
សំណួរទី៣៖ តើកម្ពុជាបានអំពាវនាវឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ ដើម្បីស្តារទំនុកចិត្ត និងជំរុញការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពទាំងខ្លឹមសារ និងស្មារតីនៃសេចក្តីប្រកាសរួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន និងចាត់បញ្ជូនក្រុមការងារបច្ចេកទេសក្នុងយន្តការ JBC ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនដោយមិនពន្យារពេល។ កម្ពុជាជឿជាក់ថា ការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងការចូលរួមយ៉ាងសកម្មក្នុងយន្តការ JBC គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្តារទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕






