ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ដោយខុសច្បាប់
ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ ហេតុអ្វីបានជាកម្ពុជានៅតែអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីរបស់ខ្លួន ទោះបីភាគីថៃកំពុងកាន់កាប់តំបន់ទាំងនោះ? តើការអះអាងនេះមានមូលដ្ឋានផ្លូវច្បាប់ដែរឬទេ?
ចម្លើយ៖ ការកាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីថៃ មិនមែនជាមូលដ្ឋានសម្រាប់កំណត់អធិបតេយ្យភាពនោះទេ។ កម្ពុជាបន្តអះអាងអធិបតេយ្យភាពលើប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ដោយផ្អែកលើឯកសារផ្លូវច្បាប់ និងភស្តុតាងបច្ចេកទេសដែលមានស្រាប់ពីដំណើរការកំណត់ព្រំដែនរវាងបារាំង–សៀម។ ចំពោះប្រាសាទខ្នារ កម្ពុជាផ្អែកលើសន្ធិសញ្ញា អនុសញ្ញា ផែនទីមាត្រដ្ឋាន ១:២០០,០០០ កំណត់ហេតុបោះបង្គោលព្រំដែន និងឯកសារផ្លូវការពាក់ព័ន្ធ។ ចំណែកប្រាសាទតាមាន់ធំ កម្ពុជាផ្អែកលើផែនទីមាត្រដ្ឋាន ១:២០០,០០០ កំណត់ហេតុ (PV) ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ ព្រមទាំងផែនទី L7017 ដែលសូម្បីតែភាគីថៃគូសដោយខ្លួនឯង ក៏បង្ហាញថា ប្រាសាទនេះស្ថិតក្នុងទឹកដីកម្ពុជាដែរ។ ដូច្នេះ ការអះអាងរបស់កម្ពុជា មានមូលដ្ឋានផ្លូវច្បាប់ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន ហើយមិនប្រែប្រួលតាមការកាន់កាប់ដោយកម្លាំងយោធានោះឡើយ។
សំណួរទី២៖ តើអ្វីជាគោលបំណងរបស់កម្ពុជា ចំពោះការលើកយកភស្តុតាងទាំងនេះមកបង្ហាញ?
ចម្លើយ៖ គោលបំណងរបស់កម្ពុជា គឺដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ជំហររបស់ខ្លួនចំពោះប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ផ្អែកលើមូលដ្ឋានច្បាប់ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន មិនមែនជាការអះអាងដោយគ្មានមូលដ្ឋាននោះទេ។ ការបង្ហាញឯកសារទាំងនេះ ក៏ជាការជូនដំណឹងដល់សាធារណជន និងសហគមន៍អន្តរជាតិឱ្យយល់ច្បាស់អំពីមូលដ្ឋានដែលកម្ពុជាប្រើប្រាស់ក្នុងការការពារអធិបតេយ្យភាព និងបដិសេធរាល់ការបកស្រាយទាំងឡាយណាដែលផ្ទុយពីភស្តុតាងផ្លូវការផងដែរ។
សំណួរទី៣៖ ហេតុអ្វីបានជាភាគីថៃនៅតែមិនទាន់ឆ្លើយតបចំពោះភស្តុតាងដែលកម្ពុជាបានលើកបង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈសូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯងក៏បង្ហាញលទ្ធផលដូចគ្នាដែរ?
ចម្លើយ៖ ភាគីថៃនៅតែមិនទាន់ឆ្លើយតបចំពោះភស្តុតាងដែលកម្ពុជាបានលើកបង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈសូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯងក៏បង្ហាញលទ្ធផលដូចគ្នា ព្រោះពេលនេះថៃកំពុងតែបាក់មុខ ហារមាត់មិនរួចដោយសារតែសហគមន៍អន្តរជាតិបានដឹងពីសណ្តានពិតរបស់ថៃ ដែលតែងតែឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា និងធ្វើសកម្មភាពនានាដើម្បីកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។ ទោះជាយ៉ាងណា ការមិនឆ្លើយតប ឬការមិនទទួលស្គាល់របស់ថៃ មិនអាចធ្វើឱ្យភស្តុតាងដែលមានស្រាប់បាត់បង់តម្លៃ ឬផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់នៃប្រាសាទទាំងពីរបានឡើយ។ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់ជំហររបស់ខ្លួនដោយផ្អែកលើច្បាប់អន្តរជាតិ និងភស្តុតាងដែលមានស្រាប់ ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពការពិត និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕






