Grand News Asia Close

គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន ជួយកម្ពុជាអ្វីខ្លះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ បច្ចេកវិទ្យា & ប្លែកៗ 395
គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន ជួយកម្ពុជាអ្វីខ្លះ? គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន ជួយកម្ពុជាអ្វីខ្លះ?

 

FN (ភ្នំពេញ)៖ ចិនជាម្ចាស់ជំនួយធំបំផុតរបស់កម្ពុជាផង ជាអ្នកវិយោគផង ជាដៃគូពាណិជ្ជកម្មផង។ ទំនាក់ទំនងសេដ្ឋកិច្ចនេះ នឹងកាន់តែរឹងមាំថែមទៀត តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ។

គោលនយោបាយនេះ បានជួយបំពេញចំណុចខ្វះខាតរបស់កម្ពុជា គឺទីមួយ៖ ជួយវិស័យហេដ្ឋារចនាសម្ព័ន្ធ, ទីពីរ៖ ជួយកាត់បន្ថយថ្លៃដឹកជញ្ជូននិងពាណិជ្ជកម្ម, ទីបី៖ ជួយបង្កើតផលិតភាពសេដ្ឋកិច្ចតាមរយៈ ភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា។ ទីបំផុត អ្នកទទួយប្រយោជន៍ពីគោលនយោបាយនេះ គឺប្រជាពលរដ្ឋតាមរយៈការរីកចម្រើនលក្ខខណ្ឌរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។

ទោះជាមានពាក្យរិះគន់ថា គោលនយោបាយនេះ ប៉ះពាល់លើផ្នែកបរិស្ថាន និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ពីការអនុវត្តគម្រោងនេះ ប៉ុន្តែចិនបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ ឱ្យបានជាអតិបរិមា។ ចិន និងកម្ពុជា បានចាត់ទុកគ្នាថា ជាដៃគូយុទ្ធសាស្រ្តលើការអភិវឌ្ឍ បើទោះបីជាកម្ពុជា ជាប្រទេសតូចមួយក្ដី។ ចាប់តាំងពីឆ្នាំ២០១៣មក ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន។

គិតដំណាច់ឆ្នាំ២០២១ បំណុលកម្ពុជាមានចំនួន ៩.៥ពាន់លានដុល្លារ ក្នុងនោះប្រមាណ៤៣% ជាកម្ចីរបស់ចិន ដែលប្រមាណ៨២% ជាកម្ចី និង១៨% ជាជំនួយ។ ការជួយជ្រោមជ្រែងរបស់ចិន និងការចូលរួមនៅក្នុងគោលបាយហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នឹងជួយជំរុញឧស្សាហកម្មកម្ពុជា ឱ្យចូលនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មសកម្ម ដែលគ្មានប្រទេសណាមួយអាចកាត់ផ្ដាច់បាននោះទេ។ បច្ចុប្បន្ន ខ្សែច្រវ៉ាក់ផលិតកម្មសកល បានបំបែកផលិតកម្មទៅតាមប្រទេសនានាជាច្រើន នៅលើពិភពលោក។

ជាក់ស្ដែងប្រទេសកម្ពុជា ក៏ទទួលបានប្រយោជន៍ ពីនិន្នាការនេះដែរ ដោយសារតែកម្ពុជាមានភាពជឿនលឿនជាបណ្ដើរៗ លើផ្នែកដឹកជញ្ជួន ទំនាក់ទំនង និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ដែលធ្វើឱ្យសហគ្រាស និងក្រុមហ៊ុនផលិតអាចពង្រីកដំណើរការរបស់ខ្លួន ទៅកាន់ទីផ្សារខាងក្រៅ ឬសកលលោកបាន។ ឧទាហរណ៍៖ កម្ពុជាជាប្រទេសដែលបើកចំហបំផុត ចំពោះពាណិជ្ជកម្មពិភពលោក តាមរយៈឧស្សាហកម្មសំលៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញ។

បើផ្នែកតួលេខរបស់ធនាគារពិភពលោកចុងក្រោយបង្ហាញថា ការវាស់វែងលើការចូលរួមខ្សែច្រវ៉ាក់ផលិតកម្មសកលរបស់កម្ពុជា មានតម្លៃ៥លានដុល្លារ នៅឆ្នាំ១៩៩០ ដល់ជាង៥២០លានដុល្លារ នៅឆ្នាំ២០១៥។ ទោះបីកម្ពុជា មានការរីកច្រើនក្នុងវិស័យកម្មន្តសាល ប៉ុន្តែកម្ពុជាមិនទាន់ឈានដល់ដំណាក់កាលទទួលបានប្រយោជន៍ ពីចង្វាក់តម្លៃពិភពលោកនៅឡើយទេ ដោយសារការធ្វើពិធិធកម្មនៅក្នុងវិស័យផលិតកម្ម នៅមានកម្រិតនៅឡើយ។ កត្តាទាំងអស់នេះ ទាមទារឱ្យកម្ពុជា អភិវឌ្ឍន៍កាន់តែខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

បើគិតរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្ដល់ និងគ្រោងផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសកម្ពុជា ប្រមាណ ១,៧៥០លានដុល្លារ ដោយគិតចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤ ដែលភាគច្រើនបំផុត ផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជា។ ទឹកប្រាក់នេះ នឹងអាចជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានភាពប្រកួតប្រជែងលើផ្នែកដឹកជញ្ជូន គាំទ្រដល់ភាពប្រកួតប្រជែងលើផ្នែកនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ទោះបីជា អឺរ៉ុប និងសហរដ្ឋអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ។

បច្ចុប្បន្នសន្ទស្សន៍លើផ្នែកដឹកជញ្ជូន (logistic) របស់កម្ពុជាស្ថិតនៅលេខ៩៨ ក្នុងចំណោមប្រទេស១៦០ នៅលើពិភពលោកដែលបានអង្កេត។ ដោយឡែកវៀតណាម ស្ថិតនៅលេខ ៣៩ ដែលតួលេខនេះមានន័យថា វៀតណាម អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនទៀត លើផ្នែកពាណិជ្ជកម្ម ដែលបានមកពីការចូលរួមរបស់ខ្លួន ក្នុងគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន។

បើយោងតាមវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍បង្ហាញថា គម្រោងរបស់ចិនចំនួន១៥ ដែលកំពុងអនុវត្តន៍នៅប្រទេសកម្ពុជានៅរយៈ៥ឆ្នាំ (២០១៩ ដល់២០២៤) ដែលនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ ជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា។

វិស័យឯកជន នឹងទទូលបានអត្ថប្រយោជន៍នានាលើយន្តការកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន និងថ្លៃនានា នៃការធ្វើអាជីវកម្មនៅកម្ពុជា។ អត្ថប្រយោជន៍នេះ បានបន្ថែមទៅសក្ដានុពលកម្ពុជាដែលមានស្រាប់ ដែលពិភពលោកយល់ថា កម្ពុជាជាទីកន្លែងវិនិយោគសមស្របជាងគេនៅក្នុងតំបន់។

ការស្រាវជ្រាវដោយ Greenfield ប្រចាំឆ្នាំ២០១៧ បង្ហាញថា ប្រទេសកម្ពុជា ជាទីផ្សារឈានមុខគេ ដែលឈរនៅលំដាប់លេខ១ បន្ទាប់មកគឺប្រទេសសិង្ហបុរី និងវៀតណាម។ ដោយឡែក សន្ទស្សន៍ស្ដីពីប្រតិបត្តិការវិនិយោគផ្ទាល់ពីបរទេសវិញ ឈរនៅលំដាប់លេខ៣ ក្នុងតំបន់អាស៊ី។

បន្ថែមលើនេះ បើយោងតាមការស្រាវជ្រាវរបស់ Euromonitor International វិញ កម្ពុជាត្រូវបានគេកំណត់ថា ជាទីផ្សារសក្ដានុពលមួយនៅក្នុងចំណោមទីផ្សារទាំង២០ នៅថ្ងៃអនាគត ដែលផ្ដល់ឱកាសល្អសម្រាប់ក្រុមហ៊ុនអន្តរជាតិមកវិនិយោគ។ បើធៀបនៅក្នុងតំបន់អាស៊ាន ទីផ្សារឈានមុខមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ប៉ុន្តែបញ្ហាប្រឈមចំពោះការធ្វើធុរកិច្ច ដែលត្រូវដោះស្រាយនោះ រួមមាន ការអភិវឌ្ឍវិស័យសំណង់ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ធ្លាប់បានប្រកាសថា គម្រោងខ្សែក្រវាត់ និងផ្លូវជាយន្តការឈ្នះឈ្នះទាំងអស់គ្នា ដែលនឹងអាចជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាន់តែសម្បូរបែបដែលនឹងអាចរុញស្ថានភាពអភិវឌ្ឍន៍កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមនៅឆ្នាំ២០៣០ នាពេលដ៏ខ្លីមុខ តាមរយៈការកសាងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ពុំមានឯកសារបញ្ជាក់ថា ប្រទេសចិនកំពុងអនុវត្តន៍គម្រោងប៉ុន្មាននៅកម្ពុជានោះទេ ប៉ុន្តែតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ២០២៣នេះបង្ហាញថា គម្រោងចំនួន១០១ នៅប្រទេសកម្ពុជា ត្រូវបានសន្និដ្ឋានថា ជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ក្នុងនោះ ផ្លូវជាតិពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងគម្រោងផ្លូវតភ្ជាប់នានា និងចិនក៏ជួយសាងសង់អាកាសយានដ្ឋាននៅសៀមរាប និងភ្នំពេញ។

ក្រៅពីនេះ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២១ ចិនបានជួយធ្វើផ្លូវ ចំនួន៣,២៨៧គីឡូម៉ែត និងស្ពានជំនួន៨ មានប្រវែងជិត៨គីឡូម៉ែត ដែលជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលអនុវត្តន៍នៅប្រទេសកម្ពុជា៕

ដោយ៖ អាន ស៉ីថាវ

អត្ថបទទាក់ទង