Grand News Asia Close

វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1018

(ភ្នំពេញ)៖ នៅពេលដែលមនុស្សគិតអំពីការការពារទន្លេ បឹងបួរ ឬសមុទ្រ ជារឿយៗយើងតែងតែគិតដល់ការកាត់បន្ថយការបំពុល ឬការសម្អាតកម្ទេចកម្ទីប្លាស្ទិក។

សកម្មភាពទាំងនេះពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែនៅមានអ្នកការពារប្រភពទឹកម្នាក់ទៀត ដែលជារឿយៗមិនសូវមានគេចាប់អារម្មណ៍នោះឡើយ។

អ្នកការពារនោះ គឺដើមឈើ។ ទោះបីជាដើមឈើលូតលាស់នៅលើគោកក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាមានវិសាលភាពគ្របដណ្តប់ដល់រាល់កូនស្ទឹង គ្រប់ទន្លេ គ្រប់បឹងបួរ ហើយចុងក្រោយ គឺគ្រប់មហាសមុទ្រទាំងអស់។ ដំណើរឆ្ពោះទៅរកប្រភពទឹកស្អាត មិនមែនចាប់ផ្តើមនៅតាមដងទន្លេ ឬឆ្នេរសមុទ្រនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីព្រៃឈើដែលមានសុខភាពល្អ។

ដើមឈើ គឺជាវិស្វករធម្មជាតិនៃប្រភពទឹក។ នៅពេលមានភ្លៀងធ្លាក់មកលើព្រៃឈើដែលមានសុខភាពល្អ លសាលព្រៃ (Canopies) ជួយសម្រាលកម្លាំងទង្គិចនៃតំណក់ទឹកភ្លៀង។

ស្លឹកឈើជួយពន្យឺតល្បឿនទឹកភ្លៀងដែលធ្លាក់មក ឯឫសឈើអនុញ្ញាតឱ្យទឹកជ្រាបចូលទៅក្នុងដីដោយសន្សឹមៗ ជំនួសឱ្យការហូរហៀរយ៉ាងគំហុកនៅលើផ្ទៃដី។ ដំណើរការធម្មជាតិនេះជួយបំពេញស្រទាប់ទឹកក្រោមដី (Aquifers) ផ្តល់ប្រភពដល់រន្ធទឹកផុស និងរក្សាលំហូរទឹកទន្លេឱ្យនៅតែបន្តហូរបានយូរអង្វែង ទោះបីជាបន្ទាប់ពីរដូវវស្សាបានកន្លងផុតទៅហើយក៏ដោយ។

ផ្ទុយទៅវិញ នៅកន្លែងណាដែលព្រៃឈើត្រូវបានកាប់ឆ្ការ ទឹកភ្លៀងនឹងហូរយ៉ាងលឿនកាត់តាមដីទំនេរដ៏ហួតហែង។ ដីស្រទាប់លើដ៏មានតម្លៃនឹងត្រូវហូរច្រោះចូលទៅក្នុងកូនស្ទឹង និងទន្លេ ដោយនាំទៅជាមួយនូវល្បាប់កករដែលធ្វើឱ្យទឹកល្អក់ និងកាត់បន្ថយគុណភាពទឹក។

ទន្លេនានានឹងប្រែជាទឹករាក់ជាងមុន អាងស្តុកទឹកពោរពេញទៅដោយភក់ ហើយសហគមន៍នានានឹងកាន់តែងាយរងគ្រោះដោយសារទឹកជំនន់ក្នុងរដូវវស្សា និងការខ្វះខាតទឹកក្នុងរដូវប្រាំង។ ហេតុដូច្នេះហើយ ព្រៃឈើដែលមានសុខភាពល្អ គឺជួយផ្តល់នូវប្រភពទឹកដែលមានសុខភាពល្អ។

ដើមឈើក៏ដើរតួជាឧបករណ៍ចម្រោះធម្មជាតិផងដែរ។ ឫសរបស់ពួកវាជួយទប់ល្បាប់កករ ស្រូបយកសារធាតុចិញ្ចឹមដែលលើស និងកាត់បន្ថយសារធាតុបំពុលផ្សេងៗ មុនពេលសារធាតុទាំងនោះហូរទៅដល់ទន្លេ និងបឹងបួរ។

ទន្លេដែលមានទឹកស្អាតជាងមុន មានន័យថាជាប្រភពទឹកបរិភោគដែលមានសុវត្ថិភាពជាងមុន ផលនេសាទមានសុខភាពល្អជាងមុន និងកាត់បន្ថយការចំណាយលើការកែច្នៃស្អាតសម្រាប់សហគមន៍។ ប៉ុន្តែ ផលប្រយោជន៍ទាំងនេះមិនត្រូវបានបញ្ចប់ត្រឹមពេលដែលទឹកទន្លេហូរទៅដល់សមុទ្រនោះឡើយ។

រាល់ទន្លេទាំងអស់ តែងតែនាំយកទឹករបស់ខ្លួនទៅចាក់បំពេញក្នុងមហាសមុទ្រនៅទីចុងបញ្ចប់។ នៅពេលដែលទន្លេនានាត្រូវបានបំពុលដោយដី គីមី និងកាកសំណល់ពីតំបន់ដីធ្លីដែលរងការខូចខាត ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រនឹងត្រូវរងទុក្ខ។ ថ្មប៉ប្រះទឹក ផ្កាថ្មត្រូវថប់ដង្ហើមដោយសារល្បាប់ដី។

ស្មៅសមុទ្រទទួលបានពន្លឺព្រះអាទិត្យតិចជាងមុន។ ព្រៃកោងកាងប្រែជាទន់ខ្សោយ និងទទួលរងសម្ពាធ។ ត្រី ក្តាម បង្គា និងប្រភេទសត្វសមុទ្ររាប់មិនអស់ បាត់បង់ជម្រកដ៏មានសុខភាពល្អដែលពួកវាពឹងផ្អែក។

តាមរយៈការការពារដើមឈើនៅផ្នែកខាងលើ (Upstream) យើងក៏បានការពារជីវិតនៅផ្នែកខាងក្រោម (Downstream) ផងដែរ។

ការផ្សារភ្ជាប់គ្នានេះ គឺមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា។ ព្រៃឈើរបស់យើងផ្តល់ប្រភពដល់ទន្លេរបស់យើង ទន្លេរបស់យើងផ្តល់ជីជាតិដល់ដីសើមរបស់យើង ហើយចុងក្រោយទន្លេរបស់យើងហូរចាក់ចូលទៅក្នុងឈូងសមុទ្រ។

នៅតាមបណ្តោយឆ្នេរសមុទ្ររបស់យើង ព្រៃកោងកាងដើរតួជាស្ពានតភ្ជាប់ដ៏អស្ចារ្យរវាងដីគោក និងសមុទ្រ។ ពួកវាជួយទប់លំនឹងឆ្នេរសមុទ្រ កាត់បន្ថយការហូរច្រោះ ចម្រោះសារធាតុបំពុល ផ្តល់ជាកន្លែងថែបំប៉នសម្រាប់កូនត្រីនិងសត្វមានសម្បក (គ្រួសារបង្គាក្តាម) ស្តុកទុកនូវសារធាតុកាបូនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការពារសហគមន៍ឆ្នេរសមុទ្រពីការយាយីនៃខ្យល់ព្យុះ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។
ព្រៃកោងកាងគឺជាដើមឈើ ប៉ុន្តែពួកវាក៏ជាអ្នកការពារមហាសមុទ្រផងដែរ។

ខណៈពេលដែលការប្រែប្រួលអាកាសធាតុ និងបាតុភូត អែលនីញ៉ូ (El Niño) កំពុងនាំមកនូវរដូវប្រាំងដែលអូសបន្លាយពេលយូរជាងមុន និងអាកាសធាតុដ៏អាក្រក់ខ្លាំង ព្រៃឈើដែលមានសុខភាពល្អកាន់តែមានតម្លៃទ្វេដង។

ពួកវាជួយរក្សាលំហូរទឹកស្ទឹងក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ការពារតំបន់ផ្ទៃរងទឹកភ្លៀង (Watersheds) ដែលផ្គត់ផ្គង់ដល់ចម្ការដំណាំ និងទីក្រុងនានា ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីទឹកសាប និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

រាល់ដើមឈើមួយដើមដែលបានដាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀង រួមចំណែកដល់ការធ្វើឱ្យទឹកមានភាពស្អាតជាងមុន។ រាល់ដើមឈើដែលបានការពារនៅតាមដងទន្លេ ជួយកាត់បន្ថយការហូរច្រោះដី។

រាល់ដើមឈើកោងកាងដែលបានស្តារឡើងវិញ ពង្រឹងសុខភាពឆ្នេរសមុទ្រ និងវិស័យជលផលរបស់យើង។ នេះហើយជាមូលហេតុដែលការដាំដើមឈើ មិនមែនគ្រាន់តែជាសកម្មភាពរុក្ខប្រមាញ់ធម្មតានោះឡើយ។

វាគឺជាយុទ្ធសាស្ត្រអភិរក្សធនធានទឹក វាគឺជាយុទ្ធសាស្ត្រអភិរក្សវិស័យជលផល វាគឺជាយុទ្ធសាស្ត្រសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុវាគឺជាការវិនិយោគលើសុខភាពសាធារណៈ និងវិបុលភាពជាតិ។

ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានតួនាទីត្រូវបំពេញ។ ចូរដាំដើមឈើនៅជុំវិញផ្ទះ សាលារៀន ចម្ការ និងនៅក្នុងសហគមន៍ ការពារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ស្តារឡើងវិញនូវរុក្ខជាតិតាមដងទន្លេ។

ថែរក្សាការពារព្រៃកោងកាង បង្ការភ្លើងឆេះព្រៃ និងការកាប់ឈើខុសច្បាប់ ចៀសវាងការបំពុលទន្លេ និងកូនស្ទឹង។ រាល់សកម្មភាពទាំងអស់ គឺសុទ្ធតែជួយពង្រឹងប្រព័ន្ធធម្មជាតិដែលទ្រទ្រង់ជីវិតរបស់យើង។

ទឹកគឺជាអ្វីដែលផ្សារភ្ជាប់រាល់សត្វមានជីវិតទាំងអស់នៅលើភភផែនដីហើយដើមឈើ ស្ថិតក្នុងចំណោមអ្នកការពារដ៏អស្ចារ្យបំផុតរបស់ទឹក។

ប្រសិនបើយើងចង់បានទន្លេដែលមានទឹកស្អាតជាងមុន បឹងបួរដែលមានសុខភាពល្អជាងមុន វិស័យជលផលដ៏សម្បូរបែប ថ្មប៉ប្រះទឹក ផ្កាថ្មដែលរីកដុះដាល និងឆ្នេរសមុទ្រដែលមានភាពធន់ យើងត្រូវតែការពារព្រៃឈើដែលជាអ្នកផ្តល់ជីជាតិជាមុនសិន។ នៅពេលដែលយើងដាំដើមឈើមួយដើម យើងមិនមែនគ្រាន់តែដាំដុះបង្កើតព្រៃឈើនោះទេ។

យើងកំពុងការពាររន្ធទឹកផុស យើងកំពុងថែរក្សាការពារទន្លេមួយ យើងកំពុងអភិរក្សសមុទ្រ ហើយតាមរយៈការធ្វើបែបនេះ យើងកំពុងធានានូវប្រភពទឹកស្អាត ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។

នៅពេលដែលព្រៃឈើមានភាពស្រស់បំព្រង ប្រភពទឹកក៏មានភាពស្រស់បំព្រងដូចគ្នា ហើយនៅពេលដែលប្រភពទឹកមានភាពស្រស់បំព្រង នោះរាល់ជីវិតទាំងអស់ក៏នឹងរីកដុះដាលស្រស់បំព្រងទៅជាមួយគ្នាដែរ៕

អត្ថបទទាក់ទង