Grand News Asia Close

កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធការងារដោយបង្ខំ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1018
កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធការងារដោយបង្ខំ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធការងារដោយបង្ខំ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញប្រកាសអន្តរក្រសួងថ្មីមួយ ហាមឃាត់ការនាំចូលទំនិញដែលផលិតដោយប្រើប្រាស់ការងារដោយបង្ខំ ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ។

ប្រកាសអន្តរក្រសួងនេះ ត្រូវបានចេញរួមគ្នាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយកំណត់បែបបទ នីតិវិធី និងវិធានការហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ។

ក្នុងប្រការ១ នៃប្រកាស បានបញ្ជាក់ថា គោលបំណងនៃបទប្បញ្ញត្តិនេះ គឺ “សំដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់ភាពប្រកួតប្រជែង“។

ប្រកាសបានកំណត់ថា «ការងារដោយបង្ខំ សំដៅដល់រាល់ការងារ ឬសេវាកម្មណា ដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែងថានឹងដាក់ទណ្ឌកម្មណាមួយ ហើយដែលជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯង» ស្របតាមច្បាប់ស្តីពីការងារ។

ទំនិញដែលត្រូវបានជីក ឬទាញយក ផលិត ឬផលិតមួយផ្នែកដោយប្រើប្រាស់ការងារដោយបង្ខំ នឹងត្រូវហាមឃាត់ការនាំចូលមកកម្ពុជា។ លើសពីនេះ ទំនិញទាំងនោះក៏មិនអាចប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដែរ។

យោងតាមសេចក្តីណែនាំ បានឱ្យដឹងថា: “ដើម្បីអនុវត្តប្រកាសនេះ រាជរដ្ឋាភិបាលនឹងបង្កើតក្រុមការងារអន្តរក្រសួង ដែលមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ”។

ក្រុមការងារនេះ មានភារកិច្ចត្រួតពិនិត្យទំនិញដែលសង្ស័យថាពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ក្រុមការងារក៏អាចសហការជាមួយប្រទេសដែលនាំចូលទំនិញពីកម្ពុជា ដើម្បីស៊ើបអង្កេតករណីសង្ស័យលើទំនិញនាំចេញពីកម្ពុជា នៅពេលចាំបាច់ផងដែរ។

អ្នកនាំចូលដែលត្រូវបានសង្ស័យ ត្រូវផ្តល់សេចក្តីបំភ្លឺជូនក្រុមការងារអន្តរក្រសួង ក្នុងរយៈពេល១០ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹង។

អ្នកនាំចូលក៏ត្រូវបញ្ជូនឯកសារពាក់ព័ន្ធ រួមមាន ប្រភពដើមទំនិញ ទីតាំងផលិតកម្ម ព័ត៌មានអំពីអ្នកផលិត ឬភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដំណើរការផលិត កិច្ចសន្យាទិញលក់ ឯកសារទូទាត់ ឯកសារផ្ទេរកម្មសិទ្ធិ និងរបាយការណ៍សវនកម្ម ឬឯកសារផ្សេងៗ ដែលអាចបញ្ជាក់ថាទំនិញមិនពាក់ព័ន្ធនឹងការងារដោយបង្ខំ។

ប្រកាសបានបញ្ជាក់ថា: «ត្រូវបានហាមឃាត់ចំពោះការនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងព្រះរាជាណាចក្រកម្ពុជានូវទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ»។

ប្រសិនបើការស៊ើបអង្កេតរកឃើញថា ទំនិញពិតជាពាក់ព័ន្ធនឹងការងារដោយបង្ខំ ទំនិញនោះនឹងត្រូវហាមឃាត់មិនឱ្យនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងប្រទេសឡើយ។

បន្ថែមពីនេះ អ្នកនាំចូលអាចប្រឈមនឹងវិធានការបន្ថែម រួមមាន ការផ្អាកសកម្មភាពនាំចេញ-នាំចូល ការផ្អាកការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានការផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដោយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធនៃក្រសួងទាំងបី ត្រូវទទួលខុសត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួន។

-Post Khmer-

អត្ថបទទាក់ទង