ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពដែលថៃបាននាំ អ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់អូរស្មាច់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពដែលថៃបាននាំ អ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់អូរស្មាច់
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពដែលថៃបាននាំអ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់អូរស្មាច់?
ចម្លើយ៖ កម្ពុជាបានតវ៉ាយ៉ាងដាច់អហង្ការ និងចាត់ទុកសកម្មភាពដែលភាគីថៃនាំអ្នកសារព័ត៌មានបរទេស រួមទាំងក្រុមការងាររបស់ ABC News ចូលទៅកាន់តំបន់អូរស្មាច់ ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ថាជាការរំលោភអធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងពិធីសារការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាក៏បានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះផងដែរ។
សំណួរទី២៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះរបាយការណ៍ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីមានការចូលទៅតំបន់អូរស្មាច់ដោយគ្មានការអនុញ្ញាត?
ចម្លើយ៖ កម្ពុជាបដិសេធទាំងស្រុងចំពោះខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយផ្អែកលើការចូលទៅកាន់តំបន់អូរស្មាច់ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីអាជ្ញាធរកម្ពុជា។ កម្ពុជាយល់ថា ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីការចូលទៅកាន់ទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត មិនអាចចាត់ទុកថាជាដំណើរការដែលគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិបានឡើយ។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងសាធារណជនវាយតម្លៃព័ត៌មានដោយផ្អែកលើអង្គហេតុ និងច្បាប់អន្តរជាតិ។
សំណួរទី៣៖ តើកម្ពុជាបានចាត់វិធានការអ្វីខ្លះ ចំពោះករណីនេះ?
ចម្លើយ៖ កម្ពុជាបានចាត់វិធានការតាមយន្តការការទូតជាបន្តបន្ទាប់។ ជាក់ស្តែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញកំណត់ទូតតវ៉ាជាផ្លូវការរួចហើយ ចំពោះការដែលភាគីថៃនាំអ្នកសារព័ត៌មាន និងអនុព័ន្ធយោធាបរទេសចូលទៅកាន់តំបន់អូរស្មាច់។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏បានចេញសេចក្ដីថ្លែងការណ៍តវ៉ាជាផ្លូវការ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលកម្ពុជាចាត់ទុកថា រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕






