Grand News Asia Close

«មេរៀន​ឆ្នាំ២០២៥និង​២០២៦ បង្ហាញថា​មាន​តែ​យើង​ខ្លាំង​ទេ​ទើបការពារ​ទឹកដី​និង​សន្តិភាពបាន»

ដោយ៖ Morm Sokun ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 1028
«មេរៀន​ឆ្នាំ២០២៥និង​២០២៦ បង្ហាញថា​មាន​តែ​យើង​ខ្លាំង​ទេ​ទើបការពារ​ទឹកដី​និង​សន្តិភាពបាន» CPP president Hun Sen, who also serves as Senate president, attends a recent meeting with local authorities. SHS

លោក ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ការផ្សារភ្ជាប់រវាងគណបក្សរបស់​លោក​ជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ ដោយ​​គ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។

ថ្លែង​នៅ​ក្នុង​សារ​ខួបទី៧៥​នៃ​ការ​បង្កើន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃទី២៨ ខែមិថុនា​ លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​បាន​រៀន​មេរៀន​មួយ​បន្ថែម​ទៀត​ នោះ​គឺ​មានតែ​កម្ពុជា​ខ្លាំង​ប៉ុណ្ណៅះ​ដែល​អាច​ការពារ​ទឹកដី និង​សន្តិភាព​បាន។

លោក​ថ្លែង​ថា៖ «ម្យ៉ាងទៀត មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។

លោក​បន្ត​ថា៖ «គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជាដាច់ខាត ដោយកម្លាំងរបស់យើង»។

យោង​តាម​ប្រធានគណបក្ស​ប្រជាជន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជាក្តី ក៏កម្ពុជា​នៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយ​កំណើន​សេដ្ឋកិច្ច​រំពឹង​ថា​នឹង​ទទួល​បាន​ក្នុង​អត្រា ៤,២ភាគរយ។

ខណៈដែល​បញ្ហា​ព្រំដែន​នៅតែ​មិន​ទាន់​មានដំណោះស្រាយ ដោយ​យោធាថៃ​កំពុង​គ្រប់គ្រង​ទឹកដី​កម្ពុជា​ជាច្រើន​ទីតាំង ហើយ​រដ្ឋាភិបាល​ថៃ​គេច​វេះ​មិន​វិល​មក​ធ្វើការ​តាម​យន្តការ​ JBC លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។

លោក​ថា គណបក្សលោក​ប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។

លោក​បន្ត​ថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែង នោះ។

គបក្ស​ប្រជាជន​ក៏​គាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។

ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​ផងដែរ ដោយ​លោក ហ៊ុន សែន ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​នេះ​គឺ​ដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។

លោក​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​លើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួនរបស់កម្ពុជា,​ គាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់អាវុធកម្ពុជា។

លោកថា៖ «ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា»៕

-Post Khmer-
___________________
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក្នុងពិធីជួបជាមួយអាជ្ញាធរមូលដ្ឋានកាលពីពេលថ្មីៗនេះ។ SHS

អត្ថបទទាក់ទង