ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃនៅតំបន់ភូមិជោគជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៦ និង៤៧?
ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីដោយក្រុមការងារថៃ និងប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ នៅតំបន់ភូមិជោគជ័យ ជាការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា និងជាសកម្មភាពឯកតោភាគីដែលផ្ទុយនឹងកិច្ចព្រមព្រៀង និងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ការវាស់វែង និងបែងចែកដីធ្លីអាចប្រព្រឹត្តទៅបានតែក្នុងករណីដែលដីនោះមានខណ្ឌសីមាព្រំដែនច្បាស់លាស់ដែលប្រទេសជិតខាងទាំងពីរបានព្រៀមព្រៀងគ្នា។ ចំណែកដីដែលស្ថិតក្នុងតំបន់ដែលមិនទាន់ដាច់ស្រេច ជាពិសេសក្នុងតំបន់ដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ដោយកម្លាំងយោធា ត្រូវប្រើយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងក្រុមវាស់វែងចម្រុះ (JSTs) ស្របតាម MOU ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។ កម្ពុជាបានតវ៉ាជាផ្លូវការ និងបញ្ជាក់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកំណត់ខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលធ្វើឡើងដោយឯកតោភាគីពីសំណាក់ថៃ ។
សំណួរទី២៖ តើសកម្មភាពរបស់ថៃបានរំលោភលើកិច្ចព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ សកម្មភាពវាស់វែងដីធ្លី និងបោះបង្គោលព្រំដីដោយឯកតោភាគីរបស់ថៃកាលពីពេលថ្មីៗនេះ បានរំលោភលើមាត្រា៥ នៃ MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ក៏ដូចជាបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003)។ សកម្មភាពនេះក៏ផ្ទុយនឹងកំណត់ហេតុកិច្ចប្រជុំពិសេស JBC ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពឱ្យការងារវាស់វែង និងបោះបង្គោលព្រំដែន ត្រូវធ្វើតាមរយៈយន្តការរួមរវាងភាគីទាំងពីរ។
សំណួរទី៣៖ តើកម្ពុជាអំពាវនាវអ្វីខ្លះទៅកាន់ភាគីថៃចំពោះមានសកម្មភាពនេះ?
ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគីនៅតាមព្រំដែន ជៀសវាងការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីលើដីជាក់ស្តែង(fait accompli) និងគោរពតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចូលរួមយ៉ាងសកម្មក្នុងការងាររបស់គណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ៕





