Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1007
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបោកប្រាស់ប្រជាពលរដ្ឋ និងគ្មាន
វិធានការអ្វីសោះ ខណៈដែលថៃបន្តធ្វើសកម្មភាពនៅតំបន់ប្រាសាទ និងនៅតាមព្រំដែនតាមអំពើចិត្ត គឺជាការពិតដែរឬទេ?

ចម្លើយ៖ ៖  មិនពិតទេ។ ដូចប្រជាពលរដ្ឋគ្រប់គ្នាបានឃើញស្រាប់ រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅស្ងៀម ឬបណ្តោយឱ្យមានការរំលោភបំពានដោយគ្មានការឆ្លើយតបនោះឡើយ។ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងយន្តការព្រំដែនទ្វេភាគី ព្រមទាំងបានលើកបញ្ហានេះទៅកាន់ដៃគូ និងវេទិកាអន្តរជាតិជាច្រើន។ ការតវ៉ាផ្លូវការការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការប្រមូលការគាំទ្រពីសហគមន៍អន្តរជាតិ គឺជាវិធីសាស្ត្រសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ និងជៀសវាងការផ្ទុះជម្លោះប្រដាប់អាវុធដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ។ រដ្ឋលេខាធិការដ្ឋានកិចុ្ចការព្រំដែនទើបតែផ្ញើកំណត់ទូតកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ ទៅកាន់ភាគីថៃដើម្បីស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ ដូច្នេះ ភាសារបស់ក្រុមប្រឆាំងជ្រុលនិយមគ្មានអ្វីក្រៅពីញុះញង់ និងបំបែកបំបាក់ជាតិ ក្នុងន័យហុចដងដាវឱ្យសត្រូវនោះឡើយ។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនបានគិតគូរដល់កងទ័ពជួរមុខ បណ្តោយឱ្យកងទ័ពខ្វះខាតសម្ភារៈសឹកសង្គ្រាម និងខ្វះស្បៀងអាហារ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។ ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនជាច្រើន បានចូលរួមគាំទ្រផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈប្រើប្រាស់និងបំពេញតម្រូវការចាំបាច់ផ្សេងៗជូនដល់កងទ័ពនៅជួរមុខជាប្រចាំ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំជាបន្តបន្ទាប់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជីវភាពរបស់កងទ័ព និងគ្រួសារយុទ្ធជន ដើម្បីឱ្យកងកម្លាំងដែលកំពុងឈរជើងការពារជាតិអាចបំពេញភារកិច្ចបានដោយភាពកក់ក្តៅ។ ដូច្នេះ ការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុកនោះគ្មានអ្វីថ្មី និងមិនបានជួយអ្វីដល់ប្រទេសជាតិ ប្រជាជន និងកងទ័ពឡើយ។

សំណួរទី៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានទទួលស្គាល់ការកាន់កាប់ទឹកដីរបស់ថៃរួចទៅហើយ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការចោទប្រកាន់នេះមិនត្រឹមត្រូវនោះឡើយ។ ជាក់ស្តែង គណៈកម្មការ JBC ភាគីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តែងបញ្ជាក់ម្តងហើយ​ម្តងទៀតថា កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ។ កម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងមិនទទួលស្គាល់ការបង្កើត «ស្ថានភាពថ្មីលើដីជាក់ស្តែង» ដោយឯកតោភាគីនោះទេ។
ដូច្នេះ ការបន្តតវ៉ាដោយប្រើមធ្យោបាយការទូត ការទាមទារឱ្យបន្តការងារវាស់វែងព្រំដែន និងការបដិសេធមិនទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំង គឺជាភស្តុតាងបង្ហាញថា កម្ពុជាកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន មិនមែនទទួលស្គាល់ ឬបណ្តោយឱ្យមានការកាន់កាប់ទឹកដីដោយខុសច្បាប់នោះឡើយ៕

អត្ថបទទាក់ទង