ពិពិធកម្មទំនាក់ទំនងរុស្សុី-អាស៊ាន៖ តើកិច្ចប្រជុំកំពូលនៅកាហ្សានខាងមុខមានន័យបែបណាសម្រាប់អាស៊ាន និងកម្ពុជា?
កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី ដែលកម្រនឹងធ្វើឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅឯរដ្ឋកាហ្សាន្ត ប្រទេសរុស្ស៊ី ដែលនឹងមានវត្តមានមេដឹកនាំសំខាន់ៗរបស់អាស៊ាន ចូលរួមជាពិសេសក្រោមវត្តមានប្រធានាធិបតីរុស្ស៉ីលោកវ្ល៉ាឌីម៉ែរ ពូទីន នឹងមានវត្តមានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមផង នេះបើផ្អែកតាមការឱ្យដឹងពីក្រសួងការបទេស។ កិច្ចប្រជុំនេះ នឹងជាវេទិកាការទូតដ៏សំខាន់មួយសម្រាប់តំបន់ និងអន្តរជាតិទាំងមូល។ នៅឆ្នាំ២០២៦ នេះ ជាគម្រប់ខួប ៣៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី និងជាខួបលើកទី៨ ដែលភាគីទាំង២ បានក្លាយជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០១៨ មក ដែលកិច្ចប្រជុំកម្រិតខ្ពស់នេះនឹងផ្តល់ជាច្រកទ្វាមួយសម្រាប់បង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ។
សម្រាប់កម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងៗទៀត ការបត់ចង្កូតនៅចំពោះមុខការប្រណាំងប្រជែងរវាងប្រទេសមហាអំណាច ការកើនឡើងនូវការប្រេះឆានៃភូមិសាស្ត្រនយោបាយ និងការរក្សាសន្តិសុខពាណិជ្ជកម្ម ទាមទារឱ្យមានដំណើរផ្លូវប្រកបដោយយុទ្ធសាស្ត្រនិងល្អិតល្អន់ជាទីបំផុត ដើម្បីការពារដែនអធិបតេយ្យភាព ធានាកំណើនសេដ្ឋកិច្ច និងរក្សាស្វយភាពឬភាពម្ចាស់ការនៃគោលនយោបាយ។ បច្ចុប្បន្ន អាទិភាពរបស់អាស៊ានកំពុងពើបប្រទះនឹងក្តីប្រឈមនានា តួយ៉ាងសម្ព័ន្ធផ្នែកសន្តិសុខទ្វេភាគី ដូចជា AUKUS និង QUAD ជាដើម ដែលរុញឱ្យមានមតិវែកញែកអំពីអនាគតយូរអង្វែងរបស់អាស៊ានដែលជាមធ្យោបាយការទូតសម្រាប់កិច្ចសន្ទនានានា។
កិច្ចប្រជុំកំពូលនៅកាហ្សាន៖ ជាក្របខណ្ដពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលក្រោយៗមកទៀត
ខណៈស្ថានភាពទំនាក់ទំនងទ្វេភាគីនៃភាគីនីមួយៗ មានទំនោរទៅរកប្លុកខុសៗគ្នា កិច្ចប្រជុំកំពូលនៅកាហ្សានក្នុងឆ្នាំ២០២៦ នេះ មានរបៀបវារៈបែបពហុភាគី ដែលផ្តោតទៅលើការស្តារប្រព័ន្ធ និងក្របខណ្ឌរចនាសម្ព័ន្ធដើម្បីចៀសវាងការបែកបាក់ភូមិសាស្ត្រនយោបាយថែមទៀត។ មន្ត្រីជាន់ខ្ពស់ បានបង្ហើបពីរបៀបវារៈដែលផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣។ ទី១ ការរៀបចំផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ(CPA) ថ្មីសម្រាប់ឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ ខណៈផែនការចាស់បានបញ្ចប់ទៅពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីជាផែនទីត្រួសត្រាយផ្លូវចំពោះកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម-មនុស្ស។ បន្ថែមពីនោះ កិច្ចប្រជុំនឹងលើកយកកម្មវិធីយុទ្ធសាស្ត្ររយៈ ១០ឆ្នាំ អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ មកពិភាក្សាផងដែរ។ ទី២ រដ្ឋធានីមូស្គូ នឹងផ្តោតទៅលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ខណៈអាស៊ានកំពុងពង្រឹងផ្នែកនេះផងដែរ ដែលភាគីទាំង២ ទំនងនឹងជជែកអំពីគំនិតផ្តួចផ្តើមដើម្បីកិច្ចសហការលើបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ(Smart City) កិច្ចសហការសន្តិសុខបច្ចេកវិទ្យា ឌីជីថល និងដំណោះស្រាយទូទាត់សាច់ប្រាក់ដោយប្រើប្រព័ន្ធសារ ជាជាងរូបិយវត្ថុប្រពៃណី។ ទី៣ រុស្ស៊ី នឹងគូសបញ្ជាក់អំពីការគាំទ្ររបស់ខ្លួនទៅលើស្នូលរបស់អាស៊ានពោលគឺ “គោលការណ៍មជ្ឈភាពអាស៊ាន” នាតំបន់អាស៊ីប៉ាស៊ីហ្វិក ជាគោលការណ៍ដែលប្រឆាំងនឹងសម្ព័ន្ធមិត្តលោកខាងលិចដែលបង្កើនអំណាចបក្សពួកខ្លួនក្នុងតំបន់។ បន្ថែមពីនេះ ភាពមិនប្រាកដប្រជានៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់សាកល កិច្ចប្រជុំមួយនេះ អាចមានគោលដៅធានាច្រករបៀងសម្រាប់វិស័យដំណឹកជញ្ជូនឱ្យមានស្ថិរភាពសម្រាប់ការចរាចរណ៍ទីផ្សារកសិកម្មតួយ៉ាង ជី និងគ្រាប់ធញ្ញជាតិ សម្រាប់ទីផ្សារនៅអាស៊ីអាគ្នេយ៍។ យ៉ាងណាក្តី ដោយសារអាស៊ានមានភាពតឹងតែងដាក់គ្នាចំពោះគោកការណ៍ឯកភាពរួម សេចក្តីថ្លែងការណ៍រួមទំនងជាអាចទៅមុខដោយរលូនចំពោះប្រយោជន៍សេដ្ឋកិច្ច ដែលជាការសម្លឹងផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ចំណុចប្រសព្វនៃអនុតំបន់៖ ដំណើរការសន្តិភាពព្រំដែនរវាងកម្ពុជានិងថៃ
ដើម្បីពិភាក្សាអំពីផែនការ និងគម្រោងធំៗនានា ទាមទារឱ្យមានស្ថិរភាពនៅក្នុងតំបន់ ដើម្បីបង្កើនបរិយាកាសអំណោយផលដល់ការជួបប្រជុំ តែយ៉ាងណា អាស៊ានបច្ចុប្បន្ន កំពុងរង្គោះរង្គើរដោយសារវិបត្តិផ្ទៃក្នុង ដែលអង្គការតំបន់នេះ តែងប្រឈមនឹងបញ្ហាអសមត្ថភាពក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងខ្លួន តួយ៉ាងសព្វថ្ងៃ វិបត្តិព្រំដែនកម្ពុជា-ថៃ។ អាស៊ីអាគ្នេយ៍ដីគោក ជាអនុតំបន់ដ៏រសើបមួយ ដែលតែងពើបប្រទះការផ្លាស់ប្តូរនយោបាយផ្ទៃក្នុង វិបត្តិព្រំដែនដែលមិនទាន់ដាច់ស្រាច់ និងការលូកដៃពីមហាអំណាចធំៗ។ ជម្លោះព្រំដែន និងដែនបូរណភាពទឹកដីនេះ បន្សល់ទុកពីដែនប្រវត្តិសាស្ត្រពីផែនទីអាណានិគម ពីឆ្នាំ១៩០៤ និង១៩០៧ ដែលប្រែក្លាយជាវិបត្តិសន្តិសុខតំបន់ និងវិបត្តិមនុស្សធម៌។
បរាជ័យផ្នែកដំណោះស្រាយការទូត និងការសម្របសម្រួលពីខាងក្រៅ បានបន្សល់ទុកចន្លោះប្រហោងនៃជម្លោះនេះ។ ទីក្រុងវ៉ាស៊ីតោន តាមរយៈកិច្ចអន្តរាគមន៍ពីរដ្ឋបាល ដូណាល់ ត្រាំ មិនបានផ្តល់ក្របខណ្ឌសន្តិភាពរយៈពេលវែងឡើយ នៅពេលខ្លួនលូកដៃជម្លោះនេះ។ ចំណែក ទីក្រុងប៉េកាំងវិញ ទោះខ្លួនហាក់មានឥទ្ធិពលនៅក្នុងតំបន់ក្តី ហើយព្រមទាំងប្រកាសជាមិត្តដែកថែបរបស់កម្ពុជាទៅទៀតនោះ ហាក់នៅមានភាពស្ទាក់ស្ទើរនៅឡើយ ក្នុងកិច្ចអន្តរាគមន៍ណាមួយ ឱ្យបានច្បាស់លាស់លើសំណុំរឿងព្រំដែននេះ។ បារាំងវិញ បានបង្ហាញភាពច្បាស់លាស់ក្នុងការផ្តល់ព័ត៌មាន និងជំនួយផ្នែកផែនទីអាណានិគមពីស្ថាប័នរដ្ឋរបស់ខ្លួន តែមិនទាន់រុញជាប្រសិទ្ធិភាពនៅឡើយទេ។
នៅពេលមានការប៉ះទង្គិចដោយអាវុធ រវាងកម្ពុជានិងថៃ នៅខែកក្កដា ឆ្នាំ២០២៥ រុស្ស៊ីបានគូសបញ្ជាក់ជំហររបស់ខ្លួននៅលើយន្តការការទូត ហើយក្រសួការបរទេសរុស្ស៊ីបានអំពាវនាវឱ្យភាគីទាំង២ មានភាពអត់ធ្មត់និងសន្ទនាគ្នាដោយសន្តិវិធី ដោយឆ្លុះបញ្ចាំងពីស្មារតីឯកភាព និងសាមគ្គីភាពអាស៊ាន។ ក្នុងនោះដែរ រដ្ឋធានីមស្គូ បាចាត់តំណាងទូតរបស់ខ្លួនទៅទស្សនកិច្ចនៅជំរុំជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប ដើម្បីវាយតម្លៃផលប៉ះពាល់ផ្នែកមនុស្សធម៌។ រុស្ស៊ី ខណៈនោះមានស្វាគមន៍ចំពោះបទឈប់បាញ់ និងជំរុញឱ្យភាគីទាំង២ ប្រកាន់នូវបទឈប់បាញ់ ហើយមូស្គូដាក់ខ្លួនជាតួយអង្គមួយដើម្បីចូលរួមផងដែរ។
ការងាកទៅរកតំបន់អាស៊ីរបស់រុស្ស៊ី៖ ជារបត់យុទ្ធសាស្ត្រ
ដោយការប្រេះឆាទំនាក់ទំនងរវាងរុស្ស៊ី និងក្រុមប្រទេសលោកខាងលិច បន្ទាប់ពីវិបត្តិនៅតំបន់គ្រីមៀរ នៅឆ្នាំ២០១៤ និងជាពិសេសការបែកបាក់ផ្នែកការទូតទាំងស្រុងនៅឆ្នាំ២០២២ ដោយសារទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែន មូស្គូបានគិតគុរឡើងវិញនូវបន្ទាត់នយោបាយការបរទេសរបស់ខ្លួន។
នៅខែមីនា ឆ្នាំ០២៣ រុស្ស៊ីបានផ្តើមគំនិតផ្តួចផ្តើមនយោបាយការបទេសថ្មី ដែលបានបង្កើតជាចំណុចប្រសព្វថ្មី ដោយឆ្ពោះទៅរកលោកខាងត្បូង(Global South) កិច្ចសហប្រតិបត្តិការ BRICS អង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ(SCO) និងតំបន់អាស៊ីអាគ្នេយ៍ ដែលជាការកែសម្រួលយុទ្ធសាស្ត្ររបស់មូស្គូក្នុងទំនាក់ទំនងអន្តរជាតិ។ ខណៈពេលដែលរុស្ស៉ីបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា អនុតំបន់មេគង្គជាព្រំដែនសំខាន់មួយក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុប៉ូល។
យុទ្ធសាស្ត្រជាក់ស្តែងរបស់ទីក្រុងមូស្គូ
រុស្ស៊ីបានដំណើរការយុទ្ធសាស្ត្រ ៣ផ្នែករបស់ខ្លួន ដែលបង្កើនការរួមបញ្ចូលស៊ីជម្រៅលើផ្នែកការពារជាតិ ទៅជាប្រតិបត្តិការសេដ្ឋកិច្ចដែលស្ថិតក្រោមសម្ពាធលោកខាងលិច។ ផ្នែកទី១ គឺដៃគូសហការជាមួយវៀតណាម និងមីយ៉ាន់ម៉ា។ វៀតណាម នៅតែជាតួអង្គមូលដ្ឋានរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ៥ពាន់លានដុល្លារ ដែលបានមកពីការវិនិយោគរួមលើវិស័យថាមពល តួយ៉ាង ក្រុមហ៊ុន Vietsovpetro និងទុនវិនិយោគថ្មីនៅឆ្នាំ២០២៦ ជាមួយក្រុមហ៊ុន Rosatom ដើម្បីពង្រឹងវិស័យថាមពលនុយក្លេអ៊ែរនៅវៀតណាម។ ទីក្រុងហាណូយរក្សាជំហរ ការទូតឬស្ស៊ី របស់ខ្លួន ដែលផ្តល់នូវអព្យាក្រឹត្យ និងពហុភាគី ដែលបានទប់ទល់នឹងទណ្ឌកម្មឯកតោភាគិរបស់រុស្ស៉ី។ ចំណែកមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាបានកាន់កាប់អំណាចនៅឆ្នាំ២០២១ មក ទីក្រុងណៃពិដោ និងទីក្រុងមូស្គូ បានបង្កើតសម្ព័ន្ធភាពនឹងគ្នាដើម្បីគេចពីភាពឯកោពីសាកលលោក ដែលជាពិសេសការចុះកិច្ចព្រមព្រៀងយោធា ៥ឆ្នាំ នៅឆ្នាំ២០២៦។
ផ្នែកទី២ គឺដៃគូសេដ្ឋកិច្ច ដែលក្នុងនោះរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងឡាវ។ ជាមួយឥណ្ឌូនេស៊ី ក្រោមការដឹកនាំដោយលោកប្រាបូវ៉ូ ពាណិជ្ជកម្មទ្វេភាគីរុស្ស៊ី-ឥណ្ឌូនេស៊ីបានកើន ២០% ដល់តម្លៃសរុប ៤,៨ពាន់លានដុល្លារ ដែលទីក្រុងហ្សាកាតាជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេស BRICS បានដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់ទីក្រុងមូស្គូ ដែលផ្តោតលើផ្នែកកសិកម្ម ហ្គាស LPG និងនុយក្លេអ៊ែរស៊ីវិល។ ចំពោះម៉ាឡេស៊ី ដែលបានខិតទៅរកក្រុងមូស្គូដែរនោះ ដោយសារប្រយោជន៍សេដ្ឋកិច្ច ដែលជាប្រទេសដៃគូរបស់ BRICS ហើយកំពុងស្វែងរកយន្តការហិរញ្ញវត្ថុដែលមានសុវត្ថិភាព ដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច។ សម្រាប់ថៃវិញ ជាដៃគូសំខាន់របស់មូស្គូលើផ្នែកទេសចរណ៍ ដែលបានទទួលអ្នកដំណើររុស្ស៊ីរាប់លាននាក់ ដែលជាប្រយោជន៍សេដ្ឋកិច្ចរបស់ថៃ ហើយថៃក៏ជាប្រទេសដៃគូរបស់ BRICS ដូចគ្នា ដែលកំពុងសម្លឹងឃើញកិច្ចសហប្រតិបត្តិការផ្នែកកសិផលមុនកិច្ចប្រជុំនៅកាហ្សានមកដល់។ ចំពោះឡាវ ជាទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ក្រុងមូស្គូ ដោយជាប្រទេសពឹងផ្អែកលើសម្ភារៈយោធារបស់រុស្ស៊ី ការបណ្តុះបណ្តាលធនធានមនុស្ស ផលិតផលថាមពលប្រេង ជាដើម។
ផ្នែកទី៣ គឺទំនាក់ទំនងមិនសូវជិតស្និទ្ធិ និងប្រកបដោយភាពប្រុងប្រយ័ត្ន គឺសំដៅលើ ហ្វីលីពីន ប្រ៊ុយណេ សឹង្ហបុរី និងទីម័រខាងកើត។ សឹង្ហបុរី ជារដ្ឋតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើរុស្ស៊ី ជាពិសេសលើធនាគាររបស់រុស្ស៊ីបន្ទាប់ពីវិបត្តិរុស្ស៉ី-អ៊ុយក្រែននៅឆ្នាំ២០២២ ដែលទំនាក់ទំនងនយោបាយបានជាប់គាំង។ សម្រាប់ហ្វីលីពីនវិញ ទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីស្ថិតក្នុងភាពតានតឹងក្នុងរដ្ឋបាលរបស់លោកម៉ាកូស ដែលកំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សម្រាប់ប្រ៊ុយណេ ជាទំនាក់ទំនងដែលតូច តែមានភាពស្និទ្ធិស្នាលតិចតួចដែរជាមួយរុស្ស៊ី ខណៈខ្លួនប្រកាន់យកភាពឯករាជ្យ និងអព្យាក្រឹត្យ ក្នុងនាមជាប្រទេសនាំចេញថាមពល។ ទំនាក់ទំនងជាមួយទីម័រខាងកើត សម្រាប់រុស្ស៊ីគឺមិនសូវជាមានភាពដុំកំភួនឡើយ ព្រោះប្រទេសនេះពឹងផ្អែកខ្លាំងលើជំនួយរបស់សហគមន៍អឺរ៉ុប និងអូស្ត្រាលី តែដោយសារវត្តមាននៅក្នុងអង្គការអាស៊ាន មូស្គូត្រូវតែយកចិត្តទុកដាក់លើសមាជិកកូនពៅនេះ។
ដោយឡែក សម្រាប់កម្ពុជាវិញ ត្រូវគេមើលឃើញពីការប្រុងប្រយ័ត្នខ្ពស់នៃរដ្ឋនេះចំពោះជំហរអន្តរជាតិ ដែលក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទីក្រុងភ្នំពេញរក្សាគោលជំហរជាមួយសហគមន៍អន្តរជាតិ គាំទ្រធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានបោះឆ្នោតគាំទ្រការថ្កោលទោសការរំលោភបំពានទឹកដីដោយកម្លាំងជាញឹកញាប់នៅអង្គការសហប្រជាជាតិ ដែលសំដៅថ្កោលទោសទីក្រុងមូស្គូផងដែរ។ តែយ៉ាងណា កម្ពុជានៅបើកចំហរការទូត និងសេដ្ឋកិច្ច ទោះបីស្ថិតក្រោមសម្ពាធក្តី តែយ៉ាងណា ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីគឺមានតិចតួច ដែលស្ថិតលើវិស័យកាត់ដេរវាយនភ័ណ្ឌ កសិកម្ម និងការរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ។
ក្របខណ្ឌយុទ្ធសាស្ត្រ៖ ទំនាក់ទំនងកម្ពុជា-រុស្ស៉ី-ថៃ
ដើម្បីរក្សាចំណងមិត្តភាពនៅក្នុងតំបន់ រុស្ស៊ីត្រូវតែមានបម្រុងប្រយ័ត្នចំពោះតុល្យភាពរវាង ទំនាក់ទំនងល្អជាប្រពៃណីជាមួយកម្ពុជា និងផលប្រយោជន៍សេដ្ឋកិច្ចជាមួយថៃ។ ទោះបីជា រុស្ស៊ីនិងកម្ពុជា មិនសូវមានផលប្រយោជន៍ពាណិជ្ជកម្មជាមួយកម្ពុជាក្តី តែអ្វីដែលមូស្គូមាននៅកម្ពុជា គឺ កម្លាំងធនធានមនុស្ស។ អ្នកជំនាញជាង ៨ពាន់នាក់បានបញ្ចប់ការសិក្សាពីសហភាពសូវៀត និងពីរុស្ស៊ី។ អ្នកទាំងនោះ កំពុងកាន់តួនាទីសំខាន់នៅក្នុងជួររដ្ឋាភិបាល វិស័យឯកជនសំខាន់ៗ និងជាអ្នកជំនួញសំខាន់ៗនៅក្នុងប្រទេស។ សភានៃប្រទេសទាំង២ បានរក្សាភាពសកម្មក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសការគាំទ្រគ្នាលើឆាកនយោបាយអន្តរជាតិ។ មូស្គូឃើញអំពីការពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិករបស់កម្ពុជា ដែលប្រមាណ ៤០% នៃការនាំចេញសរុប និងមិត្តភាពរឹងមាំជាមួយចិន។
ស្របគ្នានេះដែរ រុស្ស៉ីកំពុងមានភាពវិជ្ជមានលើទំនាក់ទំនងនឹងថៃ ដែលគាំទ្រល់វិស័យទេសចរណ៍ និងវិស័យថាមពល ហើយជាពិសេសទៀតនោះ ក្រុងមូស្គូ ក៏អាចផ្តល់ជូនថៃនូវផ្លូវជំនួសលើកិច្ចសហប្រតិបត្តិការយោធា បើសិនទីក្រុងបាងកកចង់ ក្នុងនាមរុស្ស៉ីជាមហាអំណាចយោធាពិភពលោក តួយ៉ាងទំនើបកម្មយោធា និងសព្វាវុធ។
មេទ្រិចរបស់កាហ្សាន សម្រាប់មុខមាត់ការទូត
គំរូវប្បធម៌នយោនបាយនៅអាស៊ីគឺតែងគិតគូរអំពី មុខមាត់ ដែលបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ដែលជារឿយៗ ទំនាក់ទំនងការទូតបានជាប់គាំងដោយសារទស្សនៈនយោបាយក្នុងស្រុងរវាងប្រទេសទាំង២។ ដូច្នេះ រដ្ឋទាំង២ ត្រូវការទីតាំងសមល្មមួយមួយប្រកបដោយភាពថ្លៃថ្នូរ សម្រាប់ថ្នាក់ដឹកនាំប្រទេសទាំង២ អាចជួបជជែកចរចានឹងគ្នា ហើយរុស្ស៊ីអាចផ្តល់ទីតាំងនេះ ដោយមិនជាប់ពាក់ព័ន្ធនឹងការប្រកាន់នូវភាពលំអៀងទៅរកភាគីណាមួយបាន។
កិច្ចប្រជុំកំពូលនៅកាហ្សាន ក្នុងពេលនេះ ស្របពេលនឹងមានវិបត្តិផ្ទៃក្នុងថ្មីនៅក្នុងតំបន់អាស៊ាន ហើយហ្វីលីពីនកំពុងធ្វើជាប្រធានប្តូរវេន ដើម្បីកសាងសន្តិភាពផ្ទៃក្នុងតំបន់ ដែលអាចផ្តល់ចន្លោះទីតាំងការទូតមួយរបស់ខ្លួននៅកាហ្សាន្ត សម្រាប់ចរចាជម្លោះផ្ទៃក្នុងតំបន់។ សឹង្ហបុរី និងថៃ ត្រៀមទទួលធ្វើជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដែលបាងកកត្រូវដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា មុនពេលខ្លួនធ្វើជាប្រធានអាស៊ាន ហើយដែលរុស្ស៊ីអាចយកបញ្ហានេះ មកពិភាក្សានៅកិច្ចប្រជុំកំពូលរបស់ខ្លួនបាន ដើម្បីសម្អាតបញ្ហាកុំឱ្យអូសបន្លាយពេលទៅមុខ។
អនុសាសន៍មួយចំនួនសទៅលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី
ដើម្បីបង្កើតទម្ងន់នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាដៃគូត្រូវពាំនាំយកនូវរបៀវវារៈដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ បច្ចេកទេស និងសង្គម-សេដ្ឋកិច្ច ប្រាកដនិយមដែលអាចយកមកអនុវត្តជាសកម្មភាពបាន។
កម្ពុជាកំពុងត្រៀមចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅពេលអនាគត ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលទាមទារឱ្យខ្លួនកសាងសមត្ថភាពរដ្ឋបាលឱ្យកាន់តែរឹងមាំ បង្កើតរូបភាពវិជ្ជមានលើឆាកអន្តរជាតិដូចជាការបោសសម្អាតបទល្មើសឆបោកអនឡាញ និងត្រូវការដៃគូរឹងមាំផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា។ រុស្ស៊ីអាចជួយកម្ពុជាល់ការបណ្តុះបណ្តាលបច្ចេកទេស និងធនធានមនុស្ស លើផ្នែកអភិបាលកិច្ចឌីជីថល ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន។ លើសពីនេះ រុស្ស៊ីអាចជួយកម្ពុជាលើការអភិវឌ្ឍន៍សមត្ថភាពថាមពលអគ្គីសនី តាមរយៈក្រុមហ៊ុន Rosatom លើការពង្រីកមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដែលមានស្រាប់ ហើយជាពិសេសការបណ្តុះបណ្តាលសមត្ថភាពថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវនិងកសាងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ដែលទ្រទ្រង់ប្រទេសប្រកបដោយបទដ្ឋានអន្តរជាតិ។
លើផ្នែកសន្តិសុខ រុស្ស៊ីអាចពង្រឹងការធ្វើសមយុទ្ធយោធាផ្នែកសន្តិសុខមិនប្រពៃណីជាមួយកម្ពុជា ដែលជាក់ស្តែងនៅឆ្នាំ២០២៣ នាវារុស្ស៉ីបានចូលសំចតនៅក្រុងព្រះសីហនុ, ភាគីទាំង២ មានកិច្ចព្រមព្រៀងកងទ័ពជើងគោកដែលសម្រេចនៅឆ្នាំ២០២៤ ដែលនាំទៅរកការធ្វើសមយុទ្ធយោធាខ្នាតតុច ការប្រឆាំងភេវកម្ម ប្រឆាំងបទល្មើសឆ្លងដែន ការចែករំលែកព័ត៌មាននិងចារកិច្ច ជាដើម។
រុស្ស៊ីមានភាពធន់លើការនាំចេញថាមពល និងកសិកម្ម កិច្ចប្រជុំនេះក៏អាចបង្កើតឱ្យមានច្រករបៀងបន្ទាន់មួយផងដែរ ដែលអាចផ្តោតលើសន្តិសុខស្បៀង ការផ្ទេរបច្ចេកវិទ្យាកសិកម្ម និងការសង្គ្រោះលើវិបត្តិអាកាសធាតុ ដែលកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា កំពុងប្រឈមមុខជារួមក្នុងតំបន់។
សរុបមក
កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅកាហ្សាន រុស្ស៊ី ខាងមុខ អាចផ្តល់ជាវេទិកាសំខាន់ដែលអាចឱ្យរុស្ស៊ីបង្ហាញការប្តេជ្ញាចិត្តជាដៃគូរឹងមាំសម្រាប់តំបន់អាស៊ានផង និងសម្រាប់អន្តរជាតិផង ជាពិសេសជាមួយកម្ពុជា ទៅលើក្របខណ្ឌគោលនយោបាយការបរទេសនានា។ កាហ្សាន អាចផ្តល់ជាច្រកការទូតក្រៅឆាកមួយសម្រាប់ដោះស្រាយវិបត្តិផ្ទៃក្នុងអាស៊ាន ជាពិសេសទំនាស់ព្រំដែនកម្ពុជានិងថៃ។ នេះជាវេទិកាមួយសម្រាប់ការផ្តាស់ប្តូរកិច្ចសន្ទនាផ្នែកនយោបាយមួយដែលសម្រាប់ស្វែងរកច្រកចេញសម្រាប់តំបន់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងដៃគូ សម្រាប់តុល្យភាព និងភាពបន់បែននៅក្នុងដំណាក់កាលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងប្រែប្រួល ហើយដើម្បីធានាអធិបតេយ្យភាពតំបន់ និងមុខមាត់ការទូតសម្រាប់តំបន់ទាំងមូល ឈរលើមូលដ្ឋានផ្តល់សេចក្តីថ្លៃថ្នូរទៅវិញទៅមក៕
បណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ (Bulat Akhmetkarimov) គឺជាសាស្ត្រាចារ្យជំនួយផ្នែកទំនាក់ទំនងអន្តរជាតិ មានមូលដ្ឋាននៅរាជធានីភ្នំពេញ។
ប្រែសម្រួលដោយ៖ សំបាន ច័ន្ទដារ៉ា ជាជំនួយការ និងជាអ្នកស្រាវជ្រាវផ្នែកកិច្ចការបរទេសលើកិច្ចការរុស្ស៊ីនៅមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ IFME ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស
ទស្សនៈដែលលើកឡើងក្នុងបទវិភាគនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ Grand News ទេ។
-Phnom Penh Post-





