មាសសុទ្ធមិនខ្លាចភ្លើង តែសញ្ញាបត្រក្លែងក្លាយមិនអាចលាក់រហូតអស់មួយជីវិតឡើយ
- ថ្នាល់ផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ទទួលបានពានពីអង្គការសហប្រជាជាតិឆ្នាំ២០២៦។ MPTC
#ទស្សនៈ
រឿងសញ្ញាបត្រក្លែងក្លាយមិនអាចលាក់មហាជន ក្រុមគ្រួសារ អ្នកនៅកន្លែងធ្វើការ អ្នកនៅជុំវិញខ្លួន មួយជីវិតឡើយ។ នេះជាសាររំលឹកមេត្រីតែប៉ុណ្ណោះ សូមបុគ្គលដែលមានការពាក់ព័ន្ធរឿងនេះគួរភ្ញាក់ខ្លួនឡើង កុំឱ្យផុងខ្លួនកាន់តែជ្រៅ។ រឿងនេះមុននិងក្រោយគង់តែអ្នកផ្សេងដឹង ហើយប្រតិកម្មនៅថ្ងៃអនាគតនឹងផ្ដល់ផលអវិជ្ជមាន។
មានជ្រុងនៃគំនិតមួយលើកឡើងថា “បើខ្លាំងកុំលុបរូបភាពទៅទទួលសញ្ញាបត្រក្លែងក្លាយ! គង់មានថ្ងៃមហាជនភ្ញាក់ខ្លួនដូចខ្មោចលង!”។ ជាការពិតណាស់ មនុស្សមួយចំនួនដែលផុងខ្លួននឹងភាពក្លែងក្លាយនៅក្នុងសង្គមមិនថាបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន ឬរកស៊ីផ្ទាល់ខ្លួន ក្នុងចំណោមនោះក៏មានអ្នកបួសក្នុងសាសនានានាមួយចំនួនតូចផងដែរ ចង់ទទួលបានងារក្នុងវិស័យអប់រំ ចង់ឱ្យគេសរសើរថាខ្លួនរៀនបានខ្ពស់ ឬទទួលបានសញ្ញាបត្រពីក្រៅប្រទេស។ មែនទែនទៅជារឿងដែលកើតឡើង ក្រុមមនុស្សទាំងនេះបានបង្ហោះរូបភាពខ្លួនទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រក្លែងក្លាយដែលពួកគេគិតថាអ្នកនៅក្នុងប្រទេសខ្លួនមិនដឹងប្រភពនៃសញ្ញាបត្រទាំងអស់នោះ ក៏ប៉ុន្ដែពួកគេគិតខុសហើយ។
អ្វីដែលហួសចិត្តគឺពួកគេមិនចេះខ្មាសអៀននូវទង្វើទាំងអស់នេះដែលអាចត្រូវបានលើកជាសំណួររួមមាន តើពួកគេមានអារម្មណ៍យ៉ាងណាបើកូនៗរបស់ខ្លួនដឹងថាខ្លួនជាមាតាបិតាទិញសញ្ញាបត្រក្លែងក្លាយ? តើកូនសិស្សឬនិស្សិតនឹងមានអារម្មណ៍យ៉ាងណាបើដឹងថាគ្រូឧទ្ទេសឬសាស្រ្ដាចារ្យដែលបង្រៀនខ្លួនប្រើប្រាស់សញ្ញាបត្រក្លែងក្លាយយកមកបង្រៀនខ្លួន ហើយអាចខ្លះទៀតដឹកនាំខ្លួនសរសេរនិក្ខេបបទ សារណា ឬរបាយការណ៍ស្រាយជ្រាវ? តើអ្នកប្រតិបត្តិសាសនានឹងគិតយ៉ាងណានៅពេលដឹងថាក្រុមអ្នកបួសមួយចំនួនដែលខ្លួនគោរពធ្វើទង្វើបែបនេះ?
ដំណោះស្រាយចំពោះបញ្ហានេះគឺបច្ចេកវិទ្យាបញ្ជាក់សញ្ញាបត្រដែលនៅប្រទេសកម្ពុជាអាចប្រើប្រាស់ verify.gov.kh ថ្នាលរបស់រាជរដ្ឋាភិបាលដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថល។ ដំណាក់កាលដំបូងតម្រូវឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ដោយសារវិស័យអប់រំមិនស្ថិតនៅក្រោមដំបូលរបស់ក្រសួងអប់រំ យុវជននិងកីឡាទាំងស្រុងឡើយ។ ក្រសួងមួយចំនួនទៀតក៏មានសាកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាល មជ្ឈមណ្ឌលតាមវិស័យរៀងៗខ្លួនផងដែរ។ នៅពេលដែលទិន្នន័យនៃការបណ្ដុះបណ្ដាលអន្ដរក្រសួងស្ថិតនៅក្នុងទិន្នន័យធំ ការក្លែងបន្លំសញ្ញាបត្រនឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕
សរ វិជ្ជណា គឺជាអ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ចឌីជីថល និងនិន្នាការភូមិសាស្ត្រនយោបាយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក។
–Post Khmer–
______________





