Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1005
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមអធិករណ៍នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។ រយៈពេលពេញមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដោយមានវីរយុទ្ធជនដ៏អង់អាចក្លាហាន និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានខិតខំគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីផង និងថែរក្សាការពារសន្តិភាពជូនប្រទេសជាតិផង។ បន្ទាប់ពីស្វះស្វែងរកបាននូវបទឈប់បាញ់ពីរលើក រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្លៀវក្លាបំផុតនិងឥតឈប់ឈរឡើយ។ ពីអាស៊ានឈានទៅអាស៊ី អូសេអានី អឺរ៉ុប សហរដ្ឋអាម៉េរិក រហូតដល់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សកម្មភាពគ្រប់យ៉ាងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង ម៉ោងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រិបត្តិការអន្តរជាតិ កំពុងស្ថិតនៅឯទីក្រុងញូវយ៉ក ក្នុងដំណើរចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចេញសំឡេងការពារសន្តិភាព និងបូរណភាពទឹកដី។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ជាក់ស្តែង នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា UNTAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។

ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព ជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនាការទូត ការគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។ ក្នុងស្មារតីនេះ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឬតាមរយៈការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ កម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ ដោយមានប្រសិទ្ធភាពទាំងស្រុង និងជាបន្ទាន់។

ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានាសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល។

ដោយឡែក ក្នុងជំនួបពិភាក្សាជាមួយសមភាគីថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញប្រាប់ភាគីថៃពីជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តួចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈនូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃដើម្បីអនុវត្តវិធានការនានាដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកសាងទំនុកចិត្តឡើងវិញនិងខិតខំស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងជំរុញឱ្យមានការវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់តាមកិច្ចព្រមព្រៀង៕

សូមអរគុណ!

អត្ថបទទាក់ទង