Grand News Asia Close

ទស្សនវិភាគ! សន្លឹកបៀដែលកម្ពុជាបានលាក់ទុកជាយូរ ឥឡូវដល់ពេលបើក

ដោយ៖ Morm Sokun ​​ | 16 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1034
ទស្សនវិភាគ! សន្លឹកបៀដែលកម្ពុជាបានលាក់ទុកជាយូរ ឥឡូវដល់ពេលបើក ទស្សនវិភាគ! សន្លឹកបៀដែលកម្ពុជាបានលាក់ទុកជាយូរ ឥឡូវដល់ពេលបើក

ដោយ៖លោកតា

ការវិភាគអំពីអត្ថន័យយុទ្ធសាស្ត្រនៃការជ្រើសរើសឥស្សរជនអន្តរជាតិពីររូប ក្នុងបេសកកម្មការពារអធិបតេយ្យភាពជាតិកម្ពុជា ក្រោមយន្តការសម្រុះសម្រួលដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)

ក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសសមាសភាពគណៈកម្មការមួយដែលគួរឱ្យចាប់អារម្មណ៍ និងបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅទាំងផ្នែកនយោបាយ ការទូត និងច្បាប់អន្តរជាតិ។

បើមើលពីខាងក្រៅ មនុស្សមួយចំនួនអាចយល់ថា នេះគ្រាន់តែជាការជ្រើសរើសអ្នកជំនាញបរទេសមកជួយកម្ពុជាក្នុងដំណើរការច្បាប់អន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែបើវិភាគឱ្យស៊ីជម្រៅ វាគឺជាសមាសភាពដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជា ក្នុងការត្រៀមខ្លួនប្រឈមមុខនឹងវិវាទអធិបតេយ្យភាពដ៏ស្មុគស្មាញមួយ ដែលមានទាំងវិមាត្រប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ ការទូត និងភូមិសាស្ត្រនយោបាយ។

ការចូលរួមរបស់លោក Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin មិនមែនជាការសម្រេចចិត្តភ្លាមៗ ឬជាការស្វែងរកអ្នកជំនាញនៅពេលបញ្ហាកើតឡើងនោះទេ ផ្ទុយទៅវិញ វាជាលទ្ធផលនៃការរៀបចំ ការសិក្សា និងការកសាងទំនាក់ទំនងជាយូរឆ្នាំមកហើយ។

នៅក្នុងពិភពការទូត និងច្បាប់អន្តរជាតិ ការអញ្ជើញឥស្សរជនលំដាប់ពិភពលោកឱ្យចូលរួមក្នុងបេសកកម្មជាតិសំខាន់បែបនេះ មិនមែនជារឿងដែលអាចធ្វើបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែឡើយ វាទាមទារឱ្យមានការស្គាល់គ្នា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរទស្សនៈ និងការកសាងទំនុកចិត្តជាច្រើនឆ្នាំ។ ម្យ៉ាងទៀត ឥស្សរជនអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍កម្រិតនេះ ក៏មិនងាយទទួលយកបេសកកម្មណាមួយដោយគ្មានការយល់ដឹងច្បាស់លាស់អំពីសំណុំរឿង និងគោលជំហររបស់ភាគីដែលអញ្ជើញពួកគេឡើយ។

ហេតុនេះហើយ ទើបអាចនិយាយបានថា វត្តមានរបស់ឥស្សរជនទាំងពីររូបនេះ គឺជាភស្តុតាងមួយបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំយុទ្ធសាស្ត្រនេះជាយូរមកហើយ ប្រសិនបើប្រៀបធៀបទៅនឹងល្បែងបៀ វាគឺជា “សន្លឹកបៀយុទ្ធសាស្ត្រ” ដែលត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន ហើយមិនទាន់បើកបង្ហាញរហូតដល់ពេលវេលាសមស្រប។ នៅក្នុងការប្រកួតដែលមានសារៈសំខាន់ អ្នកលេងដែលមានបទពិសោធន៍ មិនដែលបើកសន្លឹកបៀសំខាន់បំផុតរបស់ខ្លួនមុនពេលវេលានោះឡើយ ថ្ងៃនេះ កម្ពុជាហាក់ដូចជាបានសម្រេចចិត្តបើកសន្លឹកបៀមួយចំនួនដែលបានរៀបចំទុកជាយូរមកហើយ។

លោក Peter Taksøe-Jensen ជាអ្នកការទូតជាន់ខ្ពស់ជនជាតិដាណឺម៉ាក ដែលធ្លាប់កាន់តំណែងជានាយកខុទ្ទកាល័យ និងជាជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ បទពិសោធន៍របស់លោកនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បានធ្វើឱ្យលោកយល់ដឹងយ៉ាងស៊ីជម្រៅអំពីយន្តការអន្តរជាតិ វិធីសាស្ត្រធ្វើការរបស់ស្ថាប័នអន្តរជាតិ និងរបៀបដែលសហគមន៍អន្តរជាតិវាយតម្លៃលើវិវាទរវាងរដ្ឋ។

វត្តមានរបស់លោក គឺជាស្ពានភ្ជាប់កម្ពុជាទៅកាន់ប្រព័ន្ធអង្គការសហប្រជាជាតិ និងសហគមន៍លោកខាងលិច វាជាសារមួយបង្ហាញថា កម្ពុជាជ្រើសរើសផ្លូវច្បាប់ ផ្លូវការទូត និងផ្លូវសន្តិភាព ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន ជាពិសេស វាបង្ហាញថា កម្ពុជាចង់ឱ្យសហគមន៍អន្តរជាតិមើលឃើញថា ខ្លួនកំពុងប្រើប្រាស់យន្តការដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ មិនមែនជាការប្រឈមមុខដោយអារម្មណ៍នយោបាយ ឬជាតិនិយមនោះទេ។

រីឯសាស្ត្រាចារ្យ Jean-Marc Thouvenin វិញ មានអត្ថន័យយុទ្ធសាស្ត្រកាន់តែជ្រាលជ្រៅថែមទៀត។

លោកគឺជាអ្នកច្បាប់អន្តរជាតិដ៏ល្បីល្បាញជនជាតិបារាំង និងជាអគ្គលេខាធិការនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិនាទីក្រុងឡាអេ។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយនៅមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ដែលជាស្ថាប័នសំខាន់បំផុតក្នុងការដោះស្រាយវិវាទរវាងរដ្ឋ។

ប៉ុន្តែសម្រាប់សំណុំរឿងកម្ពុជា-ថៃ អ្វីដែលធ្វើឱ្យវត្តមានរបស់លោកមានសារៈសំខាន់ជាងនេះទៅទៀត គឺលោកជាជនជាតិបារាំង។

ប្រទេសបារាំង មិនត្រឹមតែជាប្រទេសដែលមានប្រពៃណីច្បាប់អន្តរជាតិរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសដែលមានទំនាក់ទំនងផ្ទាល់ជាមួយប្រវត្តិសាស្ត្រព្រំដែនកម្ពុជា-សៀមផងដែរ។ ក្នុងសម័យអាណាព្យាបាលឥណ្ឌូចិន បារាំងគឺជាអំណាចដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ និងជាភាគីដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលជាឯកសារមូលដ្ឋានដ៏សំខាន់បំផុតមួយក្នុងការកំណត់ព្រំដែនរវាងកម្ពុជា និងសៀម។

លើសពីនេះ ឯកសារប្រវត្តិសាស្ត្រ ផែនទី កំណត់ហេតុ និងបណ្ណសារសំខាន់ៗជាច្រើនដែលទាក់ទងនឹងការកំណត់ព្រំដែន និងទំនាក់ទំនងកម្ពុជា-សៀម ស្ថិតនៅក្នុងបណ្ណសាររដ្ឋ និងបណ្ណសារការទូតរបស់ប្រទេសបារាំង។ ជាក់ស្តែង ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កម្ពុជាក៏បានពឹងផ្អែកយ៉ាងសំខាន់លើឯកសារ ផែនទី និងភស្តុតាងដែលមានប្រភពពីសម័យបារាំងផងដែរ។

ហេតុនេះហើយ ការចូលរួមរបស់សាស្ត្រាចារ្យ Jean-Marc Thouvenin មិនមែនគ្រាន់តែជាការនាំយកអ្នកជំនាញច្បាប់អន្តរជាតិម្នាក់មកជួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកជាមួយនូវការយល់ដឹងអំពីប្រវត្តិសាស្ត្រ បរិបទ និងមរតកឯកសារដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសំណុំរឿងរវាងកម្ពុជា និងសៀមផងដែរ។

នៅពេលយើងដាក់រូបភាពទាំងមូលចូលគ្នា យើងនឹងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារមួយដែលមានការបំពេញគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ មួយផ្នែកតំណាងឱ្យអំណាចនយោបាយ និងអធិបតេយ្យភាពជាតិ មួយផ្នែកតំណាងឱ្យអំណាចការទូតអន្តរជាតិ និងមួយផ្នែកទៀតតំណាងឱ្យជំនាញច្បាប់អន្តរជាតិ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រព្រំដែន។

នេះជាភស្តុតាងបង្ហាញថា កម្ពុជាមិនបានរង់ចាំឱ្យមានវិបត្តិទើបចាប់ផ្តើមគិតនោះទេ ប៉ុន្តែបានគិតទុកជាយុទ្ធសាស្ត្រជាយូរមកហើយ។ ថ្ងៃនេះ អ្វីដែលយើងកំពុងឃើញ គ្រាន់តែជាផ្នែកមួយនៃសន្លឹកបៀដែលត្រូវបានបើកបង្ហាញប៉ុណ្ណោះ ហើយប្រហែលជានៅមានសន្លឹកបៀយុទ្ធសាស្ត្រផ្សេងទៀត ដែលមិនទាន់ដល់ពេលវេលាត្រូវបង្ហាញនៅឡើយ។

ចំពោះប្រជាជនកម្ពុជាវិញ ក្នុងដំណាក់កាលដ៏សំខាន់នេះ អ្វីដែលប្រទេសជាតិត្រូវការបំផុត គឺសាមគ្គីភាពជាតិ ការជឿជាក់លើស្ថាប័នរដ្ឋ និងការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប។

ប្រជាជនកម្ពុជាគួរមានជំនឿលើដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ និងយន្តការសន្តិភាព ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នារក្សាសាមគ្គីភាពជាតិ ដោយមិនជឿ និងមិនចែករំលែកព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ឬការអត្ថាធិប្បាយដែលមានបំណងបង្កការបែកបាក់ផ្ទៃក្នុងជាតិ។

ប្រជាពលរដ្ឋគ្រប់រូបក៏គួរគោរពវិធានការសន្តិសុខជាតិ ដោយមិនថត មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់កងកម្លាំងការពារជាតិ។ ជាមួយគ្នានេះ ត្រូវខិតខំអប់រំកូនចៅឱ្យស្រឡាញ់ការសិក្សា មានវិន័យ និងមានសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតជាតិ។

សម្រាប់អ្នកប្រកបរបរ ពាណិជ្ជករ និងអ្នកផលិតខ្មែរទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ចំពោះជាតិ។ មិនត្រូវបន្លំប្រភពដើមទំនិញ ឬយកទំនិញបរទេសមកបង្ហាញថាជាផលិតផលខ្មែរ ឬជាផលិតផលប្រទេសផ្សេងឡើយ។ ការគាំទ្រផលិតផលក្នុងស្រុក និងការពង្រឹងសេដ្ឋកិច្ចជាតិ ត្រូវធ្វើឡើងដោយសុចរិតភាព និងដោយឈរលើគោលការណ៍ច្បាប់។

ប្រវត្តិសាស្ត្របានបង្ហាញជាច្រើនដងរួចមកហើយថា នៅពេលជាតិខ្មែរមានសាមគ្គីភាព មានជំនឿលើគោលដៅរួម និងរួមគ្នាការពារផលប្រយោជន៍ជាតិ នោះកម្ពុជាតែងតែអាចឆ្លងផុតបញ្ហាប្រឈមធំៗបានដោយជោគជ័យ។ ដូច្នេះ ក្នុងដំណាក់កាលនេះ ភារកិច្ចរបស់យើងទាំងអស់គ្នា គឺការរក្សាភាពស្ងប់ស្ងាត់ ភាពចាស់ទុំ និងសាមគ្គីភាពជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង