Grand News Asia Close

Cambodia PR Team ទាក់ទងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 16:18 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1038
Cambodia PR Team ទាក់ទងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦


សំណួរទី ១៖ ហេតុអ្វីបានជាកម្ពុជាសម្រេចចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)?

ចម្លើយ៖ កម្ពុជាបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ(UNCLOS) ដោយបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិរបស់ខ្លួនលើដែនសមុទ្រ ដោយអនុលោមតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្ត នេះធ្វើឡើងបន្ទាប់ពីក្របខ័ណ្ឌទ្វេភាគី MOU-2001 ដែលធ្លាប់ប្រើប្រាស់សម្រាប់ដោះស្រាយការទាមទារដែនសមុទ្រត្រួត ស៊ីគ្នាអស់រយៈពេលជាង ២៥ ឆ្នាំ មិនអាចបន្តដំណើរការបានទៀត ក្រោយពីភាគីថៃសម្រេចលុបចោល។ ដូច្នេះ កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើយន្តការអន្តរជាតិនេះទេ។ ម្យ៉ាង វាជាមធ្យោបាយដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាម ច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ។

សំណួរទី ២៖ តើយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) មានសារៈសំខាន់យ៉ាងដូចម្តេចសម្រាប់ការដោះស្រាយវិវាទដែន សមុទ្រ?

ចម្លើយ៖ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជា យន្តការច្បាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យភាគីមានវិវាទអាចលើកយកអំណះអំណាង ភស្តុតាង និងជំហរផ្លូវច្បាប់របស់ ខ្លួនទៅបង្ហាញចំពោះគណៈកម្មការផ្សះផ្សាឯករាជ្យមួយ ដែលមានការចូលរួមពីអ្នកជំនាញច្បាប់អន្តរជាតិចំនួន ៥ រូប។ គោលបំណងសំខាន់របស់យន្តការនេះ គឺជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងបម្រើផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ។

យន្តការនេះមានសារៈសំខាន់ ព្រោះវាផ្តល់នូវវេទិកាអព្យាក្រឹត និងមានលក្ខណៈអន្តរជាតិ សម្រាប់ពិនិត្យអង្គហេតុ និង អំណះអំណាងរបស់ភាគីនីមួយៗ។ ជាក់ស្តែង យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យក្នុងករណីវិវាទដែនសមុទ្រ រវាងប្រទេសទីម័រឡេស្ដ និង អូស្ត្រាលី ដែលបាននាំទៅដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រក្នុងឆ្នាំ ២០១៨។ សម្រាប់ កម្ពុជា-ថៃ នេះគឺជាករណីទី២ ក្នុងប្រវត្តិសាស្ត្រ ដែលយន្តការនេះត្រូវបានប្រើប្រាស់ក្រោម UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

សំណួរទី ៣៖ តើការប្រើប្រាស់យន្តការនេះមានន័យថាកម្ពុជាបោះបង់ការចរចា ឬបង្កើនភាពតានតឹងជាមួយថៃ ឬយ៉ាងណា?

ចម្លើយ៖ ការប្រើប្រាស់យន្តការនេះមិនមែនមានន័យថាកម្ពុជាបោះបង់ការចរចា ឬបង្កើនភាពតានតឹងជាមួយថៃទេ។ ផ្ទុយទៅវិញ វាគឺជាការនាំយកការសន្ទនា និងការចរចាទៅក្នុងក្របខ័ណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងទទួលស្គាល់ដោយភាគីទាំងពីរ។ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងការកសាង ទំនាក់ទំនងល្អជាមួយថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

សំណួរទី ៤៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការការពារអធិបតេយ្យភាពជាតិ និងការដោះស្រាយវិវាទជាមួយប្រទេសជិតខាង?

ចម្លើយ៖ កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសណាមួយឡើយ ហើយប្តេជ្ញាការពារអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ខ្លួនយ៉ាងដាច់ខាត។ កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយវិវាទតាមរយៈច្បាប់អន្តរជាតិ ការចរចា និង យន្តការសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំង។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាសាមគ្គីភាពជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារផលប្រយោជន៍ជាតិ និងបូរណភាពទឹកដី ដោយសន្តិវិធី និងស្របច្បាប់៕

អត្ថបទទាក់ទង