អាវុធការទូត៖ អំណាចនៃសេចក្តីពិត និងយុត្តិធម៌របស់កម្ពុជា
ដោយ៖លោកតា
ក្នុងសម័យទំនើបនេះ ការប្រយុទ្ធរវាងប្រទេសនិងប្រទេស មិនត្រូវបានវាស់វែងតែដោយកម្លាំងយោធា ឬអាវុធទំនើបទៀតឡើយ ប៉ុន្តែត្រូវបានវាស់វែងដោយភាពឆ្លាតវៃខាងនយោបាយ កម្លាំងផ្លូវច្បាប់ និងឥទ្ធិពលការទូតនៅលើឆាកអន្តរជាតិ។ សម្រាប់កម្ពុជា ដែលជាប្រទេសតូចមួយ ប៉ុន្តែមានប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណជាតិដ៏រឹងមាំ “អាវុធការទូត” គឺជាអាវុធដ៏មានអានុភាពបំផុតក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងកិត្តិយសជាតិ ចំពោះការឈ្លានពាន ឬការរំលោភបំពានពីប្រទេសដទៃ។
ការប្រើអាវុធការទូត មានន័យថា កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព ជាជាងការប្រើអំពើហិង្សា។ វាជាការបង្ហាញថា កម្ពុជា ជាប្រទេសដែលគោរពច្បាប់អន្តរជាតិ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពជានិច្ច។ កម្ពុជាមិនចង់ឲ្យមានសង្គ្រាមឡើយ ព្រោះសង្គ្រាមមិនដែលនាំមកនូវសេចក្តីសុខដល់ប្រជាជនទេ។ ផ្ទុយទៅវិញ វាបង្កការឈឺចាប់ ការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញដល់សង្គមជាតិទាំងមូល។ ដូច្នេះ ការប្រើការទូត គឺជាការប្រើប្រាជ្ញា ដើម្បីរក្សាសន្តិភាព និងការពារផលប្រយោជន៍ជាតិដោយសុចរិតភាព។
នៅពេលកម្ពុជាមានព្រៀបខាងការទូត នោះមានន័យថា កម្ពុជាកំពុងឈរលើមូលដ្ឋាននៃសេចក្តីពិត និងយុត្តិធម៌។ ប្រទេសដែលមានសេចក្តីពិតនៅក្នុងដៃ តែងតែអាចនិយាយដោយភាពថ្លៃថ្នូរ និងមានការគាំទ្រពីសហគមន៍អន្តរជាតិ។ សំឡេងរបស់កម្ពុជា ដែលបន្លឺទៅកាន់ពិភពលោក គឺជាសំឡេងរបស់ប្រទេសរងគ្រោះ សំឡេងទាមទារសិទ្ធិស្របច្បាប់ និងសំឡេងស្វែងរកយុត្តិធម៌តែប៉ុណ្ណោះ។ កម្ពុជាមិនបានប្រើពាក្យសម្តីជេរប្រមាថ ឬមួលបង្កាច់ប្រទេសថៃឡើយ ព្រោះការទូតពិតប្រាកដ មិនស្ថិតនៅលើការបង្កជម្លោះទេ ប៉ុន្តែស្ថិតនៅលើហេតុផល ភស្តុតាង និងការគោរពគ្នាទៅវិញទៅមក។
ការទូតក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការធ្វើឲ្យពិភពលោកយល់ពីការពិត។ នៅក្នុងជម្លោះអន្តរជាតិ ការយល់
ឃើញរបស់សហគមន៍អន្តរជាតិ គឺជាកត្តាសំខាន់ណាស់ ប្រសិនបើពិភពលោកមើលឃើញថា កម្ពុជាជាប្រទេសសន្តិភាព ដែលតែងអត់ធ្មត់ និងប្រើតែផ្លូវច្បាប់ នោះការគាំទ្រពីបណ្តាប្រទេសធំៗ អង្គការអន្តរជាតិ និងមតិសាធារណៈពិភពលោក នឹងធ្លាក់មកលើកម្ពុជា នេះហើយជាកម្លាំងដ៏អស្ចារ្យនៃការទូត ដែលអាចបង្កើតសម្ពាធផ្លូវនយោបាយ និងផ្លូវច្បាប់ទៅលើភាគីដែលរំលោភបំពាន។
ជាក់ស្តែង ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃអាវុធការទូតរបស់កម្ពុជា ករណីប្រាសាទ
ព្រះវិហារ គឺជាឧទាហរណ៍ដ៏មានតម្លៃបំផុត ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ ប៉ុន្តែកម្ពុជាបានឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ផែនទី និងច្បាប់អន្តរជាតិ។ ជ័យជម្នះនោះ មិនមែនកើតឡើងដោយកាំភ្លើង ឬសង្គ្រាមទេ ប៉ុន្តែកើតឡើងដោយប្រាជ្ញា ភាពអត់ធ្មត់ និងការប្រើអាវុធការទូតយ៉ាងឈ្លាសវៃ នេះបង្ហាញថា ប្រទេសដែលគោរពច្បាប់ និងឈរនៅខាងយុត្តិធម៌ ទោះតូចក៏អាចឈ្នះបានដែរ។
ម្យ៉ាងវិញទៀត អាវុធការទូតក៏ជាការបង្ហាញពីភាពចាស់ទុំរបស់ជាតិផងដែរ ប្រទេសដែលអាចគ្រប់គ្រងអារម្មណ៍ មិនឆ្លើយតបដោយកំហឹង និងចេះដោះស្រាយបញ្ហាតាមវិធីសន្តិភាព គឺជាប្រទេសដែលមានអរិយធម៌ និងទទួលបានការគោរពពីអន្តរជាតិ កម្ពុជាកំពុងបង្ហាញឲ្យពិភពលោកឃើញថា ខ្មែរមិនមែនជាជាតិដែលស្រឡាញ់សង្គ្រាមទេ ប៉ុន្តែជាជាតិដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌។
ទោះជាយ៉ាងណា ដើម្បីឲ្យអាវុធការទូតមានប្រសិទ្ធភាព ប្រជាជនខ្មែរទាំងអស់ត្រូវតែរួបរួមគ្នា កម្លាំងផ្ទៃក្នុងជាតិ គឺជាមូលដ្ឋានសម្រាប់កម្លាំងការទូតនៅខាងក្រៅ ប្រសិនបើប្រជាជនមានសាមគ្គីភាព មានជំនឿលើរដ្ឋាភិបាល និងរួមគ្នាការពារផលប្រយោជន៍ជាតិ នោះសំឡេងរបស់កម្ពុជានៅលើឆាកអន្តរជាតិ នឹងកាន់តែមានទម្ងន់។ ផ្ទុយទៅវិញ បើជាតិបែកបាក់គ្នា នោះសត្រូវអាចយកចំណុចខ្សោយនោះទៅប្រើប្រាស់បានយ៉ាងងាយ។
“អាវុធការទូត” គឺជាអាវុធនៃប្រាជ្ញា សេចក្តីពិត និងយុត្តិធម៌ វាមិនបង្កការបំផ្លាញដូចអាវុធសង្គ្រាមទេ ប៉ុន្តែវាអាចការពារជាតិបានយ៉ាងថ្លៃថ្នូរ និងយូរអង្វែង កម្ពុជាមានជំនឿយ៉ាងមុតមាំថា ពិភពលោកនឹងផ្តល់យុត្តិធម៌ដល់ប្រទេសដែលគោរពសន្តិភាព និងឈរនៅលើសេចក្តីពិត។ ដូច្នេះ ប្រជាជនខ្មែរគ្រប់រូបគួរតែគាំទ្រការទូត ជឿជាក់លើច្បាប់អន្តរជាតិ និងរួបរួមគ្នាការពារអធិបតេយ្យភាពជាតិ ដើម្បីឲ្យកម្ពុជាទទួលបានជ័យជម្នះដោយកិត្តិយស និងសន្តិភាពជានិច្ច៕





