Cambodia PR Team ទាក់ទងនឹងហេតុការណ៍បាញ់កាំភ្លើងរបស់ភាគីថៃ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងហេតុការណ៍បាញ់កាំភ្លើងរបស់ភាគីថៃ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងហេតុការណ៍បាញ់កាំភ្លើងរបស់ភាគីថៃ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាបានចាត់វិធានការដូចម្តេច ចំពោះហេតុការណ៍បាញ់កាំភ្លើងនៅតំបន់ច្រកអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦?
ចម្លើយ៖ យោងតាមព័ត៌មានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:១០នាទី មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។
ក្រោយកើតហេតុ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជា បានធ្វើលិខិតតវ៉ាជាផ្លូវការទៅកាន់ក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីទាមទារឱ្យមានការផ្ទៀងផ្ទាត់ហេតុការណ៍ និងរឹតបន្តឹងវិន័យកងទ័ពរបស់ខ្លួន។ សកម្មភាពនេះបង្ហាញថា កម្ពុជាកំពុងប្រើប្រាស់យន្តការការទូត និងយន្តការយោធាដែលមានស្រាប់ ដើម្បីកត់ត្រាអង្គហេតុ និងការពារសិទ្ធិស្របច្បាប់របស់ខ្លួន ស្របតាមសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនប្រើអាវុធតបតនោះទេ។
សំណួរទី២៖ តើការបកស្រាយរបស់ភាគីថៃជុំវិញករណីផ្ទុះអាវុធនៅតំបន់អូរស្មាច់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានន័យយ៉ាងដូចម្តេច?
ចម្លើយ៖ ការបកស្រាយរបស់ភាគីថៃ ត្រូវបានមើលឃើញថា ជាការព្យាយាមបដិសេធមិនទទួលខុសត្រូវ និងប្រើហេតុផលផ្សេង ដើម្បីបង្វែរសាធារណមតិពីសកម្មភាពដែលបានកើតឡើងនៅតំបន់ព្រំដែន។ ទោះបីភាគីថៃអះអាងថាមិនមានការបាញ់អាវុធក៏ដោយ ក៏កម្ពុជាបានទទួលព័ត៌មាន និងកត់ត្រាហេតុការណ៍យ៉ាងច្បាស់តាមរយៈកងកម្លាំងនៅមូលដ្ឋាន។ ការព្យាយាមចោទថា កម្ពុជាចល័តកម្លាំង ឬចូលទៅយកសម្ភារសំណង់ គឺជាការប្រើប្រាស់លេសដើម្បីបិទបាំងសកម្មភាពរបស់ខ្លួន និងបង្កការភាន់ច្រឡំដល់សាធារណជន និងសហគមន៍អន្តរជាតិ។ សកម្មភាពបែបនេះ មិនត្រឹមតែប៉ះពាល់ដល់ជំនឿទុកចិត្តរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹងផងដែរ។
សំណួរទី៣៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការបង្កហេតុឥតឈប់ឈររបស់ថៃនៅតំបន់ព្រំដែន?
ចម្លើយ៖ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន ដោយមិនទទួលយកសកម្មភាពបង្កហេតុ ឬការឈ្លានពានណាមួយពីភាគីថៃឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែបន្តអនុវត្តគោលនយោបាយដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការទូត កិច្ចសហប្រតិបត្តិការ និងច្បាប់អន្តរជាតិ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ រាល់សកម្មភាពបង្កហេតុ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ត្រូវបានចាត់ទុកថា ជាទង្វើផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ហើយកម្ពុជាដាច់ខាតត្រូវតែតវ៉ាជាផ្លូវការប្រឆាំងជំទាស់នឹងសកម្មភាពទាំងនោះ ដើម្បីទុកជាឯកសារភស្តុតាងសម្រាប់ការដោះស្រាយវិវាទទៅថ្ងៃអនាគត៕





