Grand News Asia Close

Cambodia PR Team ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU ២០០១) រវាងកម្ពុជានិងថៃ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1003
Cambodia PR Team ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU ២០០១) រវាងកម្ពុជានិងថៃ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ Cambodia PR Team ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU ២០០១) រវាងកម្ពុជានិងថៃ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU ២០០១) រវាងកម្ពុជានិងថៃ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦


សំណួរទី ១៖ តើ MOU ឆ្នាំ២០០១ មានសារៈសំខាន់អ្វីខ្លះចំពោះកម្ពុជា និងថៃ?
ចម្លើយ៖ MOU ឆ្នាំ២០០១ គឺជាក្របខណ្ឌច្បាប់ និងយន្តការសន្តិវិធីដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។ អនុស្សរណៈឆ្នាំ២០០១ នេះទទួលស្គាល់ការទាមទាររបស់ភាគីទាំងពីរ និងកំណត់ឱ្យមានការចរចារួមគ្នា ទាំងលើការកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានរួមគ្នា។ វាជាផែនទីបង្ហាញផ្លូវដែលធានាថាការដោះស្រាយធ្វើឡើងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងជួយទប់ស្កាត់សកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង។

សំណួរទី ២៖ តើកម្ពុជា និងថៃអាចទទួលបានផលប្រយោជន៍អ្វីខ្លះ ប្រសិនបើនៅតែបន្តអនុវត្ត MOU ឆ្នាំ២០០១?
ចម្លើយ៖ ប្រសិនបើ MOU ឆ្នាំ២០០១ ត្រូវបានបន្តអនុវត្តយ៉ាងពេញលេញ ប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង ជាពិសេសពីធនធានប្រេង និងឧស្ម័នក្រោមបាតសមុទ្រ ដែលត្រូវបានវាយតម្លៃថាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ធនធានទាំងនេះអាចក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ និងជួយពង្រឹងសន្តិសុខថាមពលក្នុងតំបន់។

លើសពីផលប្រយោជន៍សេដ្ឋកិច្ច MOU ឆ្នាំ២០០១ ក៏ផ្តល់អត្ថប្រយោជន៍ផ្នែកនយោបាយ និងសន្តិសុខផងដែរ ដោយវាជួយបង្កើនទំនុកចិត្តទ្វេភាគី បង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជួយកាត់បន្ថយហានិភ័យនៃការកើនឡើងភាពតានតឹងក្នុងតំបន់។

សំណួរទី ៣៖ ហេតុអ្វីបានជាមានការលើកឡើងពីការលុប MOU ឆ្នាំ២០០១ ពីសំណាក់ភាគីថៃ?
ចម្លើយ៖ ការលើកឡើងពីការលុប MOU ឆ្នាំ២០០១ ត្រូវបានគេមើលឃើញថា កើតឡើងក្នុងគោលបំណងបម្រើឱ្យនយោបាយផ្ទៃក្នុងរបស់ថៃ។ អ្នកនយោបាយថៃបានយកបញ្ហាព្រំដែន និងតំបន់ធនធានរួមមកប្រើជាលេសនយោបាយ ដើម្បីទាក់ទាញការគាំទ្រពីក្រុមជាតិនិយម និងបង្វែរការចាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយការលុប MOU ឆ្នាំ២០០១ មិនមែនមានន័យថាថៃអាចធ្វើសកម្មភាពឯកតោភាគីក្នុងតំបន់ត្រួតគ្នាបានឡើយ ព្រោះកម្ពុជានៅតែមានសិទ្ធិស្របច្បាប់ក្នុងការការពារផលប្រយោជន៍របស់ខ្លួនតាមយន្តការអន្តរជាតិ។ ម្យ៉ាងទៀត ការលុបកិច្ចព្រមព្រៀងមួយដែលមានស្រាប់ អាចប៉ះពាល់ដល់ភាពជឿជាក់របស់ថៃនៅលើឆាកអន្តរជាតិ ព្រោះវាបង្ហាញពីភាពមិនស្មោះត្រង់ក្នុងការគោរពកិច្ចព្រមព្រៀងអន្តររដ្ឋ។ ដូច្នេះ ការលើកឡើងនេះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ទំនុកចិត្តពីសំណាក់ដៃគូអន្តរជាតិផងដែរ។

សំណួរទី ៤៖ ប្រសិនបើថៃលុប MOU ឆ្នាំ២០០១ តើផលប៉ះពាល់អ្វីខ្លះដែលអាចកើតមាន?
ចម្លើយ៖ ប្រសិនបើ MOU ឆ្នាំ២០០១ ត្រូវបានលុប វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ ជាដំបូង វានឹងធ្វើឱ្យដំណើរការចរចាទ្វេភាគីត្រូវជាប់គាំង ហើយធ្វើឱ្យការអភិវឌ្ឍធនធានប្រេង និងឧស្ម័នត្រូវពន្យារពេលដោយគ្មានកាលកំណត់។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចនឹងធ្ងន់ធ្ងរជាពិសេសសម្រាប់ថៃដោយសារការបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគ និងដៃគូអន្តរជាតិ។ វាក៏អាចប៉ះពាល់ដល់វិស័យទេសចរណ៍ ថាមពល និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ សម្រាប់កម្ពុជា ទោះបីអាចមានការពន្យារពេលក្នុងការទាញយកធនធានក៏ដោយ ក៏កម្ពុជានៅតែមានសិទ្ធិស្របច្បាប់ក្នុងការប្រើយន្តការអន្តរជាតិ ដូចជា UNCLOS ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

សរុបមក ការលុប MOU ឆ្នាំ២០០១ នឹងមិននាំឱ្យភាគីណាមួយទទួលបានជ័យជំនះពិតប្រាកដឡើយ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យប្រទេសទាំងពីរបាត់បង់ឱកាសសេដ្ឋកិច្ច បង្កើនភាពតានតឹង និងធ្វើឱ្យការដោះស្រាយវិវាទកាន់តែស្មុគស្មាញ។ ដូច្នេះ ការរក្សា និងបន្តអនុវត្ត MOU ឆ្នាំ២០០១ គឺជាជម្រើសដែលមានប្រយោជន៍បំផុតសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕

អត្ថបទទាក់ទង