Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកូកប្រកាសឱ្យវិនិយោគិនអាមេរិក មកវិនិយោគនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 296
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកូកប្រកាសឱ្យវិនិយោគិនអាមេរិក មកវិនិយោគនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកូកប្រកាសឱ្យវិនិយោគិនអាមេរិក មកវិនិយោគនៅកម្ពុជា
(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកូក​ប្រ​កាស​​អញ្ជើញ​វិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដា​នុពលវិនិយោគ​នៅក្នុងប្រទេសកម្ពុជា។
 
បេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីក​ទំនាក់​ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាហើយនោះ ការកៀរគរអ្នកវិនិយោគចូលមក​កម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ នៅឥណ្ឌូនេស៊ី នៅ​ប្រទេស​ចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត តែង​ឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំនានា ទៅចូលរួមក្នុងវេទិកាធុរកិច្ច។
 
នាទីក្រុងញូវយ៉ក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀត​អញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្ម​អាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ រៀបចំឡើងដើម្បីជាការជួបគ្នារវាងធុរជនកម្ពុជា និងអាមេរិក ហើយសិក្សាពីគ្នា ស្វែងរកឱកាសសហការគ្នាបើកការវិនិយោគរវាងកម្ពុជា និងអាមេ​រិក។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុង​វេទិកានេះ។ សម្តេចធិបតី បានលើកឡើងដែរថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជា​ឆ្លុះបញ្ចាំងឱ្យឃើញ​នូវ​សារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើមូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។
 
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងក្នុង​ពេល​​វេលាដ៏សមស្រប និងមានសារៈសំខាន់​ដល់​ប្រទេស​ទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរង​ផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែល​បណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកល​សំ​ខាន់ៗ។
 
ក្នុងបំណងបញ្ចុះបញ្ចូលឱ្យអ្នកវិនិយោគចូលមកកាន់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​នាមជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមួយរូបដែរ បានប្រឹងប្រែងលើកបង្ហាញទិដ្ឋភាពជាច្រើនក្នុងសង្គម​កម្ពុជា មានទិដ្ឋភាពនយោបាយ ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម ព្រមទាំងគោលនយោបាយ​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីផងដែរ។ ការលើកបង្ហាញទាំងនេះ ក្នុងគោលបំណងឱ្យអ្នកវិនិយោគ​មើលឃើញថា កម្ពុជា គឺពិតជាឱកាសសម្រាប់ដ៏ស័ក្តិសមសម្រាប់ពួកគេវិនិយោគ។ (សម្រង់ប្រសាសន៍ដើមសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា)
 
បន្ទាប់ពីបានលើកបង្ហាញនូវសូចនាករនានាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹង​ថា ហើយនៅដើមឆ្នាំនេះ សម្តេចមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយ​សភា​ពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយសម្តេចសង្ឃឹមថា​នឹងមាន​ឡើង​ជាប្រចាំ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ​សមាជិករដ្ឋា​ភិបាល​ថ្មីរបស់សម្តេច។
 
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនសហរដ្ឋអាមេរិក​នឹងឃើញ​ពីកាលា​នុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ​នៅកម្ពុជា​។ ដូចមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោ​គិន​មក​ស្វែងយល់អំពីកម្ពុជា។
 
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាង​មុតមាំ​ដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយ​រាល់​បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជន​ឱ្យបានពេញ​លេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជា​ប្រយោជន៍​ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយ បរិយាបន្ន។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា នៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើ​សមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអា​ស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​-កូរ៉េ, និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។
 
សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦,៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
ទិន្នន័យបានបញ្ជាក់ទៀតថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦,១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់​ជាង ១៦០លានដុល្លារ។ ផលិតផលសំខាន់ៗដែល​កម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរ​ណាស់​មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែល​ទំនាក់​​ទំនង​ការទូតប្រទេសទាំងពីរ ត្រូវបានបង្កើត​ឡើង​ជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរ​ឡើងជាលំដាប់នូវទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ។
 
ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈាន​ដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្ត​ជា​ទីផ្សារនាំចេញ​ធំ​បំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង និងផលិត​ផល​សម្រាប់ការធ្វើដំណើរ។
 
ប៉ុន្តែការវិនិយោគដោយផ្ទាល់ពី​សហរដ្ឋអាមេរិ​ក​នៅ​កម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជា​សហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅ​ក្នុង​សកលលោក។ នៅកម្ពុជា ទំហំវិនិយោគ​ផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ​២០២២។
 
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និង​ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង