Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1031
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗចែកជូនជនរួមជាតិជ្រាបដូចតទៅ៖

ទី១. កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន បានប្រព្រឹត្តទៅដូចការគ្រោងទុកកាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាពសហប្រធានដែលភាគីកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ចំណែកភាគីចិនមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ។ កិច្ចសន្ទនានេះបានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

មុនបើកកិច្ចប្រជុំនេះ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងយូរអង្វែង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម ជាដើម។ ភាគីទាំងពីរក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ។ ដោយឡែក ការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានសម្តេចធិបតីជម្រាបជូនដៃគូសន្ទនា ដោយកម្ពុជាបានបញ្ជាក់សាជាថ្មីនូវជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា នេះដែរ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដដែល ប្រមុខការទូតកម្ពុជា-ចិន នឹងមានជំនួបពិភាក្សាស៊ីជម្រៅស្តីពី ការជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុង និងក្រៅតំបន់។

សូមកត់សម្គាល់ថា កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ នយោបាយការទូតដ៏សមស្របនិងឥតប្រែប្រួលនេះ គឺជាកាតាលីករជំរុញឱ្យកម្ពុជាឱ្យបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងទិសដៅពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក។

ទី២. រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីនោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។

ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមលិខិតផ្លូវការជាច្រើនលើកហើយក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់តាក្របី ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងជាសកម្មភាពខុសច្បាប់។ ក្រសួងទាំងពីរក៏បានតវ៉ាប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃដើម្បីធ្វើសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ឯកសារ ផែនទី និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ក៏ដូចជាការរំលោភទៅលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន(JBC) នៃភាគីទាំងពីរ។

ក្រសួងបានអំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញសមត្ថកិច្ចទាំងអស់ពីទីតាំងនោះ និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC។

សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងទៀតថា ជំហររបស់រាជរដ្ឋាភិបាល គឺការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងមិនទទួលយកជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង៕

សូមអរគុណ!

អត្ថបទទាក់ទង