វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិកនឹងមិនវាយកូរ៉េខាងជើង?
(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់។ គួរឱ្យកត់សម្គាល់ ការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាង សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ បានសម្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ ការស្លាប់របស់លោក Khamenei បានធ្វើឱ្យគេនឹកឃើញដល់ពាក្យ «សភាវៈអាក្រក់» ដែលសហរដ្ឋអាមេរិកបានហៅសម្គាល់ប្រទេសមួយចំនួនដែលជាសត្រូវរបស់ខ្លួននៅក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់។
ក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធ State of the Union ក្នុងឆ្នាំ២០០២ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush បានចាត់ទុកអ៉ីរ៉ាក់ (ដែលប្រធានាធិបតីនៃប្រទេសនេះគឺលោក Saddam Hussein ត្រូវបានកាត់ទោសប្រហារជីវិតដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦) អ៉ីរ៉ង់ រួមទាំងកូរ៉េខាងជើងជាសភាវៈអាក្រក់។ ប៉ុន្មានទសវត្សរ៍មកនេះក្នុងចំណោមប្រទេសទាំង៣មានតែកូរ៉េខាងជើងមួយគត់ដែល សហរដ្ឋអាមេរិកមិនចង់ប៉ះពាល់ តែមិនមែនដោយសារតែគ្រាន់តែកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែររួចទៅហើយប៉ុណ្ណោះទេ។
លោកស្រី Ellen Kim មកពីវិទ្យាស្ថាន Korea Economic Institute of America (KEI) បាននិយាយថាក្រៅពីសមត្ថភាពនុយក្លេអ៊ែរ ទីតាំងភូមិសាស្ត្រ និងបរិយាកាសនៃភូមិសាស្ត្រនយោបាយរបស់ កូរ៉េខាងជើងមានលក្ខណៈខុសគ្នាដាច់ពីអ៉ីរ៉ង់។ តាមអ្នកជំនាញរូបនេះ កូរ៉េខាងជើងមានព្រំដែនជាប់ចិន និងរុស្ស៉ីដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ ម្លោះហើយការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើង អាចនឹងបង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយចិន និងរុស្ស៉ីដែលនេះអាចបង្កហានិភ័យផ្ទុះទៅជាសង្រ្គាមលោក។ និយាយពីជារួម សកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើងជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុត។ ពោលប្រសិនបើរបបដឹកនាំកូរ៉េខាងជើងប្រឈមនឹងការដួលរលំ ឬក៏ជម្លោះទ្រង់ទ្រាយធំផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ នោះការធ្វើអន្តរាគមន៍របស់ចិន និងរុស្ស៉ីដោយផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ពួកគេមិនអាចត្រូវបានច្រានចោលឡើយ។
លោកស្រីបន្តទៀតថាគ្រាន់តែភូមិសាស្ត្ររបស់ឧបទ្វីបកូរ៉េ វាបានបង្កភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារួចទៅហើយ។ កូរ៉េខាងជើងស្ថិតនៅយ៉ាងកៀកនឹងសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង និងជប៉ុន។ ក្នុងករណីសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា រដ្ឋធានីសេអ៊ូល និងបណ្ដាទីក្រុងជាច្រើនផ្សេងទៀតនៅជុំវិញរដ្ឋធានីនេះ មូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង ជប៉ុន ព្រមទាំងផ្លូវអាកាស និងផ្លូវទឹកនៃតំបន់សមុទ្រខាងកើតអាចនឹងរងផលប៉ះពាល់ភ្លាមៗ។ ម្យ៉ាងផ្ទុយពីមជ្ឈិមបូព៌ា ការវាយប្រហារយោធាមិនថាទ្រង់ទ្រាយតូច ឬមានដែនកំណត់ប្រឆាំងនឹងកូរ៉េខាងជើងអាចនឹងងាយនឹងផ្ទុះទៅជាសង្រ្គាម ពេញទំហឹងភ្លាមៗ។ លោកស្រី Ellen Kim ក៏បានលើកឡើងដែរពីបទពិសោធន៍កាលពីអតីតកាល។ ក្នុងឆ្នាំ១៩៩៤ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ធ្លាប់បានពិចារណាបើក ការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែចុងក្រោយបានបោះបង់ផែនការនេះចោល។ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Young-sam បានប្រឆាំងជំទាស់ ដាច់ខាតទៅនឹងផែនការវាយប្រហារនេះ ខណៈយោធាអាមេរិកបានវាយតម្លៃថាសង្រ្គាមអាចសម្លាប់ជនស៊ីវិលរាប់លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយប្រឈមនឹងការផ្ទុះសង្រ្គាមពេញទំហឹង។
តាមលោកស្រី Ellen Kim ជាង៣០ឆ្នាំកន្លងផុតទៅ ការវាយតម្លៃជាមូលដ្ឋានបែបនេះមិនមានការផ្លាស់ប្ដូរនោះទេ ហើយវាកាន់តែច្បាស់ទៅទៀតក្នុងពេលបច្ចុប្បន្នដែលសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាន់តែមានភាពរីកចម្រើន។
គួរបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើអធិការកិច្ចចុះត្រួតពិនិត្យរោងចក្រ ផលិតស៊ីម៉ង់មួយកន្លែងស្ថិតក្នុងខេត្ត Hwanghae ភាគខាងជើង ធ្វើដូចធម្មតាមិនរឿងអ្វីកើតឡើង។ ជាធម្មតាក្នុងបរិបទនយោបាយរបស់កូរ៉េខាងជើង សកម្មភាពជាសាធារណៈរបស់មេដឹកនាំកំពូល មានសារៈសំខាន់ជានិមិត្តរូប ហើយការបង្ហាញវត្តមានរបស់លោក គីម ជុងអ៊ុន អំឡុងមានព្រឹត្តិការណ៍ពិភពលោកដ៏ធំៗកើតឡើងដូចជាសង្រ្គាមអ៉ីរ៉ង់ វាជាការបញ្ជូនសារនយោបាយមួយ។ កាលពីជំនាន់របស់ឪពុក លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៉ីលមិនបានបង្ហាញវត្តមាននៅតាមទីសាធារណៈនោះទេអំឡុងព្រឹត្តិការណ៍ពិភពលោកធំ២បានកើតឡើង។ ក្នុងពេលសហរដ្ឋអាមេរិកឈ្លានពានអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០០១ លោក គីម ជុងអ៉ីល មិនបានបង្ហាញវត្តមានជាសាធារណៈទេអស់រយៈពេល២៥ថ្ងៃ និងក្នុងសង្រ្គាមអ៉ីរ៉ាក់ឆ្នាំ២០០៣ លោកក៏មិនបានបង្ហាញខ្លួនដែរអស់៥០ថ្ងៃ។
ក្រុមអ្នកជំនាញជឿថាការបង្ហាញវត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងគ្រានៃសង្រ្គាមអ៉ីរ៉ង់ គឺលោកចង់បញ្ជូនសារនយោបាយទាំងនៅក្នុងស្រុក និងទៅកាន់អន្តរជាតិថាប្រទេសរបស់លោកនៅតែមិនទទួលរង ផលប៉ះពាល់ពីស្ថានការណ៍វិវត្តន៍ក្នុងប្រទេសអ៉ីរ៉ង់ឡើយ ដោយនៅតែបន្តដំណើរការជាប្រក្រតី។ លោក គីម ជុងអ៊ុនមិនមានសម្ពាធនៅក្នុងស្រុកទេ ហើយជឿថាប្រទេសរបស់លោកខុសគ្នាដាច់ពីអ៉ីរ៉ង់។ សម្រាប់ ទីក្រុងព្យុងយ៉ាង ការកាន់កាប់អាវុធនុយក្លេអ៊ែរមានន័យថាគ្មានប្រទេស ឬមហាអំណាចខាងក្រៅណាមួយ ហ៊ានប្រថុយធ្វើសកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំរបស់លោក គីម ជុងអ៊ុនឡើយ៕
-Fresh News-






