Grand News Asia Close

ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលជុំវិញការបន្តឈ្លានពានរបស់ថៃ និងការរក្សាស្ថិរភាពជាតិ ខណៈប្រទេសកំពុងជួបបញ្ហាប្រឈមនៅព្រំដែន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1102
ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលជុំវិញការបន្តឈ្លានពានរបស់ថៃ និងការរក្សាស្ថិរភាពជាតិ ខណៈប្រទេសកំពុងជួបបញ្ហាប្រឈមនៅព្រំដែន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលជុំវិញការបន្តឈ្លានពានរបស់ថៃ និងការរក្សាស្ថិរភាពជាតិ ខណៈប្រទេសកំពុងជួបបញ្ហាប្រឈមនៅព្រំដែន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលជុំវិញការបន្តឈ្លានពានរបស់ថៃ និងការរក្សាស្ថិរភាពជាតិ ខណៈប្រទេសកំពុងជួបបញ្ហាប្រឈមនៅព្រំដែន
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

សំណួរទី ១៖ តើរាជរដ្ឋាភិបាលកម្ពុជាមានប្រតិកម្មយ៉ាងដូចម្តេច ចំពោះសកម្មភាពដែលយោធាថៃបន្តឈូសឆាយ និងសាងសង់សំណង់ថ្មីៗនៅលើទឹកដីដែលដណ្តើមបានពីកម្ពុជាក្រោយមានបទឈប់បាញ់?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ និងជាបន្តបន្ទាប់ ចំពោះសកម្មភាពឯកតោភាគីរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់ និងអនុវត្តសកម្មភាពផ្សេងៗនៅលើដីជាក់ស្តែង។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះ ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងផ្ទុយនឹងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ដូចជាការមិនប្រើកម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលយកការអះអាងជាឯកតោភាគីណាមួយឡើយ ហើយសកម្មភាពលើដីជាក់ស្តែងរបស់ភាគីថៃមិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ ការតវ៉ានេះក៏ជាផ្នែកមួយនៃយន្តការផ្លូវច្បាប់ និងការទូតដើម្បីការពារផលប្រយោជន៍ជាតិ ខណៈដែលកម្ពុជានៅតែប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពដែលបង្កការតានតឹង។

សំណួរទី ២៖ តើការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនដែលបានចោទប្រកាន់ថា ទីតាំងទាំង៦ដែលកម្ពុជាតវ៉ានោះគឺជាទីតាំងថ្មីដែលថៃឈ្លានពានបាន គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ! ទីតាំងទាំង៦ដែលកម្ពុជាបានលើកឡើងក្នុងការតវ៉ា មិនមែនជាទីតាំងដីថ្មីដែលថៃទើបតែឈ្លានពានបន្ថែមឡើយ។ វាជាតំបន់ដែលកងកម្លាំងថៃបានដណ្តើមកាន់កាប់កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ និងបន្តគ្រប់គ្រងដោយខុសច្បាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក។ អ្វីដែលកម្ពុជាតវ៉ា គឺសកម្មភាពថ្មីៗដែលថៃបានអនុវត្តលើដីទាំងនោះ ដូចជាការសាងសង់ ការពង្រឹងទីតាំង ការឈូសឆាយនិងការកែប្រែស្ថានភាពលើដីជាក់ស្តែង។

សកម្មភាពទាំងនេះត្រូវបានចាត់ទុកជាការរំលោភលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍រក្សាស្ថានភាពដើមដែលអាចបង្កការតានតឹងបន្ថែម។ ជាមួយគ្នានេះ ព័ត៌មានដែលចោទប្រកាន់ថាកម្ពុជាបានបាត់បង់ដីចំនួន៦ទីតាំងបន្ថែមទៀត គឺជាព័ត៌មានមិនពិតដែលផ្សព្វផ្សាយដោយក្រុមប្រឆាំងនៅក្រៅប្រទេស ក្នុងគោលបំណងបំភាន់សាធារណមតិ និងធ្វើឱ្យប្រជាជនបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាលប៉ុណ្ណោះ។

សំណួរទី ៣៖ រៀងរាល់ពេលដែលយោធាថៃធ្វើសកម្មភាពឈូសឆាយ និងសាងសង់សំណង់ថ្មីៗនៅលើទឹកដីដែលដណ្តើមបានពីកម្ពុជា ហេតុអ្វីបានជារាជរដ្ឋាភិបាលធ្វើការប្រតិកម្មតាមរយៈការចេញលិខិតតវ៉ាផ្សេងៗទៅកាន់ភាគីថៃ?
ចម្លើយ៖ ការតវ៉ាជាបន្តបន្ទាប់របស់កម្ពុជា គឺជាវិធានការសំខាន់ក្នុងការការពារ និងបញ្ជាក់ជំហររបស់ខ្លួនលើអធិបតេយ្យភាពតាមផ្លូវច្បាប់ និងការទូត។ ជាក់ស្តែង ការតវ៉ាទាំងនេះជាការប្រមូលផ្តុំភស្តុតាង និងធាតុចូលសំខាន់ៗ ដើម្បីគាំទ្រចំពោះការទាមទាររបស់កម្ពុជាក្នុងក្របខណ្ឌច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត វាជាការបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនបានបោះបង់សិទ្ធិក្នុងការការពារអធិបតេយ្យរបស់ខ្លួន និងមិនទទួលយកការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ណាមួយឡើយ។

លើសពីនេះ ការតវ៉ាកន្លងមក គឺជាការអនុវត្តតាមយន្តការដែលមានស្រាប់ក្នុងសេចក្តីថ្លែងការណ៍រួម និងគោលការណ៍អន្តរជាតិ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិច ឬការបង្ហូរឈាម។ ដូច្នេះ ការតវ៉ារបស់រាជរដ្ឋាភិបាលមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែ វាជាវិធីសាស្ត្រដែលមានការគិតគូរយ៉ាងហ្មត់ចត់ដើម្បីរក្សាសិទ្ធិស្របច្បាប់របស់កម្ពុជាក្នុងការការពារប្រយោជន៍ជាតិក្នុងអំឡុងពេលរង់ចាំដំណោះស្រាយពិតប្រាកដនាពេលខាងមុខ។

សំណួរទី ៤៖ តើការចោទប្រកាន់ដដែលៗរបស់ក្រុមប្រឆាំងដែលថា ប្រជាជនកម្ពុជាមិនគួរបង្ហាញការសប្បាយរីករាយអបអរពិធីបុណ្យចូលឆ្នាំថ្មី ខណៈប្រទេសជាតិកំពុងកំពុងមានបញ្ហាព្រំដែនជារឿងត្រឹមត្រូវដែរឬទេ? ហើយចំនួនភ្ញៀវទេសចរប្រមាណ ២១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានអត្ថន័យយ៉ាងដូចម្តេច?
ចម្លើយ៖ ការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ប្រជាជនកម្ពុជាមិនគួរបង្ហាញការសប្បាយរីករាយអបអរពិធីបុណ្យចូលឆ្នាំថ្មី ខណៈប្រទេសជាតិកំពុងមានបញ្ហាព្រំដែន គឺមិនមែនជារឿងត្រឹមត្រូវឡើយ។ សង្គមមួយមិនអាចបញ្ឈប់សកម្មភាពទាំងស្រុងដោយសារបញ្ហាមួយបានទេ ព្រោះការរស់នៅប្រចាំថ្ងៃ សេដ្ឋកិច្ច និងវប្បធម៌ត្រូវតែបន្តដំណើរការ។

ចំណែកតួលេខភ្ញៀវទេសចរប្រមាណ ២១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនក្នុងការរក្សាចលនាសង្គម សេដ្ឋកិច្ច និងវប្បធម៌ឱ្យបន្តទៅមុខ។ ការចូលរួមនេះមិនមែនមានន័យថា ប្រជាជនមិនខ្វល់ពីបញ្ហាព្រំដែនឡើយ ប៉ុន្តែវាបង្ហាញថា ប្រជាជនយល់ច្បាស់ពីតម្រូវការក្នុងការរក្សាស្ថិរភាពជាតិ និងការបន្តជីវភាពប្រចាំថ្ងៃដោយមិនអនុញ្ញាតឱ្យស្ថានការណ៍តានតឹងមករារាំងសេដ្ឋកិច្ចរបស់ប្រទេសឡើយ។

លើសពីនេះ ការចូលរួមយ៉ាងច្រើនបែបនេះក៏បង្ហាញពីស្មារតីសាមគ្គីភាព ភាពរឹងមាំ និងភាពធន់របស់ប្រជាជនកម្ពុជា ដែលអាចពួតដៃរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមដោយមិនបាក់ទឹកចិត្ត។ ការចូលរួមរបស់ប្រជាជននេះ ក៏ជាការឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនដែលតែងតែមានចេតនារារាំងសកម្មភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យបានភ្លឺភ្នែកថា ប្រជាពលរដ្ឋខ្មែរមិនបានផ្តល់តម្លៃសូម្បីតែបន្តិចចំពោះគំនិតប្រឆាំងបែបបំផ្លិចបំផ្លាញរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីយល់ស្របជាមួយថ្នាក់ដឹកនាំដែលបានពន្យល់អំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី៕

អត្ថបទទាក់ទង