Grand News Asia Close

Cambodia PR Team ទាក់ទងនឹងសកម្មភាពនិងជំហររបស់កម្ពុជាចំពោះការឈ្លានពាន របស់ភាគីថៃនៅតាមបណ្តោយព្រំដែន ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ ស្រាវជ្រាវ 1005
Cambodia PR Team ទាក់ទងនឹងសកម្មភាពនិងជំហររបស់កម្ពុជាចំពោះការឈ្លានពាន របស់ភាគីថៃនៅតាមបណ្តោយព្រំដែន ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងសកម្មភាពនិងជំហររបស់កម្ពុជាចំពោះការឈ្លានពាន របស់ភាគីថៃនៅតាមបណ្តោយព្រំដែន ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងសកម្មភាពនិងជំហររបស់កម្ពុជាចំពោះការឈ្លានពាន
របស់ភាគីថៃនៅតាមបណ្តោយព្រំដែន
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦


សំណួរទី ១៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេចចំពោះសកម្មភាពរបស់ភាគីថៃនៅតំបន់ព្រំដែនដែលកំពុងមានវិវាទ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឯកតោភាគី និងខុសច្បាប់របស់ភាគីថៃ នៅតំបន់ភូមិជោគជ័យ ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង។ កម្ពុជាចាត់ទុកសកម្មភាពរបស់ថៃដូចជា ការនាំពលរដ្ឋចូលទៅផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ការដាក់ពង្រាយកងកម្លាំងយោធា រថពាសដែកនៅច្រកទ្វារអន្តរជាតិអូរស្មាច់ និងការឈូសឆាយដីនៅជិតបង្គោលព្រំដែនលេខ២ ក្នុងស្រុកអន្លង់វែង គឺជាការប៉ុនប៉ងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli ) ដែលផ្ទុយនឹងកិច្ចព្រមព្រៀង និងដំណើរការកំណត់ព្រំដែនដែលកំពុងអនុវត្តដោយយន្តការរួមរវាងប្រទេសទាំងពីរ។ កម្ពុជាមិនទទួលស្គាល់ការទាមទារដែនដីណាមួយដែលកើតឡើងដោយឯកតោភាគីឡើយ ហើយអំពាវនាវឱ្យភាគីថៃគោរពកាតព្វកិច្ច និងកិច្ចព្រមព្រៀងដែលមានស្រាប់។

សំណួរទី ២៖ តើសកម្មភាពនយោបាយការទូតរបស់កម្ពុជាទាំងក្នុងនិងក្រៅប្រទេស មានតួនាទីយ៉ាងដូចម្តេចក្នុងការការពារបូរណភាពទឹកដី?
ចម្លើយ៖ នយោបាយការទូតរបស់កម្ពុជា បង្ហាញពីការចូលរួមយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។ ក្នុងកម្រិតអន្តរជាតិ ការចូលរួមកិច្ចប្រជុំកំពូល និងជំនួបទ្វេភាគីជាមួយបណ្តាប្រទេសធំៗ និងអង្គការអន្តរជាតិ គឺជាការជួយបង្កើនការដឹងលឺ និងគាំទ្រចំពោះជំហររបស់កម្ពុជាពីសំណាក់អន្តរជាតិ។ ខណៈនៅក្នុងប្រទេស ថ្នាក់ដឹកនាំបានប្រើយន្តការការទូតដូចជា ជំនួបជាមួយអង្គការអន្តរជាតិ និងប្រទេសជាមិត្ត ដើម្បីលើកឡើងពីបញ្ហាព្រំដែន និងជំរុញដំណោះស្រាយដោយសន្តិវិធី។ សកម្មភាពទាំងនេះបង្ហាញថា កម្ពុជាពឹងផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិជាគោលក្នុងការដោះស្រាយបញ្ហាព្រំដែន។ ទោះជាយ៉ាងណា វីរកងទ័ពរបស់កម្ពុជានៅតែឈរជើងយ៉ាងរឹងមាំនៅជួរមុខដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

សំណួរទី ៣៖ តើរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការអ្វីខ្លះ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍខណៈដែលប្រទេសកំពុងមានបញ្ហាព្រំដែន?
ចម្លើយ៖ ទោះបីជាមានបញ្ហាព្រំដែនកើតឡើងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញវិធានការតឹងរ៉ឹងក្នុងការស៊ើបអង្កេត និងបង្ក្រាបបទល្មើសដូចជា ករណីនាំចូលប្រេងខុសច្បាប់ ប្រសិនបើរកឃើញ រាជរដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង ព្រមទាំងបន្តអនុម័តច្បាប់សំខាន់ៗ និងអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ ដើម្បីធានាកំណើនសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន។ នេះបង្ហាញថា កម្ពុជាអាចគ្រប់គ្រងបញ្ហាសន្តិសុខ និងការអភិវឌ្ឍស្របពេលជាមួយគ្នា ដោយរក្សាបានទាំងសន្តិភាព និងវឌ្ឍនភាពរយៈពេលវែង៕

អត្ថបទទាក់ទង