Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជា Greater Israel?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1019
វិភាគអន្តរជាតិ៖ អ្វីទៅជា Greater Israel? វិភាគអន្តរជាតិ៖ អ្វីទៅជា Greater Israel?
#OP_Ed
 
(ដូហា)៖ ក្នុងឆ្នាំ២០២៤ ទាហានអ៉ីស្រាអែលម្នាក់ត្រូវបានគេថតជាប់នៅក្នុងតំបន់ហ្កាហ្សា ពាក់ស្លាកសញ្ញាមានរូបភាពផែនទី Greater Israel។ ផែនទីនេះបង្ហាញពីអ៉ីស្រាអែលជាប្រទេសក្នុងក្ដីស្រមៃមួយដែលមានព្រំដែនលាតសន្ធឹងពីទន្លេនីលក្នុងប្រទេសអេហ្ស៉ីប​ រហូតដល់ទន្លេ Euphrates ក្នុងប្រទេសអ៉ីរ៉ាក់។ Greater Israel រួមមានបញ្ចូលទឹកដីប៉ាឡេស្ទីន ហ្ស៊កដានី និងលីបង់ទាំងមូល ព្រមទាំងទឹកដីមួយផ្នែកធំរបស់ស៊ីរី អេហ្ស៉ីប អ៉ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។
 
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចាត់ទុក Greater Israel ជាបេសកកម្មដ៏ពិសិដ្ឋ និងជាប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ទឹកដីរបស់អ៉ីស្រាអែលដែលត្រូវបានអន្តរជាតិទទួលស្គាល់ មានផ្ទៃក្រឡា ២០៧៧០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែទឹកដីនៅលើផែនទី Greater Israel មានក្រឡាផ្ទៃដល់ទៅ ៥០០ ០០០គីឡូម៉ែត្រក្រឡា ឬធំជាងទឹកដីអ៉ីស្រាអែលសព្វថ្ងៃ ២៥ដង។ តើអ្វីទៅជា Greater Israel ហើយថាតើវាកំពុងក្លាយជាការពិតឬ? តាមពិតទៅ គោលគំនិត Greater Israel បានចាប់ផ្ដើមដុះពន្លករួចទៅហើយ។ ទឹកដីអ៉ីស្រាអែលសព្វថ្ងៃបូកបន្ថែមនឹងទឹកដីប៉ាឡេស្ទីនដែលអ៉ីស្រាអែលកំពុងកាន់កាប់ រួមទាំងតំបន់ Golan Heights ដែលអ៉ីស្រាអែលបានដណ្ដើមកាន់កាប់ពីស៊ីរី មានផ្ទៃក្រឡា ២៧០០០គីឡូម៉ែត្រក្រឡា រួមជាមួយនិគមជនអ៉ីស្រាអែលជិត ៨០០ ០០០នាក់ កំពុងរស់នៅដោយខុសច្បាប់លើទឹកដី ​West Bank។
 
ដើម្បីអាចបង្កើត Greater Israel អ៉ីស្រាអែលត្រូវតែលេបទាំងមូល ឬមួយផ្នែកធំនៃទឹកដីពីបណ្ដាប្រទេសចំនួន៧ រួមមានលីបង់ ហ្ស៊កដានី ប៉ាឡេស្ទីន អេហ្ស៉ីប ស៊ីរី អ៉ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតដែលមាន ប្រជាជនជាង ១២០លាននាក់កំពុងរស់នៅ។ Greater Israel ទទួលបានការគាំទ្រពីនិគមជនអ៉ីស្រាអែល និងពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៉ីស្រាអែល លោក Mike Huckabee។ តើគោលគំនិតនេះមានប្រភពចេញមកពីណា?
 
Greater Israel ត្រូវបានយកចេញពីព្រះគម្ពី Bible ដែលក្នុងនោះព្រះបានសន្យាជាមួយ Abraham ថានឹងប្រគល់ទឹកដីនៅចន្លោះទន្លេនីល និងទន្លេ Euphrates ទៅឱ្យកូនចៅជំនាន់ក្រោយរបស់លោក។ កូនចៅជំនាន់ក្រោយរបស់ Abraham រួមមានបញ្ចូលទាំងជនជាតិជ្វីហ្វ ជាពូជអម្បូររបស់អ៉ីស្រាអែលដែលត្រូវបានជឿថាជាកូនចៅជំនាន់ក្រោយរបស់កូនប្រុស Abraham គឺ Isaac។ ប៉ុន្តែកូនចៅជំនាន់ក្រោយរបស់ Abraham ក៏មានបញ្ចូលផងដែរកូនប្រុសម្នាក់ទៀតរបស់ Abraham គឺ Ismail ដែលត្រូវបានគេទទួលស្គាល់ថាជាបុព្វការីជនរបស់ជនជាតិអារ៉ាប់។ ដោយឡែក ក្នុងចំណុចផ្សេងទៀតនៅក្នុងព្រះគម្ពី Bible អ៉ីស្រាអែល ជឿថាព្រះសន្យាថានឹងផ្ដល់ទឹកដីទៅឱ្យកូនចៅជំនាន់ក្រោយរបស់ Isaac តែប៉ុណ្ណោះ។
 
បន្ទូលព្រះក្នុងគម្ពី Bible អំពីទឹកដី ត្រូវបានផ្សព្វផ្សាយបន្តដោយស្ថាបនិករបប Zionism សម័យទំនើប លោក Theodor Herzl ក្នុងឆ្នាំ១៨៩៨ ថាជាព្រំដែនរបស់អនាគតរដ្ឋជ្វីហ្វ។ រាប់ទសវត្សរ៍ក្រោយមក គោលគំនិត Greater Israel បានក្លាយទៅជាយុទ្ធសាស្ត្រមួយ។ ក្នុងឆ្នាំ១៩៨២ លោក Oded Yinon ជាអតីតមន្ត្រីក្រសួងការបរទេសអ៉ីស្រាអែលបានចេញផ្សាយយុទ្ធសាស្ត្រមួយសម្រាប់អ៉ីស្រាអែល អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ យុទ្ធសាស្ត្រនេះបានអះអាងថាសន្តិសុខរបស់អ៉ីស្រាអែលតម្រូវឱ្យមានការបែកខ្ញែកគ្នានៃបណ្ដាប្រទេសអារ៉ាប់នៅជុំវិញ។ រហូតដល់ឆ្នាំ១៩៩៦ គោលនយោបាយជាក្រដាសមួយសន្លឹកសម្រាប់លោក ណេតាន់យ៉ាហ៊ូ មានឈ្មោះថា «A Clean Break»​ បានផ្ដល់អនុសាសន៍ឱ្យបោះបង់ចោលដំណើរការសន្តិភាពក្រុង Oslo ហើយធ្វើឱ្យអ៉ីរ៉ាក់ ស៊ីរី និងលីបង់ចុះខ្សោយ។ ចាប់ពីលោក Herzl ដល់លោក ណេតាន់យ៉ាហ៊ូ ក្នុងរយៈពេលជាង១២៨ឆ្នាំ អ៉ីស្រាអែលមានគោលដៅតែមួយ នោះគឺ «ត្រូវបំបែកបំបាក់បណ្ដារដ្ឋដែលនៅជុំវិញអ្នក រហូតទាល់តែគ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានពីអ្វីដែលអ្នកចង់បាន»។
 
ទស្សនៈបែបនេះកំពុងលេចចេញជារូបរាងក្នុងពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បានបញ្ចេញយុទ្ធសាស្ត្រនៅក្នុងសំឡេងខ្សែអាត់បែកធ្លាយមួយថា «​ធ្វើអាណានិគម ដោយកុំហៅវាថាអាណានិគម»។ ផែនទីរបស់លោកបានទាមទារ ៨២ភាគរយនៃទឹកដីតំបន់ West Bank ប៉ាឡេស្ទីន ហើយបានសន្យាថានឹងបញ្ជូនបន្ថែមនិគមជនអ៉ីស្រាអែល ១លាននាក់ឱ្យទៅរស់នៅលើ ទឹកដីប៉ាឡេស្ទីន។ តាមការស្ទង់មតិមួយកាលពីខែមីនា ឆ្នាំ២០២៥ ៤៧ភាគរយនៃប្រជាជនអ៉ីស្រាអែលគាំទ្រការពង្រីកការគ្រប់គ្រងទឹកដី និងបន្តកាត់យកទឹកដីប៉ាឡេស្ទីនបន្ថែមទៀត។ ចំណែក ការគាំទ្រចំពោះ កិច្ចចរចាបង្កើតរដ្ឋប៉ាឡេស្ទីនមានតែ១១ភាគរយប៉ុណ្ណោះ។ នៅក្នុងតំបន់ហ្កាហ្សា លីបង់ ស៊ីរី និងអ៉ីរ៉ង់ សង្រ្គាមក្នុងរយៈពេល២ឆ្នាំមកនេះសឹងតែធ្លាក់ចូលទៅក្នុងព្រំដែននៃផែនទី Greater Israel ដោយដំបូងឡើយកើតចេញពីប្រតិបត្តិការយោធា ការបង្កើតតំបន់ទ្រនាប់ ក្រោយមកទៅជាប៉ុស្តិ៍យោធា ការតាំងទីលីនៅ និងការកាត់យកទឹកដីបញ្ចូលជាឧបសម្ព័ន្ធរបស់អ៉ីស្រាអែល។
 
អ៉ីស្រាអែលមិនដែលទទួលស្គាល់ព្រំដែនផ្លូវការរបស់ខ្លួនឡើយ។ ក្នុងឆ្នាំ១៩៤៨ អតីតនាយករដ្ឋមន្ត្រីដំបូងបំផុតរបស់អ៉ីស្រាអែល លោក David Ben Gurion​ បាននិយាយថាអ៉ីស្រាអែលនឹងបន្តពង្រីកទឹកដី នៅក្រោយពេលធ្វើជាតិខ្លាំងក្លា។ ចាប់តាំងពីពេលនោះមក ព្រំដែនអ៉ីស្រាអែលទាំងអស់មានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ហើយការពង្រីកទឹកដីក្លាយជារឿងអចិន្ត្រៃយ៍៕

អត្ថបទទាក់ទង