Grand News Asia Close

អ្នកសង្កេតការណ៍​អាស៊ានបន្ថែម​​វត្ត​មាននៅ​កម្ពុជា ដើម្បី​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់​ជាមួយ​ថៃ​

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1019
អ្នកសង្កេតការណ៍​អាស៊ានបន្ថែម​​វត្ត​មាននៅ​កម្ពុជា ដើម្បី​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់​ជាមួយ​ថៃ​ នាយទាហាន​ពី​ប្រទេស​សិង្ហ​បុរី​ចំនួន​២​រូប គឺ វរសេនីយ៍ត្រី WONG ZHENG, ERNEST និង​ព្រិន្ទបាលឯក SHASI KUMAR បានមក​ដល់មកកម្ពុជា។ រូបភាព ​ក្រសួងការពារជាតិ​

 

#ព័ត៌មានជាតិ

សៀមរាប​៖ កម្ពុជា​បានទទួល​ស្វាគមន៍​នាយទាហាន​បន្ថែម​ពី​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ចូលរួម​ជាមួយ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ក្នុង​គោលបំណង​ពង្រឹង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ថៃ​។

​យោងតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកស្រី ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៦ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ស្វាគមន៍​នាយទាហាន​ទាំងនេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​

នៅ​ម៉ោង​៤​រសៀល នាយទាហាន​ពី​ប្រទេស​សិង្ហ​បុរី​ចំនួន​២​រូប គឺ វរសេនីយ៍ត្រី WONG ZHENG, ERNEST និង​ព្រិន្ទបាលឯក SHASI KUMAR បានមក​ដល់ ខណៈ​មុននេះ​នៅ​ម៉ោង​១៣:៥០​នាទី​រសៀល នាយទាហាន​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២​រូប គឺ វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និង​វរសេនីយ៍ទោ MOHD ERRY BIN DUL TLDM ក៏បាន​មកដល់​ដែរ​។​

នាយទាហាន​ទាំងនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ប្រទេស​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ធានា​ការអនុវត្ត​វិធានការ​ទាំងអស់​ដែលមាន​ក្នុង​សេចក្តីប្រកាស​រួម​រវាង​កម្ពុជា និង​ថៃ​។​

លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់ថា៖ «​បេសកកម្ម​របស់​ពួកគេ គឺ​ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ធានា​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​លើ​វិធានការ​ទាំងអស់​ក្នុង​សេចក្តីប្រកាស​រួម​»​។​

នាយទាហាន​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២​រូប គឺ វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និង​វរសេនីយ៍ទោ MOHD ERRY BIN DUL TLDM ក៏បាន​មកដល់មកកម្ពុជា។ រូបភាព ​ក្រសួងការពារជាតិ

ការចូលរួម​បន្ថែម​របស់​អ្នកសង្កេតការណ៍​អាស៊ាន​នេះ បង្ហាញ​ពី​ការកើនឡើង​នៃ​ការចូលរួម​របស់​តំបន់ ក្នុងការ​ត្រួតពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​វិធានការ​បទ​ឈប់​បាញ់ និង​ការស្ដារ​ឡើងវិញ​នូវ​ស្ថិរភាព​។

កម្ពុជា​បាន​បន្ត​បញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន ព្រមទាំង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការពង្រឹង​តួនាទី និង​អាណត្តិ​របស់​ក្រុម​នេះ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​វិធានការ​ទាំងអស់​មាន​ប្រសិទ្ធភាព និង​ពេញលេញ​។

​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា វត្តមាន​បន្ថែម​នេះ នឹង​ជួយ​លើកកម្ពស់​តម្លាភាព គណនេយ្យភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា​ក៏​ស្វាគមន៍​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត ដែលមាន​បំណង​ចូលរួម​គាំទ្រ​កិច្ចការ​នេះ​ផងដែរ​។​

ក្នុង​សេចក្តីប្រកាស​ដដែល រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុ​ជា បានបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់​។​

កិច្ចព្រមព្រៀង​ទាំងនេះ រួមមាន​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥​។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ការប្តេជ្ញាចិត្ត​ទាំងនេះ មាន​គោលបំណង​ធ្វើឱ្យមាន​ការស្ដារ​ឡើងវិញ​នូវ​ប្រក្រតីភាព​យ៉ាង​ឆាប់រហ័ស និង​ធានា​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​រួម​។​

​ការមកដល់​នៃ​នាយទាហាន​បន្ថែម​នេះ បាន​បន្ថែម​សមត្ថភាព​ដល់​យន្តការ​ត្រួតពិនិត្យ​ដឹកនាំ​ដោយ​អាស៊ាន បង្ហាញ​ពី​ការខិតខំ​របស់​ដៃគូ​តំបន់ ក្នុងការ​គាំទ្រ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​ការការពារ​ការកើតមាន​ភាព​តានតឹង​ឡើងវិញ៕

-Phnom Penh Post-

អត្ថបទទាក់ទង