វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ ឈ្នះប៉ុន្មានដងក្នុងសង្រ្គាមអ៉ីរ៉ង់?
(វ៉ាស៊ីនតោន)៖ អស់រយៈពេលជិតមួយខែមកនេះ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើប្រាស់ វោហាសាស្ត្ររេដូចចុងស្រល់ មានចាប់ពីទាមទារឱ្យអ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ រហូតដល់លើកឡើងពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ខណៈមនុស្សខ្លះជឿថានេះ ជាសង្រ្គាមចិត្តសាស្ត្រ។
លោក ត្រាំ បានប្រកាសថាអ៉ីរ៉ង់បង្កការគំរាមកំហែងបន្ទាន់ដល់សហរដ្ឋអាមេរិក ប៉ុន្មានខែបន្ទាប់ពីលោកខ្លួនឯងបានអះអាងថាសហរដ្ឋអាមេរិកបានកម្ទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់ក្នុងការវាយប្រហារលើ រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។ លោក ត្រាំ បានផ្ដល់ហេតុផលជាច្រើនដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាលើអ៉ីរ៉ង់។ លោក ត្រាំ បានទាមទារឱ្យអ៉ីរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយបានសន្មត់ថាលោកបានឈ្នះសង្រ្គាមតាំងតែពីថ្ងៃដំបូងមកម្ល៉េះ។
កាលពីចុងសប្ដាហ៍កន្លងទៅ លោកបានប្រកាសថាលោកមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយអ៉ីរ៉ង់។ ដំបូងឡើយ ក្រសួងការបរទេសអ៉ីរ៉ង់បានច្រានចោលការលើកឡើងរបស់លោក ត្រាំ តែប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់រាយការណ៍ដោយទទួលស្គាល់ថាសហរដ្ឋអាមេរិកជាអ្នកចាប់ផ្ដើមកិច្ចសន្ទនាមុន។ ប៉ុន្តែ ឥលូវ កងទ័ពលោតឆត្រយោងអាមេរិក ២០០០នាក់មកពីកងពលលោតឆត្រយោងទី៨២ ត្រូវបានរាយការណ៍ថាកំពុងត្រៀមលក្ខណៈសម្រាប់ការដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីលោក ត្រាំ បានបដិសេធម្ដងហើយម្ដងទៀតដោយមិននិយាយថាតើលោកនឹងបញ្ជូនកងទ័ពថ្មើរជើង ចូលទៅកាន់អ៉ីរ៉ង់ ឬក៏យ៉ាងណាឡើយ?
* តើលោក ត្រាំឈ្នះប៉ុន្មានដងក្នុងសង្រ្គាមអ៉ីរ៉ង់?
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃទី៧ ខែមីនា លោក ត្រាំ បាននិយាយថា «យើងមិនត្រូវការអ្នកផ្សេងចូលរួមក្នុងសង្រ្គាមទេ ព្រោះយើងបានឈ្នះរួចទៅហើយ»។ ២ថ្ងៃក្រោយមក លោក ត្រាំស្រាប់តែនិយាយថាសហរដ្ឋអាមេរិកមានការងារជាច្រើនទៀតដែលត្រូវបង្ហើយ។ «យើងកំពុងសម្រេចបានភាពរីកចម្រើនដ៏ធំ ឆ្ពោះទៅរកការសម្រេចគោលដៅយោធារបស់យើង ទាំងស្រុង ហើយមនុស្សមួយចំនួនអាចនិយាយថាវាជិតសម្រេចបានហើយ»។ នេះជាការគូសបញ្ជាក់របស់លោកនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៩ ខែមីនា។
២ថ្ងៃបន្ទាប់មកទៀត លោក ត្រាំ បានប្រកាសពីជ័យជម្នះសារជាថ្មី។ លោក ត្រាំបានលើកឡើងនៅឯពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុង Hebron រដ្ឋ Kentucky កាលពីថ្ងៃទី១១ ខែមីនា ថា «យើងបានឈ្នះហើយ។ ខ្ញុំសូមប្រាប់អ្នកថាយើងបានឈ្នះហើយ។ អ្នកដឹងទេ អ្នកមិនចូលចិត្តនិយាយពីជ័យជម្នះលឿនពេកនោះទេ។ តែយើងបានឈ្នះតាំងតែពីដើមទីមកម្ល៉េះ»។ ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍ខ្លះៗពីការនិយាយចុះឡើងៗ របស់លោក ត្រាំថាតើសហរដ្ឋអាមេរិកបានឈ្នះ ឬមិនទាន់ឈ្នះក្នុងសង្រ្គាមតែប៉ុណ្ណោះ? អស់រយៈពេលជិតមួយខែមកនេះនៃសង្រ្គាមអ៉ីរ៉ង់ លោក ត្រាំ បានអះអាងមិនចេះចប់ពីជ័យជម្នះ ក្នុងនោះមានទាំងជ័យជម្នះ ខាងយោធា ឬជាជ័យជម្នះជាមូលដ្ឋាន ឬឈ្នះតាមរូបភាពជាច្រើនផ្សេងទៀត។
តែមានពេលខ្លះ លោក ត្រាំ ក៏បានសារភាពដែរថាសង្រ្គាមកំពុងបន្តធ្វើឡើង ហើយសហរដ្ឋអាមេរិកមិនទាន់ទទួលបានជ័យជម្នះគ្រប់គ្រាន់ និងត្រូវការពេលខ្លះដើម្បីបង្ហើយ។ កាលពីថ្ងៃទី២៤ ខែមីនា លោក ត្រាំ បានត្រឡប់មកនិយាយជាថ្មីថាសហរដ្ឋអាមេរិកបានឈ្នះសង្រ្គាមហើយ។ «យើងបានឈ្នះសង្រ្គមនេះ ហើយអ្នកដែលចង់ឱ្យសង្រ្គាមបន្តកើតឡើង មានតែពួកសារព័ត៌មានក្លែងក្លាយប៉ុណ្ណោះ»។ នេះជាការបន្ថែមរបស់ លោក ត្រាំ ចេញពីវិមានពងក្រពើនៃសេតវិមាន។
* ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀង?
លោក ត្រាំ បានទាមទារឱ្យអ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៦ ខែមីនា។ ការទាមទារនេះធ្វើឡើងក្នុងពេលដែលគ្មាននរណាម្នាក់ដឹងនោះទេថាតើ របបដឹកនាំអ៉ីរ៉ង់អាចនឹងដួលរលំឬក៏យ៉ាងណា អំឡុងប៉ុន្មានថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល? លើសពីនេះ លោក ត្រាំបានលើកឡើងពីកិច្ចព្រមព្រៀងមួយក្នុងក្ដីស្រមៃជាមួយអនាគត មេដឹកនាំថ្មីរបស់អ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកនឹងមានតួនាទីមួយក្នុងការជ្រើសរើស។
នៅក្នុងបទសម្ភាសន៍ជាមួយ CBS News នៅថ្ងៃបន្ទាប់ លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់បានសុំចុះចាញ់ ក្រោយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានសូមទោសបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលរងការវាយប្រហារពីអ៉ីរ៉ង់។ ដោយចង់សំដៅលើលោក Pezeshkian លោក ត្រាំ បានរៀបរាប់ថា «លោកបានសុំចុះចាញ់បណ្ដាប្រទេសទាំងអស់ក្នុងតំបន់មជ្ឈិមបូព៌ា ពីព្រោះតែលោកកំពុងព្យាយាមគ្រប់គ្រងលើ មជ្ឈិមបូព៌ាទាំងមូល»។ លោក ត្រាំ បានចាត់ទុកការសូមទោសរបស់លោក Pezeshkian ស្មើនឹងការសុំចុះចាញ់ ក្នុងពេលរូបលោកពន្យល់ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One។ «នេះជា ការសុំចុះចាញ់។ ក្នុងយប់នេះ ខ្ញុំហៅវាថាជាការសុំចុះចាញ់…នេះជាការសុំចុះចាញ់យ៉ាងពិតប្រាកដទៅកាន់រដ្ឋទាំងនោះ និងពួកយើង»។ នេះបើតាមលោក ត្រាំ។ ប៉ុន្តែចាប់តាំងពីពេលនោះមក សង្រ្គាមមិនបានធូរស្រាលទេ គឺមានតែកើនឡើងជាលំដាប់។ របបដឹកនាំអ៉ីរ៉ង់មកទល់នឹងពេលនេះក៏មិនទាន់ដួលរលំ ហើយជាជាងទទួលយកការសុំចុះចាញ់ លោក ត្រាំ ឥលូវ បែរជាងាកមកនិយាយពីកិច្ចព្រមព្រៀងក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់។ «ពួកគេ ពិតជាចង់បានកិច្ចព្រមព្រៀងមួយ ហើយយើងក៏ចង់ធ្វើកិច្ចព្រមព្រៀងមួយដូចគ្នាដែរ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមីនា ដោយបន្ថែមថាលោកផ្អាកការវាយប្រហារលើបណ្ដាញអគ្គិសនីអ៉ីរ៉ង់ ៥ថ្ងៃ។
* តើសហរដ្ឋអាមេរិកអាចនឹងបញ្ជូនទ័ពថ្មើរជើងចូលទៅកាន់អ៉ីរ៉ង់?
ចំពោះសំណួរនេះគ្មាននរណាដឹងច្បាស់ជាងលោក ត្រាំនោះទេ ហើយផ្អែកលើបុគ្គលិកលក្ខណៈរបស់លោកដែលចូលចិត្តធ្វើឱ្យគេភ្ញាក់ផ្អើល គេមិនអាចច្រានចោលលទ្ធភាពនេះបានឡើយ។ លោក ត្រាំ និងក្រុមមន្ត្រីជំនិត របស់លោកដែលធ្លាប់តែរិះគន់ការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន បានសន្យាយ៉ាងជាប់លាប់ថាសង្រ្គាមអ៉ីរ៉ង់មិនមែនជាសង្រ្គាមគ្មានទីបញ្ចប់នោះឡើយ។ ពួកគេបានប្រកាន់យក យុទ្ធសាស្ត្រមិនច្បាស់លាស់ពីអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពថ្មើរជើងចូលទៅកាន់អ៉ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃទី២៤ ខែមីនា បានរាយការណ៍ថាកងទ័ពលោតឆត្រយោង ២០០០នាក់មកពី កងពលលោតឆត្រយោងអាមេរិកទី៨២ កំពុងត្រៀមលក្ខណៈសម្រាប់ការដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈរដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើជម្រើសបន្ទាប់ក្នុងសង្រ្គាមអ៉ីរ៉ង់។
នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពថ្មើរជើង លោក ត្រាំ ជារឿយៗតែងតែឆ្លើយតបជាមួយការចំអកឡកឡើយទៅកាន់អ្នកដែលសួរសំណួរនេះ។ តួយ៉ាង អ្នកសារព័ត៌មាន Fox News ម្នាក់ ចោទសួរថាតើសហរដ្ឋអាមេរិកអាចនឹងដណ្ដើមគ្រប់គ្រងកោះ Kharg របស់អ៉ីរ៉ង់ឬ? លោក ត្រាំ បានឆ្លើយថានេះជាសំណួរដ៏ល្ងង់ខ្លៅ។ នៅថ្ងៃទី២៣ ខែមីនា នៅពេលដែលអ្នកសារព័ត៌មានលើកឡើងពីសេចក្ដីរាយការណ៍អំពីការដាក់ពង្រាយកងម៉ារីនអាមេរិកចេញពីរដ្ឋ California ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងបានសួរថាតើកងម៉ារីនទាំងនេះអាចនឹងត្រូវបានប្រើដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដែរឬទេ? លោក ត្រាំ បានឆ្លើយថា «ប្រសិនបើអ្នកជាខ្ញុំ ហើយខ្ញុំសួរអ្នកនូវសំណួរនេះវិញ តើអ្នកជឿទេថាខ្ញុំនឹងផ្ដល់ចម្លើយឱ្យអ្នក។ សួរដូចឆ្កួត»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនា ថាសហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងចរចាបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ រួមទាំងការទទួលបានសម្បទានធំមួយពី ទីក្រុងតេហេរ៉ង់ ខណៈមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនសំណើដោះស្រាយចំនួន ១៥ចំណុចទៅកាន់អ៉ីរ៉ង់។ តែនៅថ្ងៃពុធ ទី២៥ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍សម្តី អ្នកនាំពាក្យយោធាអ៉ីរ៉ង់ថា សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង រីឯកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសដែរថា ខ្លួនបានបើកការវាយប្រហារមីស៉ីលជុំថ្មីទី៨០ ប្រឆាំងអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់៕
-Fresh News-






