Grand News Asia Close

បទយកការណ៍៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពល ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ទស្សនៈ-Opinion បទយកការណ៍ 1021
បទយកការណ៍៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពល ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ បទយកការណ៍៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពល ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

អគ្គនាយដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកស្រីសន សាវិន

ស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា មិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាប្រឈមដ៏ធំមួយសម្រាប់សន្តិសុខថាមពលរបស់កម្ពុជាផងដែរ ដោយសារកម្ពុជាជាប្រទេសដែលនាំចូលប្រេងឥន្ធនៈទាំងស្រុងពីបរទេស ការប្រែប្រួលណាមួយនៅមជ្ឈិមបូព៌ា បានជះឥទ្ធិពលភ្លាមៗដល់សេដ្ឋកិច្ចជាតិ។ ខណៈនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពលដែលចេញមកពីសង្គ្រាមនៅអីរ៉ង់ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅពេលមានជម្លោះនៅមជ្ឈិមបូព៌ា តម្លៃប្រេងឆៅលើទីផ្សារពិភពលោកតែងតែហក់ឡើងខ្ពស់ប្រទេសកម្ពុជាកំណត់តម្លៃប្រេងតាមយន្តការទីផ្សារអន្តរជាតិ ។ ដូច្នេះ កាលណាមានវិបត្តិ តម្លៃសាំង និងម៉ាស៊ូតនៅតាមស្ថានីយក្នុងស្រុកនឹងឡើងថ្លៃ ដែលបង្កការលំបាកដល់ការដឹកជញ្ជូន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិថាមពលសកល កម្ពុជាបាននិងកំពុងអនុវត្តវិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាថាមពលដែលចេញមកពីសង្គ្រាមនៅអីរ៉ង់។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែតាមដាន ហើយដាក់វិធានការជាបន្តបន្ទាប់ដើម្បីធានាថា ទី១ យើងមានថាមពលអគ្គិសនីគ្រប់គ្រាន់ ទី២ ខិតខំចូលរួមចំណែកអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិបរមា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។

សំឡេងទី១«ទីមួយ គឺអគ្គិសនីកម្ពុជាដែលជាជន្ទុលដ៏រឹងមាំរបស់វិស័យថាមពលរបស់យើង ត្រូវឈរជើងឱ្យរឹងមាំ។ មានន័យថា ការផ្គត់ផ្គង់មិនឱ្យខ្វះ ហើយថ្លៃមិនឱ្យឡើង។ ទោះបីជាអគ្គិសនីកម្ពុជាត្រូវរងសម្ពាធថ្លៃ មានន័យថាថ្លៃដើមនៃការផលិតបានកើនឡើងយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺឱ្យអគ្គិសនីកម្ពុជាផ្គត់ផ្គង់ដដែល ថ្លៃដដែល ហើយមិនឡើងថ្លៃ។ បញ្ហានេះបាននិងកំពុងអនុវត្តរួចហើយ។បញ្ហាទីពីរ៖ នៅក្នុងស្លាបនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ វិធានការពីរត្រូវបានដាក់៖ គឺធ្វើម៉េចខិតខំដើម្បីឱ្យមានប្រភព យើងនៅតែអាចនាំចូលឧស្ម័ន និងប្រេងឥន្ធនៈ ដើម្បីបម្រើសេដ្ឋកិច្ច និងសង្គមកម្ពុជា»។

ឯកឧត្ដមកែវ រតនៈ បានមានប្រសាសន៍ទៀតថាក្នុងសភាពការណ៍ដ៏លំបាកនេះ គឺបើប្រៀបធៀប

ជាមួយនឹងមុនវិបត្តិ ប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសនានាក្នុងពិភពលោក មានការលំបាកក្នុងការទទួលបាននូវបរិមាណដែលខ្លួនចង់បាន មិនថាប្រេងសាំង មិនថាប្រេងម៉ាស៊ូត មិនថាប្រេងចាក់យន្តហោះ ឬមួយក៏ឧស្ម័ន LPG នោះទេ។ កម្ពុជាយើង ដោយសារការប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការធ្វើកិច្ចការជាមួយក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមកកម្ពុជា ដូចជាក្រុមហ៊ុនអាម៉េរិកកាល់តិច (Caltex) ក្រុមហ៊ុនបារាំងតូតាល់ (Total) ហើយនឹងដៃគូដទៃទៀត ទាំងក្នុង និងក្រៅប្រទេស គឺមកទល់ពេលនេះ ទោះបីជាមានការតានតឹងជាងមុនចំពោះជម្លោះនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជាយើងនៅតែមានប្រេងឥន្ធនៈគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចយើង។

សំឡេងទី២«បញ្ហាថ្លៃរាជរដ្ឋាភិបាលបានបន្តដាក់វិធានការដកពន្ធ និងអាករគ្រប់ប្រភេទទាំងអស់ ដើម្បីទី១សម្រួលកុំឱ្យថ្លៃបុកទៅរកប្រជាពលរដ្ឋ ១០០ ភាគរយ។ អីចឹង រាជរដ្ឋាភិបាលបានកាត់ពន្ធ កាត់អាករជាច្រើនប្រភេទ ដើម្បីធ្វើឱ្យថ្លៃនេះមានផលប៉ះពាល់តិចបំផុតតាមតែអាចធ្វើទៅបានដល់បងប្អូនប្រជាពលរដ្ឋ ដែលរឿងនេះបាននិងកំពុងតែអនុវត្តហើយ។ទី២ រាជរដ្ឋាភិបាលក៏បានដកអាករ និងពន្ធមួយចំនួនទៀត ដើម្បីសម្រួលដល់អ្នកនាំប្រេងចូល ពីព្រោះប្រសិនបើចំណាយថ្លៃដើមរបស់គាត់ខ្ពស់ ហើយយើងអត់ជួយទៀត អ្នកនាំប្រេង អ្នកនាំឧស្ម័ននឹងឈប់នាំចូលទៀត។ ដូច្នេះ វិធានការនេះក៏កំពុងតែបានធ្វើជាបន្តបន្ទាប់រួចហើយ»។

កំពុងអង្គុយលើម៉ូតូរង់ចាំចាក់សាំងស្ថិតក្នុងសំលៀកបំពាក់ជាអ្នកដឹកជញ្ចូន ប្អូនស្រីនិច្ចបានសម្ដែងការព្រួយបារម្ភ ខណៈដែលតម្លៃប្រេងសាំងមានការកើនឡើងមួយទ្វេជាពីរ ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបរប្អូនស្រីជា ខ្លាំង ព្រោះការងារជាអ្នកដឹកជញ្ជូនត្រូវការប្រើប្រាស់សាំងជាចាំបាច់។ ប្អូនស្រីបានសំណូមពរឱ្យរាជរដ្ឋាភិបាលជួយសម្រួលកុំឱ្យថ្លៃសាំងឡើងថ្លៃខ្លាំងពេក និងមានសាំងចាក់គ្រប់គ្រាន់ ខណៈដែលនៅការ៉ាស់សាំងមួយចំនួនមិនមានសាំងសម្រាប់ចាក់ឱ្យប្រជាពលរដ្ឋនោះទេ ។

សំឡេងទី៣«និយាយទៅបង បើការសម្រួលដែលមានសាំងចាក់គ្រប់គ្រាន់ ហើយតម្លៃអាចចុះទាបជាងហ្នឹង ជួយសម្រួលដល់សេដ្ឋកិច្ចប្រជាពលរដ្ឋច្រើន។ ធម្មតា ស្រុកខ្មែរយើង ភាគច្រើនគឺអ្នករត់ផាសអាប់ (PassApp) រត់ម៉ូតូឌុប (App) អីចឹងយើងត្រូវការប្រើជាប្រចាំថ្ងៃ ប្រសិនបើសាំងអាចនឹងធ្លាក់ធូរថ្លៃជាងហ្នឹង វាអាចសម្រួលដល់ប្រជាពលរដ្ឋយើង

សេដ្ឋកិច្ចយើងអាចនឹងរីកចម្រើនទៅមុខ។ខ្ញុំមានតែលើកម្រាមដៃដប់សំណូមពរដល់រាជរដ្ឋាភិបាល ជួយសម្រួលតម្លៃអាចឱ្យចុះធូរថ្លៃជាងហ្នឹង ជួយសម្រួលដល់ប្រជាពលរដ្ឋយើង»។

ងាកមកលោកពូឡុង ជាអ្នករត់ផាសអាប់ បានត្អូញត្អែរអំពីការឡើងថ្លៃនៃប្រេងឥន្ធនៈ ជាពិសេសហ្គាស និងម៉ាស៊ូត ដែលបានប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់ក្នុងការរត់តាក់ស៊ី ឬសេវាដឹកជញ្ជូនតាម App។ លោកពូបានសំណូមពរឱ្យមានការបញ្ចុះតម្លៃ ដើម្បីឱ្យពួកគាត់អាចសល់ប្រាក់ចំណេញខ្លះសម្រាប់ជីវភាព។

សំឡេងទី៤«ឥឡូវខ្ញុំសុំឱ្យ ចុះតម្លៃទាបជាងហ្នឹង ព្រោះអីឥឡូវពិបាករកស៊ី ហើយណាមួយខាង App អត់បានឱ្យយើងឡើងថ្លៃទេ តម្លៃនៅដដែល។ កាលមុនអាចសល់មួយថ្ងៃ ៣-៤ ម៉ឺន ឥឡូវចាក់តែហ្គាសអស់ ព្រោះអីហ្គាសឡើងពាក់កណ្តាល។ បើសិនជាអាចចុះមកវិញ ប្រហែលជាល្អ ព្រោះ អី យើងរកស៊ីខាងហ្នឹង ព្រោះយើងត្រូវការប្រើហ្គាសជាចាំបាច់ ។ បើសិនជាចុះក្រោមហ្នឹងទៀត អាច ចំណេញ គួរសមបង ។ ហ្គាសកាលមុនរត់ចាក់មួយថ្ងៃ ១ ម៉ឺនជាងឬ ២ ម៉ឺន តែឥឡូវចាក់មួយថ្ងៃ ដល់ ទៅ ៤ ម៉ឺនឬ ៥ ម៉ឺនឯណោះ»។

ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ស្ថិតក្នុងដំណាក់កាលនេះ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ការប្រតិបត្តិករ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅមានលំនឹងដែលជាចំណុចមួយធ្វើឱ្យមានចំណូលគ្រួសារនៅធម្មតា អ្នកប្រើប្រាស់នៅតែដំណើរការធម្មតា ហើយនឹងអ្នកនាំចូលនិងចែកចាយក៏មានលំនឹង ដែលអាចរក្សាខឿនសេដ្ឋកិច្ចជាតិ។នេះគឺជាយុទ្ធសាស្ត្រមួយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដែលបានគិតគូរអំពីរឿងនេះ ពីព្រោះការឡើងចុះនៃសេដ្ឋកិច្ចថាមពល វាតែងតែមានការប្រែប្រួល ហើយរាជរដ្ឋាភិបាលខិតខំស្វះស្វែងធ្វើយ៉ាងណាឱ្យ មានប្រេងឥន្ធនៈគ្រប់គ្រាន់ ទោះបីជាមានការកើនឡើងនូវតម្លៃក៏ដោយ។

សំឡេងទី៥«ខ្ញុំសំណូមពរទៅដល់គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ហើយជាពិសេសតួអង្គសេដ្ឋកិច្ច ទាំងតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ តំបន់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធ សូម រក្សា ភាពធម្មតា យ៉ាងច្រើនមួយរយៈគឺវាត្រូវបត់ទៅវិញ អីចឹងអ្វីដែលសំខាន់គឺភាពចាស់ទុំនៃការងារ នយោបាយសេដ្ឋកិច្ច ឬក៏ការងាររកស៊ីទាំងអស់ហ្នឹង សូមឱ្យរក្សាភាពនឹងនរធ្វើការធម្មតា ការងារធម្មតា ហើយការសម្រុះសម្រួល ដើម្បីកុំឱ្យវាមានការប្រែប្រួល ឧទាហរណ៍ថាពេលកន្លងមក ចំណាយ ចំណូល សកម្មភាព យើងចំណេញយក ៣០ ភាគរយ ឬ ១០ ភាគរយ ឬក៏ ៥ ភាគរយ។អីចឹងយើងយកកំណត់មធ្យមភាគកន្លែងណាមួយដែលអាចចំណូលចំណេញតិច តែឱ្យវានៅដើរធម្មតា នេះគឺជាការរក្សាលំនឹងសេដ្ឋកិច្ច។ អីចឹងសូមឱ្យតួអង្គសេដ្ឋកិច្ចយើងបានដឹងហើយថា រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល ប្រជាជនឌីជីថល។ អីចឹងគោលនយោបាយរបស់រដ្ឋាភិបាលដាក់មក អ្នកសេដ្ឋកិច្ចក៏ត្រូវតែអនុវត្តតាមហ្នឹង ហើយអ្នកប្រើប្រាស់នាំគ្នាគាំទ្រតាមហ្នឹងទៅ លំនឹងនៃសេដ្ឋកិច្ចជាតិគឺនៅធម្មតា។ខ្ញុំគិតថាធម្មតា ជាពិសេសគឺរាជរដ្ឋាភិបាលមានភាពចាស់ទុំនឹងនរហើយ ប៉ុន្តែអ្នកសេដ្ឋកិច្ចក៏ត្រូវតែនឹងនរ មិនត្រូវឆ្លៀតឱកាសនេះបង្កបាតុភូតគេហៅថា ត្រីងៀតឆ្លៀតពងទេ»។

ជាថ្មីម្ដងទៀតឯកឧត្ដមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល • បានស្នើសុំឱ្យសាធារណជនចូលរួមសន្សំសំចៃប្រេងឥន្ធនៈនិងឧស្ម័នLPG ដោយការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់និងលើកទឹកចិត្តឱ្យតាមលំនៅឋានងាកមកប្រើប្រាស់ចង្ក្រានអគ្គិសនីជំនួសការប្រើហ្គាស LPG វិញ ព្រោះតម្លៃអគ្គិសនីមិនមានការកើនឡើងទេ។

សំឡេងទី៦«សូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ។ យើង

ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការជួយប្រើប្រាស់ និងសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទ ហើយជាពិសេសឧស្ម័ន LPG នេះតែម្តង។តើយើងអាចជួយយ៉ាងម៉េចបាន? ឧទាហរណ៍ តាមលំនៅឋានមួយចំនួនដែលយើងប្រើ LPG យើងអាចដូរមកជាការប្រើប្រាស់ចង្ក្រានអគ្គិសនីបាន។ យើងខ្ញុំសូមសំណូមពរឱ្យបងប្អូនពិចារណាជួយទិញចង្ក្រានអគ្គិសនី ព្រោះតម្លៃអគ្គិសនីរបស់យើងមិនឡើងថ្លៃ ហើយជួយសន្សំឧស្ម័ន LPG ឱ្យសង្គម។អញ្ចឹងប្រសិនបើយើងធ្វើដូច្នេះបាន ឧស្សាហកម្មមួយចំនួនធ្វើដូច្នេះបាន គឺយើងអាចទុកឧស្ម័ន LPG ដែលលំបាកនេះ យកទៅឱ្យបងប្អូនរត់តាក់ស៊ី បងប្អូនរត់ផាស្អាប់ហើយបងប្អូនតាមភោជនីយដ្ឋានធំៗដែលគាត់អត់អាចទៅកែអីក្រៅពីប្រើហ្គាស ដើម្បីចម្អិនអាហារបាន។ចូលរួមទាំងអស់គ្នា ដើម្បីឆ្លងការលំបាក ប៉ុន្តែតែក៏មិនត្រូវមានការភ័យខ្លាចរហូតទៅដល់ស្លន់ស្លោដែរ ដោយសារតែយើងនៅតែបន្តនាំឧស្ម័ន LPG ជាបន្តបន្ទាប់តាមរយៈក្រុមហ៊ុនផ្សេងៗទៀត»។

ជាមួយគ្នានេះដែរឯកឧត្ដមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ អគ្គិសនីដោយសន្សំសំចៃផងដែរ ទោះបីជាថាមពលអគ្គិសនីមានការផ្គត់ផ្គង់គ្រប់គ្រាន់ និងមិនឡើងថ្លៃក៏ដោយ ក៏ការសន្សំសំចៃនៅតែជាកត្តាចាំបាច់ ដើម្បីយកថាមពលដែលនៅសល់ទៅជួយដល់វិស័យឧស្សាហកម្ម កសិកម្ម និងការប្រើប្រាស់យានយន្តអគ្គិសនី (EV)ជាដើម។

សំឡេងទី៧«បញ្ហាអគ្គិសនីក៏ដូចគ្នា ថ្វីត្បិតតែអគ្គិសនីរបស់កម្ពុជាយើងមានគ្រប់គ្រាន់ ថ្លៃយើងមិនឡើង ប៉ុន្តែសូមឱ្យមានការប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ។ឧទាហរណ៍ ដូចជាការបើកម៉ាស៊ីនត្រជាក់កុំឱ្យបើក ១៨ ដឺក្រេ យើងដាក់ម៉ាស៊ីនត្រជាក់ ២៥ ២៤ យើងអាចមានផាសុកភាព ហើយជួយសន្សំសំចៃភ្លើង។ អញ្ចឹងប្រសិនបើយើងជួយសន្សំសំចៃភ្លើងបន្តិចៗម្នាក់តាមការិយាល័យ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូន ដូចជាការប្រើឡាន EV ជាដើម។ ហើយរាជរដ្ឋាភិបាលកំពុងតែធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីតាមដានការវិវត្តទៅមុខទៀត ខំរកប្រភពថ្មីៗមកផ្គត់ផ្គង់ឱ្យកម្ពុជា ជាពិសេសតាមដានថ្លៃតទៅទៀត ដើម្បីរកលទ្ធភាពទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីជួយចូលរួមចំណែកក្នុងភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចយើងទាំងមូល»។

ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងនៃតម្លៃប្រេងសាំងនៅលើទីផ្សារសកល និងដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូត ៖

១-បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។

២-បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល

៣-ពន្ធគយ ០ (សូន្យ) ដុល្លារ

៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាសូត ៤% មក ០% និងបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។ ដូច្នេះ វិធានការទាំងនេះបានជួយទប់ទល់មិនឱ្យតម្លៃប្រេងសាំងនៅកម្ពុជាហក់ឡើងខ្ពស់ខ្លាំងពេក បើធៀបនឹងបណ្តាប្រទេសជិតខាងមួយចំនួន និងជួយរក្សាលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិត៕

អត្ថបទទាក់ទង