Grand News Asia Close

គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃតាហ៊ូ បញ្ចូលសមាជិកថ្មី ៤០០នាក់

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1013
គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃតាហ៊ូ បញ្ចូលសមាជិកថ្មី ៤០០នាក់ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃតាហ៊ូ បញ្ចូលសមាជិកថ្មី ៤០០នាក់

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ស៊ា ម៉ៅ សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុងស្ទឹងសែន និងជាប្រធានក្រុមការងារគណបក្ស​ចុះមូល​ដ្ឋានសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់នៃក្រុងស្ទឹងសែន បានអញ្ជើញប្រកាស​បញ្ចូល​សមាជិកគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រៃតាហ៊ូចំនួន ៤០០នាក់។

លោកបណ្ឌិត បានសំដែងការអបអរសាទរចំពោះបងប្អូនទាំងអស់ និងជាពិសេសក្មួយៗ​ជាយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បី​រួមគ្នាប្រមូលជាកម្លាំងបន្ថែម ក្នុងការការពារសមិទ្ធផលសង្គមជាតិ និងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនជឿនលឿនទៅមុខ។ គណបក្សប្រជាជន​កម្ពុជា​តែងតែនៅជាមួយបងប្អូន រួមសុខ រួមទុក្ខ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

លោកបណ្ឌិត បានមានប្រសាសន៍ថា ក្នុងនាមសមាជិក​ សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងដើម្បីឧត្តម​ប្រយោជន៍​របស់ប្រជាជន និងមានទស្សន: គោលជំហរ សកម្មភាព ឯកភាពគ្នា​ ជឿជាក់លើ​ការ​ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ទស្សនវិស័យវែងឆ្ងាយរបស់រាជ​រដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ស៊ា ម៉ៅ បានគូសរំលេចផងដែរពីការឈ្លានពាន​របស់ថៃ ក៏ដូចជាការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ លោក ស៊ា ម៉ៅ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ដែល​គូស​ដោយភាគីថៃទេ គឺរាជរដ្ឋាភិបាលទទួលស្គាល់តែខ្សែបន្ទាត់ព្រំដែន ដែលកំណត់​ដោយសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ១៩០៤និង១៩០៧ និងផែនទីអម​សន្ធិ​សញ្ញា និងអនុសញ្ញានេះតែប៉ុណ្ណោះ។

លោកបន្តថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់ស្ងាត់តែមិនស្ងៀម ដោយមិន​ទទួលស្គាល់​ខ្សែព្រំដែនដែលកើតចេញពីការឈ្លានពាន ឬការកាន់កាប់ដោយយោធា ឬការកាត់យកទឹកដីរបស់សៀមនោះទ្បើយ។

លោកបណ្ឌិត ស៊ា ម៉ៅ ក៏បានលើកឡើងអំពីគោលបំណង ឧត្តមគតិ ទស្សនៈនយោ​បាយ និងអត្តសញ្ញាណដើមរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់​ប្រជា​ជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយធ្វើសកម្មភាពដោយតម្កល់ផល​ប្រយោជន៍ប្រជាជនជាធំ និងឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយ​ប្រជាជន​នៅ​គ្រប់កាលៈទេសៈ។

លោកបណ្ឌិត ក៏បានលើកឡើងជូនសមាជិក សមាជិកាថ្មីទាំងអស់ ឱ្យបានជ្រាបផងដែរ អំពីយុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យមួយចំនួន ដែលបានដាក់ចេញដោយ​លោក អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការ​ងារ​គណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ក្រោមការចង្អុលបង្ហាញណែនាំរបស់លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុមការ​ងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាមូលដ្ឋានគាំទ្រ​ដ៏រឹង​មាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការ​បោះ​ឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ៕

អត្ថបទទាក់ទង