Grand News Asia Close

ក្រុមគ្រួសារ​ជនភៀសសឹក រួមទាំងកុមារ ស្ដ្រីមាន​ផ្ទៃពោះ​នៅព្រះវិហារ​គាំទ្រ​សុខភាព និង​អាហារូបត្ថម្ភ

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 1011
ក្រុមគ្រួសារ​ជនភៀសសឹក រួមទាំងកុមារ ស្ដ្រីមាន​ផ្ទៃពោះ​នៅព្រះវិហារ​គាំទ្រ​សុខភាព និង​អាហារូបត្ថម្ភ គ្រួសារ​ចំនួន ៨៥០ បានទទួល​ជំនួយ​ស្បៀងអាហារ ខណៈ​កុមារ ១,២០០ នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ចំនួន ៤៧៤ នាក់ ទទួលបាន​កញ្ចប់​អាហារូបត្ថម្ភ នៅតាម​តំបន់​សុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ​។ រូបថត សហការី

ខេត្តព្រះវិហារ៖ គ្រួសារ​ជាច្រើន​ក្នុង​ខេត្តព្រះវិហារ ​ទទួល​បាន​​សេវា​ថែទាំ​សុខភាព និង​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ តាមរយៈ​គម្រោង​មនុស្សធម៌​មួយ ដែលមាន​គោលបំណង​ដោះស្រាយ​ការលំបាក​បន្ត​អូសបន្លាយ​នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​។​

កម្មវិធី​នេះ អនុវត្ត​ដោយ World Vision ដោយមាន​ការគាំទ្រ​ពី Grab បានផ្តល់​ជំនួយ​ស្បៀងអាហារ កញ្ចប់​អាហារូបត្ថម្ភ និង​សេវា​សុខាភិបាល​ចល័ត ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​តំបន់​នានា ក្នុង​ខេត្ត​នេះ​។​

យោងតាម​អង្គការ បាន​ឱ្យដឹងថា​ គ្រួសារ​ចំនួន ៨៥០ បានទទួល​ជំនួយ​ស្បៀងអាហារ ខណៈ​កុមារ ១,២០០ នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ចំនួន ៤៧៤ នាក់ ទទួលបាន​កញ្ចប់​អាហារូបត្ថម្ភ នៅតាម​តំបន់​សុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ​។​

បុគ្គលិក​សុខាភិបាល​ក៏បាន​ចុះ​ផ្សព្វផ្សាយ​សុខភាព​តាម​សហគមន៍ តាមដាន​ក្រុម​ងាយ​រងគ្រោះ និង​ផ្តល់​សេវា​ថែទាំ​សុខភាព​សម្រាប់​មាតា និង​ទារក ដើម្បី​បង្ការ បញ្ហា​អាហារូបត្ថម្ភ​អន់ និង​ធានា​ការទទួលបាន​សេវា​ចាំបាច់​ទាន់ពេលវេលា​។​

លោកជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ នៅកម្ពុជា បានថ្លែង​ថា​៖ «​ការទទួលបាន​សេវា​សុខាភិបាល​មានគុណ​ភាព គឺជា​មូលដ្ឋាន​សម្រាប់​សុខុមាលភាព​របស់​សហ​គម​ន៍​ទាំងមូល ជាពិសេស​សម្រាប់​ក្រុម​ងាយ​រងគ្រោះ ដូចជា កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ជាពិសេស​នៅពេល​មានការ​លំបាក​»​។​

ក្រៅពី​ការ​ផ្តល់ជំនួយ​ផ្ទាល់ គម្រោង​នេះ​ក៏បានផ្តល់​ម៉ូតូ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត និង​មណ្ឌល​សុខភាព​ក្នុងស្រុក ដើម្បី​ជួយ​ឱ្យ​បុគ្គលិក​សុខាភិបាល​អាចធ្វើ​ដំណើរ​ទៅដល់​តំបន់​ឆ្ងាយ និង​លំបាក​បាន​ងាយស្រួល​ជាង​មុន​។ ជំនួយ​នេះ​ត្រូវបាន​រំពឹងថា នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ការចុះ​សួរសុខទុក្ខ​តាម​ផ្ទះ ការឆ្លើយតប​បន្ទាន់ និង​ការតាមដាន​អាហារូបត្ថម្ភ​នៅ​តំបន់​ជនបទ​។​

អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​សហការ​ជាមួយ​អង្គការ​មនុស្សធម៌ ដើម្បី​ធានាថា ជំនួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត​។​

លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានថ្លែង​ថា​៖ «​យើង​ប្តេជ្ញា​ឈរ​ជាមួយ​សហគមន៍​ក្នុង​គ្រា​លំបាក និង​ធានាថា​គ្រួសារ​ដែល​ត្រូវការ​ជំនួយ ទទួលបាន​ការគាំទ្រ​ទាន់ពេលវេលា​»​។​

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​មនុស្សធម៌​ទូលំទូលាយ ដែល​កំពុង​គាំទ្រ​ប្រជាពលរដ្ឋ​ប្រមាណ ១៤៥,០០០ នាក់ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន ខណៈ​អង្គការ​ពាក់ព័ន្ធ​បន្ត​ផ្តល់​អាទិភាព​លើ​តម្រូវការ​សុខភាព និង​អាហារូបត្ថម្ភ​បន្ទាន់​។​

​ទោះបី​មានការ​រីកចម្រើន​ក៏ដោយ ក៏​នៅតែមាន​បញ្ហា​ប្រឈម​ក្នុង​ការធានា​ការចូល​ដំណើរការ​សេវា​សុខាភិបាល និង​អាហារូបត្ថម្ភ​យូរអង្វែង​នៅ​តំបន់​ដាច់ស្រយាល ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្តល់​សេវាកម្ម​នៅតែមាន​កម្រិត​។

អង្គការ​មនុស្សធម៌​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ត និង​កិច្ចសហការ​ខ្លាំង​បន្ថែម ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៕

-Phnom Penh Post-
———————

អត្ថបទទាក់ទង